ភ្នំពេញ ៖ លោក គ្រីស ហ៊ែលហ្សឺ (Chris Helzer) អនុប្រធានក្រុមហ៊ុន NIKE ទទួលបន្ទុកផ្នែកពាណិជ្ជកម្មសាកល និងកិច្ចការរដ្ឋាភិបាល ដែលជាអ្នកបញ្ជាទិញដ៏ធំ លើផលិតផលសម្លៀកបំពាក់ និងស្បែកជើង នៅក្នុងប្រទេសកម្ពុជា បានសម្ដែងការ កោតសសើរ ពីការរីកចម្រើនរបស់ប្រទេសកម្ពុជា នៅក្នុងវិស័យនេះ។
ការថ្លែងកោតសរសើរ ពីតំណាង ក្រុមហ៊ុន NIKE ពិភពលោក បានធ្វើឡើងកាលពី រសៀលថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩នៅក្នុងជំនួបពិភាក្សាលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា។ លោក គ្រីស ហ៊ែលហ្សឺ (Chris Helzer) អនុប្រធានក្រុមហ៊ុន NIKE ទទួលបន្ទុកផ្នែកពាណិជ្ជកម្មសាកល និងកិច្ចការរដ្ឋាភិបាល បានគូសបញ្ជក់ថា NIKE មានមោទនភាព ដែលបានបង្កើតការងារជូនប្រជាជនកម្ពុជា ៤៥,០០០នាក់ តាមរយៈរោងចក្រផលិតសម្លៀកបំពាក់ និងស្បែកជើងជាដៃគូចំនួន៧ ហើយបច្ចុប្បន្នក្រុមហ៊ុនកំពុងស្វែងរកឱកាសពង្រីកទីផ្សារ ដើម្បីនាំយកនូវភាពជោគជ័យបន្ថែមទៀតជូនប្រជាជន និងប្រទេសកម្ពុជា។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណក្រុមហ៊ុន NIKE ដែលបានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកបានជម្រាបលោក គ្រីស ហ៊ែលហ្សឺ អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការចូលរួមអនុវត្តកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល, ការចរចាធ្វើពិពិធកម្មទីផ្សារ, ការចូលរួមបង្កើតប្លុកពាណិជ្ជកម្មសេរី និងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសដៃគូអាស៊ាន។
លោករដ្ឋមន្ត្រី ក៏បានជម្រាបតំណាងក្រុមហ៊ុន NIKE អំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកស្ទួយឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការកាត់បន្ថយការិយាធិបតេយ្យ, ការជំរុញតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល, ការកាត់បន្ថយតម្លៃអគ្គិសនី និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបគម្រោងវិនិយោគធំៗ ជាដើម៕
Source: Kampuchea Thmey Daily
0 Comments