ភ្នំពេញ ៖ នារីម្នាក់ បានស្គាល់គ្នាតាមហ្វេសប៊ុក បានជាងកន្លះខែ ខាងប្រុសគេសុំណាត់ដើរលេង ផ្សារទំនើបសុវណ្ណា ដោយប្រើល្បិចឲ្យនារីរងគ្រោះដាក់កាបូបក្នុងកែបម៉ូតូ ខ្លាចចោរឆក់ រួចក៏បើករត់គេចបាត់ ធ្វើឲ្យនាងយំសោកបោកខ្លួន ព្រោះស្ដាយចិត្ត មិនគួរណាអាយុច្រើនដែរហើយ នៅតែចាញ់ល្បិចកលប្រុសចរិតឆ្កែបែបនេះសោះ។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខផ្សារទំនើបសុវណ្ណា ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
ជនរងគ្រោះ ឈ្មោះ វណ្ណ សុគន្ធា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនស្រាបៀរកម្ពុជា ស្នាក់នៅបន្ទប់ជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់ ស្គាល់បុរសម្នាក់ ប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Love Reach បានប្រហែលជិតកន្លះខែ មកហើយ និងបាននិយាយគ្នាលេងតាមឆាត រហូតដល់ព្រឹកមិញនេះ បុរសនោះបានណាត់ខ្លួនបបួលទៅដើរកម្សាន្តនៅមាត់ទន្លេ និងផ្សារទំនើប ក្រោយមក ក៏ព្រមដើរលេងជាមួយគ្នាតាមរបៀបអ្នកទើបស្គាល់គ្នាថ្មោងថ្មី។
ប្រភពបន្ដថា បុរសនោះ ជិះម៉ូតូម៉ាកហុងដាស្កូពី ពណ៌ស មិនចាំស្លាកលេខ មុនពេលជិះ គេបានឲ្យនាងដាក់កាបូបក្នុងកែបម៉ូតូរបស់គេ ព្រោះខ្លាចចោរឆក់ មានទៅដឹងថា អ្នកឌុបនឹងជាចោរឯណា គឺជាចោរលាក់មុខទៀតផង លុះជិះម៉ូតូមកដល់ចំណុចផ្សារទំនើបសុវណ្ណា ក៏បានឈប់ម៉ូតូ ហើយបុរសនោះក៏បានឲ្យគាត់ចុះពីលើម៉ូតូសិន ដើម្បីយកម៉ូតូទៅផ្ញើនៅកន្លែងសន្តិសុខ តែដឹងអី មុខមាត់ស្អាតបាត បែរជាចរិតអន់ជាងឆ្កែទៅទៀត បើកម៉ូតូរត់គេចខ្លួនចោលនាងបាត់ ហើយកាបូបគាត់ដែលទុកក្នុងកែបម៉ូតូនោះមានសម្ភារៈដូចជា ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកអាយហ្វូនសិក និងម៉ាកសាំងសុង រួមនឹងលុយដុល្លារជិត២០០ដុល្លារ សៀវភៅធនាគារ និង ប័ណ្ណ ប ស ក ត្រូវបាត់បង់អស់គ្មានសល់អ្វីឡើយ។
នារីរងគ្រោះបន្តថា ទ្រព្យសម្បត្តិលុយកាក់ និងទូរស័ព្ទប៉ុណ្ណឹង វាមិនសំខាន់ទេ តែនាងតូចចិត្ត កើតមកអាយុប៉ុណ្ណឹងហើយ នៅតែចាញ់បោកគេទៀត ទើបឲ្យសមត្ថកិច្ចមេត្តាជួយស្រាវជ្រាវតាមចាប់អាប្រុសព្រាន មកដាក់ទោស ចាត់ការតាមផ្លូវច្បាប់ កុំឲ្យមនុស្សអាក្រក់មុខស្អាតចឹងទៅបោកស្រីៗបានទៀត៕
Source: Kampuchea Thmey Daily
0 Comments