•ឈាន ហុង ជួប ធឿន វិថាត់
ប្រដាល់ ៖ វេង សុភ័ក្រ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ត្រូវអ្នករៀបចំកម្មវិធីប្រដាល់នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍ ផ្គូផ្គងឲ្យជួបប្រកួតជាមួយអ្នកប្រដាល់ថៃយ៉ត បានភុត(Yorth Banphut) នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩នេះ នៅលើសង្វៀនBoostrong Fighter On Fire របស់SEATV។
វេង សុភ័ក្រ អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ជួបប្រកួតជាមួយ យ៉ត បានភុត ក្នុងប្រភេទទម្ងន់ ៦៣,៥០០គីឡូក្រាម។ វេង សុភ័ក្រ ជាជើងខ្លាំងមួយរូប ដែលការប្រកួតរបស់គេទោះឈ្នះក្តី ចាញ់ក្តី មានមានលក្ខណៈតឹងតែងបំផុត ពោលគឺមិនមាននរណាយកឈ្នះលើរូបគេដោយផុយស្រួលនោះឡើយ។
អ្នកណាក៏គេដឹងថា វេង សុភ័ក្រ ជាជើងខ្លាំងដែរ ទោះបីជាវាយចាញ់ ក៏មិនអាចចាញ់ដោយងាយៗបានដែរ។ យ៉ាងណា ពេលនេះ សុភ័ក្រ ត្រូវបានជួបប្រកួតជាមួយយ៉ត បានភុត ដែលជាអ្នកប្រដាល់ជើងខ្លាំងរបស់ថៃ និងជាម្ចាស់ខ្សែក្រវាត់ទៀត មិនដឹងថាឈ្នះ ឬចាញ់នោះទេ?។ វេង សុភ័ក្រ មិនធ្លាប់ដែលជួបជាមួយយ៉ត បានភុត នេះទេកន្លងមក។
វេង សុភ័ក្រ មានការស្រុតចុះនៅក្នុងការប្រកួតប៉ុន្មានប្រកួតចុងក្រោយនេះ។ ការឡើងប្រកួត៣ប្រកួតចុងក្រោយនេះ គេមិនទាន់ឈ្នះនៅឡើយទេគឺចាញ់២ ស្មើ១ប្រកួត។ ការប្រកួតលើកចុងក្រោយនេះ វេង សុភ័ក្រ វាយចាញ់ Loom Leng ដោយពិន្ទុ កាលពីថ្ងៃទី០២មីនាកន្លងមកនេះ។ អ្នកប្រដាល់រូបនេះ វាយរាងមើលងាយគូប្រកួតបន្តិច នៅពេលដែលមើលឃើញគូប្រកួតរាងអន់ជាងខ្លួននោះ។
សុភ័ក្រ ជាអ្នកប្រដាល់ម្នាក់ ដែលប្រកួត និងផ្ដួលគូប្រកួតដោយសារតិចនិកកណ្ដាប់ដៃ កែង និង ជង្គង់។ យ៉ាងណា ប៉ះជាមួយយ៉ត បានភុត លើកនេះ ក៏រាងយ៉ាប់ដែរ។
យ៉ត បានភុត គេក៏ជាជើងខ្លាំងមួយរូប និងជាម្ចាស់ខ្សែក្រវាត់ទៀត។ គេមានប្រវត្តិប្រកួត៦០លើក ដោយវាយឈ្នះ៥១លើក ចាញ់០៩លើក មិនដែលស្មើ ខណៈដែល វេង សុភ័ក្រ មានប្រវត្តិប្រកួត៨៥លើក ឈ្នះ៧១លើក ចាញ់១៣លើក និងស្មើ០១លើក។ ចាំមើល វេង សុភ័ក្រ និង យ៉ត បានភុត តើនរណាជាអ្នកឈ្នះនោះ?។
ចំពោះការប្រកួតរវាងខ្មែរ និងខ្មែរវិញ ឈាន ហុង អ្នកប្រដាល់ជើងចាស់ នៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងជួបប្រកួតជាមួយ ធឿន វិថាត់ អ្នកប្រដាល់ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែង ដោយប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម។
ផាន រះ អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ត្រូវជួបប្រកួតជាមួយសូត្រ ខេវិន អ្នកប្រដាល់ក្លិបបក្សីស្លាបដែក។ ពីរនាក់នេះ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ ចំណែក ម៉ន ខួច អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ប្រកួតជាមួយ ជី ឆៃលី អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដោយប្រកួតក្នុងទម្ងន់៥៤គីឡូក្រាម ហើយ ធី ផានិត អ្នកប្រដាល់ក្លិបអេភូថងកីឡា ជួបប្រកួតជាមួយ អេលីត វាសនា អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ ក្នុងទម្ងន់៥៤គីឡូក្រាមដែរ៕
Source: Kampuchea Thmey Daily
0 Comments