អាជ្ញាធរបាននិយាយថា អតីតសិស្សពីរនាក់បានបាញ់សម្លាប់មនុស្ស៨នាក់ ដែលភាគច្រើនគឺជាសិស្សនិងបុគ្គលិកនៅវិទ្យាល័យមួយក្បែរទីក្រុង Sao Paulo នៃប្រទេសប្រេស៊ីលកាលពីថ្ងៃពុធមុនពេលបាញ់សម្លាប់ខ្លួនឯង។
លោកវរសេនីយ៍ឯក Marcelo Sales បាននិយាយថា អ្នកវាយប្រហារពីរនាក់បានសម្រុកចូលទៅក្នុងបរិវេណសាលារៀននៅពេលព្រឹកព្រលឹមជាមួយកាំភ្លើងវែងនិងអាវុធមួយដែលមើលទៅដូចជាធ្នូនិងព្រួញ។
បន្ទាប់ពីបាញ់សម្លាប់សិស្សនៅក្នុងទីធ្លា អ្នកវាយប្រហារបានឆ្ពោះទៅមជ្ឈមណ្ឌលភាសាដែលនៅទីនោះសិស្សជាច្រើនកំពុងលាក់ខ្លួន។
រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈទីក្រុង Sao Paulo លោក Joao Pires de Campos បាននិយាយថា ជនរងគ្រោះក្នុងករណីនេះមានសិស្ស៥នាក់អាយុពី១៥ទៅ១៧ឆ្នាំ មន្ត្រីសាលារៀនពីរនាក់អាយុ៣៨និង៥៩ឆ្នាំនិងម្ចាស់កន្លែងលាងឡានអាយុ៥១ឆ្នាំម្នាក់ដែលត្រូវបានបាញ់សម្លាប់ដោយអ្នកវាយប្រហារមុនពួកគេមកដល់សាលារៀន។
មនុស្ស១១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ប្រហារនៅសាលាសាធារណៈ Raul Brasil ក្នុងតំបន់ Suzano ជាយក្រុង Sao Paulo ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។
អ្នកវាយប្រហារទាំងពីរត្រូវបានគេកំណត់ថាជាអតីតសិស្សដែលមានអាយុ១៧និង២៥ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ហេតុផលសម្រាប់ការវាយប្រហារនេះមិនត្រូវបានគេដឹងនោះទេ។
អាជ្ញាធរនិយាយថា ការវាយប្រហារនេះបានកើតឡើងនៅប្រហែលម៉ោង៩:៣០នាទីព្រឹកអំឡុងពេលការសម្រាកសម្រាប់សិស្សានុសិស្សមួយចំនួន។
គួរបញ្ជាក់ថា វាមិនមែនជាការបាញ់ប្រហារសម្លាប់រង្គាលក្នុងសាលារៀនលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប្រេស៊ីលនោះទេ។
នៅខែមេសាឆ្នាំ២០១១ អតីតសិស្សម្នាក់បានសម្លាប់ក្មេងៗសិស្សសាលាជាច្រើននាក់និងរងរបួសជាច្រើននាក់ទៀតមុនពេលបាញ់សម្លាប់ខ្លួនឯងក្នុងសាលារៀនមួយនៅជាយក្រុង Rio de Janeiro៕ AFP
Source: Kampuchea Thmey Daily
0 Comments