រតនគិរី ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បុរស២នាក់ ជិះម៉ូតូទៅបុករថយន្តមួយគ្រឿង ខណៈបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូង យ៉ាងពេញទំហឹង បណ្តាលឲ្យដួលរដូករណែលពេញផ្លូវ រងរបួសធ្ងន់ធ្ងរ។
ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង កាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៧៦ នៅចំណុចផ្លូវបំបែកផ្ទះ ឈ្មោះ ហួ ត្រង់បង្គោលគីឡូម៉ែត្រលេខ២៨២-២៨៣ ស្ថិតក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់។
សមត្ថកិច្ចនគរបាលស្រុកលំផាត់បានឲ្យដឹងថា អ្នកជិះម៉ូតូ ឈ្មោះ វរះ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកាទៀង ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី រងរបួសធ្ងន់ បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ1B-2011។
អ្នករួមដំណើរ ឈ្មោះ លី រិទ្ធី ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសធ្ងន់ មានទីលំនៅភូមិបាតាង ស្រុកលំផាត់។
សមត្ថកិច្ចនគរបាលបានបន្តថា រថយន្តមួយគ្រឿងម៉ាកតូយូតាហ្វ័រណ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2J-5065 អ្នកបើកបរមិនត្រូវបានស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
បើកបរពីជើងទៅត្បូង លុះដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែម៉ូតូបានជ្រុលចង្កូតទៅបុករថយន្តពីមុខតែម្ដង។ ហើយរថយន្ត បានរេចង្កូតទៅបុកនឹងដើមខុប នៅចិញ្ចើមផ្លូវទៅមុខលែងរួច។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំបាតាង និងជំនាញ ចុះមកកន្លែងកើតហេតុ ធ្វើការវាស់វែងរឹបអូសយកមធ្យោបាយទាំង២គ្រឿង ទៅរក្សាទុកនៅអធិការនគរបាលស្រុកលំផាត់ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។
ដោយឡែក អ្នករងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ៕
Source: Kampuchea Thmey Daily
0 Comments