ស្ត្រីជនជាតិវៀតណាមម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង បានទទួលបរាជ័យក្នុងការប៉ុនប៉ងសុំឲ្យដោះលែងជាបន្ទាន់ កាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលអាជ្ញាធរម៉ាឡេស៊ីបានបដិសេធទម្លាក់ការចោទប្រកាន់ករណីឃាតកម្មប៉ុន្មានថ្ងៃបន្ទាប់ពីជនជាប់ចោទម្នាក់ទៀតដែលមានសញ្ជាតិឥណ្ឌូនេស៊ីត្រូវបានដោះលែង។
លោក Muhammad Iskandar Ahmad ព្រះរាជអាជ្ញាឈានមុខបានប្រាប់តុលាការជាន់ខ្ពស់ក្នុងទីក្រុង Shah Alam ខាងក្រៅទីក្រុងគូឡាឡាំពួរថា “យោងតាមការបង្ហាញដែលបានដាក់ជូនកាលពីថ្ងៃទី១១ខែមីនាដល់អគ្គរាជអាជ្ញាដ៏មានកិត្ដិយស យើងបានទទួលបញ្ជាឲ្យបន្តរឿងក្តីនេះ”។
នាង Doan Thi Huong អាយុ៣០ឆ្នាំត្រូវបានជំនុំជម្រះក្តីអស់រយៈពេលមួយឆ្នាំកន្លះមកហើយជុំវិញការធ្វើឃាតលោក Kim Jong Nam នៅអាកាសយានដ្ឋានក្រុងគូឡាឡាំពួរឆ្នាំ២០១៧ដែលធ្វើ ពិភពលោកមានការភ្ញាក់ផ្អើល។
នាងបានយំនៅពេលដែលព័ត៌មាននេះត្រូវបានប្រកាសហើយបានប្រាប់អ្នកកាសែតទាំងទឹកភ្នែកថា “ខ្ញុំមិនខឹងទេដែល Siti ត្រូវបានដោះលែង។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលដឹងថា យើងមិនបានប្រព្រឹត្តអំពើឃាតកម្ម។ ខ្ញុំចង់ឲ្យគ្រួសាររបស់ខ្ញុំអធិស្ឋានឲ្យខ្ញុំ”។
ស្ត្រីជនជាតិឥណ្ឌូនេស៊ីដែលត្រូវបានគេចោទប្រកាន់ជាមួយនាងឈ្មោះ Siti Aisyah គឺត្រូវបាន ដោះលែងទាំងមិននឹងស្មានដល់កាលពីថ្ងៃចន្ទបន្ទាប់ពីព្រះរាជអាជ្ញាដកការចោទប្រកាន់ពីបទឃាតកម្មទៅលើនាង។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនបានផ្តល់ការពន្យល់ណាមួយទេប៉ុន្តែវាបានធ្វើតាមការបញ្ចុះបញ្ចូលយ៉ាងខ្លាំងពីរដ្ឋាភិបាលឥណ្ឌូនេស៊ី។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសម៉ាឡេស៊ីលោក Le Quy Quynh បានប្រាប់ AFP នៅតុលាការថា “ខ្ញុំពិតជាខកចិត្តណាស់ដែលតុលាការមិនដោះលែង Doan។ យើងនឹងស្នើសុំប្រទេសម៉ាឡេស៊ីឲ្យមានភាពយុត្តិធម៌និងដោះលែងនាងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
ស្ត្រីទាំងពីរតែងតែបដិសេធការធ្វើឃាត។ ពួកគេនិយាយថា ពួកគេត្រូវបានបោកបញ្ឆោតដោយចារកម្មកូរ៉េខាងជើងឲ្យអនុវត្តការសម្លាប់បែបសង្គ្រាមត្រជាក់ដោយប្រើសារធាតុគីមីមានជាតិពុលខ្ពស់ហើយជឿថា វាជាកម្មវិធីពញ្ញាក់អារម្មណ៍របស់ទូរទស្សន៍៕ AFP
Source: Kampuchea Thmey Daily
0 Comments