ក្រុមអ្នកការទូតបាននិយាយថា កាលពីថ្ងៃពុធ ប្រទេសចិនបានពន្យាសំណើមួយរបស់ចក្រភពអង់គ្លេស បារាំងនិងសហរដ្ឋអាមេរិកដែលមានគោលបំណងដាក់បន្ថែមមេដឹកនាំក្រុមឥស្លាមនិយមមានមូលដ្ឋាននៅប្រទេសប៉ាគីស្ថានដែលស្ថិតនៅពីក្រោយការវាយប្រហារអត្តឃាតមួយក្នុងតំបន់កាស្មៀរទៅលើបញ្ជីខ្មៅភេរវកម្មរបស់អង្គការសហប្រជាជាតិ។
វាគឺជាលើកទីបួនហើយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិចារណាលើការស្នើសុំមួយដើម្បីដាក់មេដឹកនាំក្រុម Jaish-e-Mohammad (JeM) លោក Masood Azhar ទៅលើបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិដែលនឹងធ្វើឲ្យគាត់ត្រូវហាមឃាត់ការធ្វើដំណើរទៅទូទាំងពិភពលោក ការបង្កកទ្រពសម្បត្តិនិងទណ្ឌកម្មដឹកជញ្ជូនអាវុធ។
ក្រុម Jaish-e-Mohammad បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅថ្ងៃទី១៤ខែកុម្ភៈក្នុងតំបន់កាស្មៀរដែលបានសម្លាប់ទាហានឥណ្ឌាចំនួន៤០នាក់និងត្រូវបានថ្កោលទោសដោយក្រុមប្រឹក្សាសន្តិសុខ។
នៅក្នុងកំណត់សម្គាល់មួយ ប្រទេសចិនបាននិយាយថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀតដើម្បីពិនិត្យមើលសំណើដាក់ទណ្ឌកម្មដែលផ្ដោតលើលោក Azhar និងបានស្នើសុំការរក្សាបច្ចេកទេសដែលអាចមានរយៈពេលរហូតដល់ទៅ៩ខែ។
អ្នកការទូតក្រុមប្រឹក្សាសន្តិសុខម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា “វាហាក់ដូចជាចិនកំពុងការពារអាទិភាពរបស់ប៉ាគីស្ថានលើការប្រឆាំងភេរវកម្មនៅក្នុងគណៈកម្មាធិការនេះហើយដូច្នេះពួកគេគឺជាអ្នកការពារប៉ាគីស្ថាន”។
ប្រទេសចិនបានរារាំងការប៉ុនប៉ងចំនួនបីលើកមុននៅគណៈកម្មាធិការស្តីពីការដាក់ទណ្ឌកម្មប្រឆាំងក្រុមអាល់កៃដានិងក្រុមដែលមានទំនាក់ទំនងជាមួយពួក IS ដើម្បីដាក់មេដឹកនាំ JeM ក្នុងបញ្ជីខ្មៅ។ ក្រុមនេះត្រូវបានបន្ថែមទៅលើបញ្ជីភេរវកម្មនៅក្នុងឆ្នាំ២០០១។
អ្នកការទូតបានបន្ថែមថា សហរដ្ឋអាមេរិក បារាំងនិងអង់គ្លេសកំពុងពិចារណាដោយប្រុងប្រយ័ត្ននូវការប៉ុនប៉ងថ្មីមួយនៅពេលនេះជាមួយពង្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខដែលនឹងចាត់ទុកលោក Azhar ថាជាភេរវករ។
បេសកកម្មចិនប្រចាំអង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រទេសចិនបានការពារការសម្រេចចិត្តរបស់ខ្លួនដោយនិយាយថា ខ្លួនកំពុងលើកកម្ពស់អាកប្បកិរិយាដែលមានទំនួលខុសត្រូវនិងស្វែងរកដំណោះស្រាយលើបញ្ហានេះជាមួយភាគីពាក់ព័ន្ធតាមរយៈការពិគ្រោះយោបល់ហ្មត់ចត់៕ AFP
Source: Kampuchea Thmey Daily
0 Comments