ភ្នំពេញ ៖ ស្ទាវពីរក្រុមមិនដឹងថា មានគំនុំគំកួនគ្នាតាំងពីពេលណាទេពេលជួបគ្នាបានបើកការវាយប្រយុទ្ធគ្នាយ៉ាងស្រួចស្រាល់ បង្កឲ្យមានរបួសទាំងសងខាង និងផ្អើលដល់សមត្ថកិច្ចដល់ពីរខណ្ឌនៅជាប់ព្រំប្រទល់គ្នាចុះមកអន្ដរាគមន៍តាមចាប់ខ្លួនបានជាបន្ដបន្ទាប់ តែចាប់បានខ្លះរត់រួចខ្លះ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនដំបូងភាគី ក្រុមក្មេងដែលមានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ៣ទិសដៅ ពីជើងទៅត្បូង លុះមកដល់ចំណុច ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ស្រាប់តែមានក្រុមក្មេងស្ទាវ មួយក្រុមទៀត ដែលមានគ្នា៩នាក់ ជិះម៉ូតូ៣គ្រឿងបានជិះ ប្រដេញតាមពីក្រោយ មកដល់ទន្ទឹមគ្នា ស្រាប់តែមានម៉ូតូ២គ្រឿង មកកៀកទន្ទឹម ហើយស្រែកគម្រាម និងធាក់ទៅលើម៉ូតូ ក្រុមស្ទាវគ្នា៥នាក់ ក៏ក្លាយទៅជាទំនាស់ ស្រែកទ្រហឹងអឺងកងពេញតាមដងផ្លូវសាធារណៈ ដេញវាយធាក់គ្នា បណ្តោយពលរដ្ឋរស់នៅតាមផ្លូវជាតិលេខ៣ផ្អើលអស់សមត្ថកិច្ច២ខណ្ឌ ទាំងខណ្ឌពោធិសែនជ័យ និងខណ្ឌដង្កោ ដេញតាមស្ទាក់ចាប់ឃាត់បានជាបន្តបន្ទាប់ និងរត់គេចខ្លួនអស់ជាងពាក់កណ្ដាល។
ភាគីម្ខាងម៉ូតូ៣គ្រឿង មានគ្នា៥នាក់និងភាគីម្ខាងទៀត ម៉ូតូ៣គ្រឿង មានគ្នា៩នាក់ ។ភាគីទី១ ឃាត់ខ្លួនបាន៤នាក់ ទី១ ឈ្មោះ គួយ ហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់។ ទី២ ឈ្មោះ មៀច ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់។ ទី៣ ឈ្មោះ ទូច ថាវ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ។ ទី៤ ឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់។ ទាំង៤នាក់មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ភាគីទី២ ឃាត់ខ្លួនបាន៣នាក់ ទី១ ឈ្មោះ មួន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស។ ទី២ ឈ្មោះ វ៉ាន់ រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ។ ទី៣ ឈ្មោះ សន ដាវី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ។ ទាំង៣នាក់ មានទីលំនៅភូមិពានអន្សា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ភាគីខាង៥នាក់សមត្ថកិច្ចឃាត់ខ្លួនបាន៤នាក់ រត់គេចរួចម្នាក់ ចំណែកភាគីខាង៩នាក់សមត្ថកិច្ចឃាត់បាន៣នាក់រត់រួច៦នាក់ សរុបទាំង២បក្ខ សមត្ថកិច្ចឃាត់ខ្លួនបាន៧នាក់ កំពុងសាកសួរកសាងឯកសារបញ្ជូនឲ្យផ្នែកព្រហ្មទណ្ឌចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments