ភ្នំពេញ ៖ កាបូបពេញនិយមរបស់ស្ត្រីម៉ាក CHARLES & KEITH ជាផលិតផលរបស់ក្រុមហ៊ុនមួយ កាលពីរសៀលថ្ងៃទី៥ មិនា ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ចុះដកហូតបានចំនួនប្រមាណ២៥៤កាបូប ដែលឈ្មួញនាំចូលមកលក់ សុទ្ធតែជារបស់ក្លែងម៉ាកសញ្ញា។
កិច្ចចុះបង្ក្រាបផលិតផល(កាបូប)ក្លែងក្លាយនោះ គឺ ដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ ឡុង ស្រេង ក្រោមការចង្អុលបង្ហាញដោយលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន ដែលបានធ្វើឡើងនៅផ្ទះលេខ៣៦០ ផ្លូវ១៩៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន។
ការចុះបង្ក្រាបនោះ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង បានបង្ហោះព័ត៌មាននៅក្នុងគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ផលិតផលកាបូបម៉ាក CHARLES&KEITH និងPedro ក្លែងក្លាយ ត្រូវបានចាប់យកពីឈ្មួញរកស៊ីទុច្ចរិតចំនួន២៥៤កាបូបនេះ គឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន MW.METROPOLITAN INTERNATIONAL BRANDS CO.LTD ។ ក្រោយពីដកហូតកាបូប២៥៤នោះ សមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមហ៊ុនដើមបណ្តឹង ដើម្បីបន្តនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments