ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតី ប្រារព្ធពិធីអបអរសាទរទិវា «វប្បធម៌ជាតិ៣មីនា» លើកទី២១ និងពិធីពិសាបាយសាមគ្គីរួមគ្នាជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមនឹងសិល្បករ សិល្បការិនីផងដែរ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែបានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរទិវា«វប្បធម៌ជាតិ៣មីនា»ជារៀងរាល់ឆ្នាំដែល បង្ហាញ ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យវប្បធម៌ជាតិ។
ការប្រារព្ធទិវា «វប្បធម៌ជាតិ៣មីនា»លើកទី២១នៅឆ្នាំ២០១៩នេះធ្វើឡើងក្រោម ប្រធានបទ «យុវជនដើម្បី វប្បធម៌ជាតិ» ដូចឆ្នាំ ២០១៨ ផងដែរ។
នៅក្នុងសារាចរណែនាំស្តីពីការរៀបចំទិវា«វប្បធម៌ជាតិ៣មីនា»សម្តេចតេជោ ហ៊ុន សែន បានគូស បញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនាជាទិវាដ៏សំខាន់មួយសម្រាប់ប្រទេសជាតិ និងជាឱកាសដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើងដែលបានបន្សល់ ទុកនូវមរតកវប្បធម៌ ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំរាជរដ្ឋាភិបាលតែងតែបានយកចិត្តទុកដាក់រៀបចំប្រារព្ធទិវាវប្បធម៌ជាតិឡើងសំដៅជំរុញការផ្សព្វផ្សាយបំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និង មនសិការស្នេហាជាតិដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន ដែលជាទំពាំងស្នងឫស្សីដែលមានកាតព្វកិច្ចចូលរួមថែរក្សាការពារឱ្យស្ថិតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិនិងវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិនៅព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សា បាននូវ ឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ការប្រារព្ធទិវាវប្បធម៌នេះមានគោលបំណងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ពិសេសយុវជនចូលរួមអនុវត្តឱ្យកាន់តែសកម្មថែមទៀតនូវចំណុចជាសារវន្តដូចតទៅ ៖ លើកកម្ពស់មនសិការនិងស្មារតីចូលរួមក្នុងការផ្ទេរនិងទទួលយកនូវចំណេះដឹងជំនាញ បច្ចេកទេស សិល្បៈវប្បធម៌សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស ដែលជាចលករ នៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និង ភាពសុខសាន្ត របស់សង្គមជាតិ។ បង្កើនការយល់ ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃពិត នៃវប្បធម៌ជាតិដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយថាមពលខ្ពស់ ក្នុងការរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចសង្គមតាមរយៈការបង្កើនសេវានិង ផលិតផល វប្បធម៌សម្រាប់គោលដៅពាណិជ្ជកម្មនិងទេសចរណ៍។ លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវឈ្វេងយល់ដើម្បីចងក្រង រក្សាទុកឱ្យបាន គង់វង្ស ល្អនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទដែលមានក្នុងមូលដ្ឋានរបស់ខ្លួនព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ លើក ស្ទួយការប្រើប្រាស់សក្ដានុពលវប្បធម៌ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនក្នុងន័យបង្កើនការងារ និងកាលានុវត្តភាពដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសយុវជនឱ្យខិតខំបង្កបង្កើនស្នាដៃវប្បធម៌ថ្មីៗប្រកបដោយគុណភាព។
ជំរុញឱ្យមានការចូលរួមដោយការទទួលខុសត្រូវរបស់យុវជនក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិប្រកបដោយនិរន្តរភាពនិងសន្តិភាពដោយមិនប្រកាន់នូវនិន្នាការនយោបាយជំនឿសាសនានិងពណ៌សម្បុរ៕
Source: Kampuchea Thmey Daily
0 Comments