Ad Code

បុរស​ពីរ​នាក់​ ប្រយុទ្ធ​គ្នា​ស្លាប់​រស់​ព្រោះ​ស្នេហ៍​ លទ្ធផល​ម្នាក់​ស្លាប់ ​ម្នាក់​ជាប់​គុក



កណ្តាល ​៖ ​ដោយសារ​អំណាច​ភ្លើង​ប្រចណ្ឌ​ និង​មាន​ជាតិ​សុរា​ចូលខ្លួន​ផង​នោះ ធ្វើ​អោយ​បុរស​ពីរ​នាក់ ​បាន​បើកឆាក​ប្រយុទ្ធ​ស្លាប់​រស់ ​លទ្ធផល​ចុងក្រោយ​ម្នាក់​ស្លាប់​ និង​ម្នា​ក់​ទៀត​ ត្រូវ​នគរបាល​ចាប់ខ្លួន។

ហេតុការណ៍​នេះ​ បានកើត​ឡើង​នៅ​ថ្ងៃ​ចន្ទ ១៣​រោច ខែមាឃ ឆ្នាំច សំរឹទ្ធ​ស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែ​មីនា ​ឆ្នាំ​២០១៩ វេលា​ម៉ោង ២០​និង​០០​នាទី នៅ​ចំណុច​ភូមិ​ក្នុង ឃុំ​ព្រែ​កតា​មាក់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ​ឈ្មោះ ស៊ុំ វឿន ហៅ ប៉ាវ ចិន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ឡ​ឥដ្ឋ មាន​ទីលំនៅ​ភូមិ​ព្រែ​កតា​បែន ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យ​ឈ្មោះ សំ សុង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ឡ​ឥដ្ឋ មាន​ទីលំនៅ​ភូមិ​កោះ​ត្រាច ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង (​ឃាត់ខ្លួន)។

សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹងថា​ នៅមុន​ពេល​កើតហេតុ ជនសង្ស័យ និង​ជនរងគ្រោះ​ មាន​សភាព​ស្រវឹងស្រា​ដូចគ្នា ហើយ​ជនរងគ្រោះ​ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​នឹង​ជនសង្ស័យ ទើប​បង្ក​ឲ្យ​មាន​ទំនាស់​ពាក្យសម្តី រហូត​វាយតប​គ្នា។ ពេលនោះ​ជនរងគ្រោះ​បាន​យក​ដំបង​ឫស្សី​វាយ ជនសង្ស័យ​ត្រូវ​ចំ​ក្បាល​០៣​ដំបង ចំណែក​ជនសង្ស័យ​បាន​ទាញ​យក​ស្ន​មុខ​ប្រាំ​មក​ចាក់​ត្រូវ​ជនរងគ្រោះ។ ភ្លាម​នោះ ​ជនរងគ្រោះ ​បាន​រត់​ចេញពី​កន្លែង​កើតហេតុ​ពុំ​ដឹង​ទៅ​ណា​ទេ។ លុះដល់​វេលា​ម៉ោង ៦​និង​៣០​នាទី ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​២០១៩ ​ប្រជាពលរដ្ឋ​បានឃើញ ជនរងគ្រោះ​ដេកស្លាប់​ផ្ទាល់​ដី​នៅជាប់​ផ្ទះ​ឈ្មោះ វ៉ៃ ស្រី​ល​ក្ខ័ បាន​រាយការណ៍ ជូន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ព្រែក​តា​មាក់ បន្ទាប់មក​កម្លាំង​នគរបាល​ផ្នែក​យុត្តិធម៌​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ចុះ​ដល់​កន្លែងកើតហេតុ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូនមក អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu