កាលពីថ្ងៃអង្គារ ជនស៊ីវិលរាប់រយនាក់ បានសម្រុកចាកចេញពីមូលដ្ឋានស៊ីរីចុងក្រោយរបស់ក្រុមរដ្ឋឥស្លាមចូលទៅក្នុងដែនដី ដែលកាន់កាប់ដោយកងកម្លាំងអាមេរិក ដែលកំពុងប្រយុទ្ធដើម្បីបញ្ចប់រដ្ឋ Caliphate របស់ក្រុមជីហាដនិយមមួយនេះ។
កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិកបាននិយាយថា មនុស្សសរុប៣,៥០០នាក់បានចាកចេញពីភូមិមាត់ទន្លេ Baghouz ដោយក្នុងនោះរាប់បញ្ចូលទាំងពួកជីហាដនិយមចំនួន៥០០នាក់ដែលបានចុះចាញ់ផងដែរ។
អ្នកនាំពាក្យរបស់ពួកគេលោក Mustefa Bali បាននិយាយលើ Twitter ថា អ្នកប្រយុទ្ធ SDF ចំនួន ៥នាក់ក៏ត្រូវបានរំដោះផងដែរ។
នៅកន្លែងត្រួតពិនិត្យសម្រាប់អ្នកមកដល់ថ្មីនៅខាងក្រៅភូមិ Baghouz, អ្នកយកព័ត៌មាន AFP បានមើលឃើញបុរស ស្ត្រីនិងកុមាររាប់រយនាក់។
ដោយមានការគាំទ្រដោយការវាយប្រហារអាកាសពីក្រុមចម្រុះដឹកនាំដោយអាមេរិក, SDF បានវាយលុកចូលទៅក្នុងទឹកដីដែលនៅសេសសល់ចុងក្រោយរបស់ពួកជីហាដនៅចុងសប្តាហ៍។
ប៉ុន្តែពួកគេបានបន្ថយល្បឿនការវាយលុកកាលពីថ្ងៃអាទិត្យដោយសារតែការព្រួយបារម្ភចំពោះជនស៊ីវិលដែលជាប់នៅខាងក្នុង។
លោក Bali កាលពីរាត្រីថ្ងៃចន្ទបាននិយាយថា មនុស្សជាង៣,០០០នាក់ត្រូវបានជម្លៀសចេញចាប់តាំងពីថ្ងៃអាទិត្យមក។
មន្ត្រី SDF ម្នាក់បានប្រាប់ AFP ថា អ្នកប្រយុទ្ធក្រុម IS រាប់រយនាក់គឺស្ថិតក្នុងចំណោមពួកគេ។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលជាក្រុមឃ្លាំមើលសង្គ្រាមមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយថា អ្នកប្រយុទ្ធក្រុម IS ចំនួន២៨០នាក់គឺស្ថិតក្នុងចំណោមអ្នកដែលបានបោះបង់ចោលមូលដ្ឋាននេះចាប់តាំងពីថ្ងៃអាទិត្យមក។
ការចាកចេញរបស់មនុស្សយ៉ាងច្រើនពីរដ្ឋ Caliphate ដែលដួលរលំបានបង្កឲ្យមានភាពអាសន្នផ្នែកមនុស្សធម៌ដ៏ធំមួយខណៈក្រុមជំនួយមួយបាននិយាយថា មនុស្សចំនួន៦០០នាក់បានមកដល់កាលពីព្រឹកថ្ងៃអង្គារនៅក្នុងជំរំមួយសម្រាប់អ្នកមិនមែនសកម្មប្រយុទ្ធនៅភាគឦសានប្រទេសស៊ីរី៕ AFP
Source: Kampuchea Thmey Daily
0 Comments