ភ្នំពេញ ៖ អាល្លឺម៉ង់ប្រគល់ម៉ាស៊ីន Microscope តម្លៃជាង១៧ម៉ឺនដុល្លារអាមេរិក ដល់មន្ទីរពេទ្យរុស្ស៊ីដែលជួយឲ្យក្រុមគ្រូពេទ្យធ្វើការវះកាត់កាន់តែមានគុណភាព និងសុវត្ថិភាព ពិសេសជួយឲ្យអ្នកជំងឺកាន់តែមានភាពល្អប្រសើរឡើង។
លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ម៉ាស៊ីន Microscopeនេះ នឹងជួយឲ្យក្រុមគ្រូពេទ្យធ្វើការវះកាត់កាន់តែមានគុណភាព និងសុវត្ថិភាព ពិសេសជួយឲ្យអ្នក ជំងឺកាន់តែមានល្អប្រសើរឡើង ដោយសារម៉ាស៊ីននេះ អាចសរសៃប្រសាទសរសៃឈាមតូចៗ បាននិងអាចពង្រីកសរសៃតូច រហូតដល់៤០ដងហើយ មិនតែប៉ុណ្ណោះយើងអាចវះកាត់តសរសៃ តូចៗដែលដាច់ ឲ្យជាប់គ្នាវិញបានដោយ យកសាច់ ឬឆ្អឹង នៃផ្នែកណាមួយ នៃខ្លួនយើង អាចកាត់យកមកត គ្នាបាន។
លោកសាស្ត្រាចារ្យបានបន្តថា ចំពោះអ្នកដាច់ដៃចូលម៉ាស៊ីនផ្សេងៗ យើងក៏អាច ត វិញបានរហូតដល់៨០% ផងដែរ, ដូចនេះប្រជាពលរដ្ឋយើង ដែលមានបញ្ហាបាក់បែក កែលំអ វះកាត់សរសៃឈាមតូច អាចអញ្ជើញមកទទួលសេវាព្យាបាល នៅពេទ្យយើងបាន។
លោកសាស្ត្រាចារ្យ ងឺ ម៉េង បន្ដទៀតថា នេះជាលើកទីមួយហើយ ដែលដៃគូនេះបានបរិច្ចាគម៉ាស៊ីន ដែលតម្លៃថ្លៃ រហូតដល់ទៅជាង១៧ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពិសេសបន្តសហការជួយអង្គការស្នាមញញឹមកម្ពុជា ដើម្បីជួយបណ្ដុះបណ្ដាលដល់គ្រូពេទ្យធ្វើការវះកាត់ ឲ្យកាន់តែមានប្រសិទ្ធភាព សុក្រឹត រហ័ស លំដាប់អន្តរជាតិ។
លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណដល់ដៃគូសហប្រតិបត្តិការរបស់ Medecins du Monde Germ any (MDM) ដែលមានក្រុមគ្រូពេទ្យអាល្លឺម៉ង់ ដែលមកធ្វើការវះកាត់ជូនប្រជាពលរដ្ឋយើង ដែលមានបញ្ហាការបាក់បែង កែលំអ និងក្រុមហ៊ុន Carl Zeiss Meditec AG ZEISS Group Germany ដែលបានបរិច្ចាគម៉ាស៊ីន Microscope សម្រាប់វះកាត់នេះ កាលពីខែកុម្ភៈ ឆ្នាំ២០១៩មកនេះ។
ក្នុងឱកាសប្រគល់ម៉ាស៊ីន Microscope ដល់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត, លោក Alexander Partsch អ្នកគ្រប់គ្រងទីផ្សារទូទាំងពិភពលោករបស់ក្រុមហ៊ុន អាល្លឺម៉ង់ Carl Zeiss Meditec AG ZEISS Group Germ any បានថ្លែងថា ក្រុមហ៊ុន អាល្លឺម៉ង់ នឹងបន្ដជួយដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងអង្គការស្នាមញញឹមកម្ពុជា ជាពិសេសរួមចំណែកអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យសុខាភិបាលកម្ពុជា។
លោកបានបន្ដថា ZEISS ជាក្រុមហ៊ុនមួយដ៏ធំនៅអាល្លឺម៉ង់ ដែលផលិតនូវឧបករណ៍បច្ចេកទេសជាច្រើនប្រភេទលេខមួយខ្នាតអន្តរជាតិ ដូច្នេះយើង នឹងបន្តជួយផ្នែកបច្ចេកទេសផ្សេងទៀត ទៅតាមគម្រោងរបស់សុខាភិបាលស្នើសុំ ដើម្បីចូលរួមជំរុញ ការខិតខំប្រឹងប្រែងរបស់សុខាភិបាល ឲ្យកាន់តែមានភាពល្អប្រសើរ៕
Source: Kampuchea Thmey Daily
0 Comments