មេដឹកនាំគណបក្សប្រឆាំងវេណេហ្ស៊ូអេឡាលោក Juan Guaido បានប្ដេជ្ញាកាលពីថ្ងៃអង្គារថា នឹងបង្កើនសម្ពាធលើលោកប្រធានាធិបតី Nicolas Maduro ខណៈដែលលោកបានផ្តល់ការគាំទ្រ ដល់ការធ្វើកូដកម្មលើវិស័យសាធារណៈ។
មេដឹកនាំរដ្ឋសភាវ័យ៣៥ឆ្នាំរូបនេះ បានវិលត្រឡប់ចូលប្រទេសវិញកាលពីថ្ងៃចន្ទដោយផ្គើនទៅនឹងបម្រាមចាកចេញពីប្រទេសដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនៅតាមបណ្តាប្រទេសសម្ព័ន្ធមិត្តអាមេរិកខាងត្បូងហើយនៅតែមានសេរីភាពបន្ទាប់ពីការវិលត្រលប់បើទោះបីជាមានការគំរាមកំហែងនៃការចាប់ខ្លួនដោយរដ្ឋាភិបាលក៏ដោយ។
លោក Guaido បានប្រាប់អ្នកយកព័ត៌មានថា “ពួកគេកំពុងលង់ក្នុងភាពផ្ទុយគ្នា ពួកគេមិនដឹងថាត្រូវឆ្លើយតបចំពោះប្រជាជនវេណេហ្ស៊ូអេឡាដោយរបៀបណានោះទេ។ ពួកគេគិតថា សម្ពាធបានឈានដល់ចំនុចកំពូលហើយប៉ុន្តែវាទើបតែចាប់ផ្តើមប៉ុណ្ណោះ”។
កាលពីថ្ងៃអង្គារដែលជាថ្ងៃបុណ្យជាតិ គាត់បានជួបមេដឹកនាំសហជីពក្នុងវិស័យសាធារណៈ។ លោក Guaido បាននិយាយដោយមិនផ្តល់ព័ត៌មានលម្អិតថា “បុគ្គលិកផ្នែកសាធារណៈបានបាត់បង់សិទ្ធិទាំងអស់របស់ពួកគេហើយយើងគ្មានជម្រើសផ្សេងទៀតទេប៉ុន្តែទាមទារឲ្យមានកូដកម្ម”។
ដោយសារតែដួលរលំដោយវិបត្តិសេដ្ឋកិច្ច ប្រទេសវេណេហ្ស៊ូអេឡាបានធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ធំមួយនៅពេលលោក Guaido ប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្ដោះអាសន្នកាលពីខែមករាហើយបានអះអាងថា លោក Maduro លែងមានសិទ្ធិត្រឹមត្រូវទៀតហើយ។
ដោយត្រូវបានទទួលស្គាល់ពីប្រទេសជាង៥០ក្នុងនាមជាប្រធានាធិបតីស្តីទីរបស់វេណេហ្ស៊ូអេឡា, លោក Guaido បានបំពានបម្រាមធ្វើដំណើររបស់រដ្ឋាភិបាលកាលពីថ្ងៃទី២២ខែកុម្ភៈដើម្បីដឹកនាំនិងប្រមូលការគាំទ្រសម្រាប់ការប៉ុនប៉ងរបស់គាត់ដើម្បីទម្លាក់លោក Maduro។
នៅពេលគាត់ត្រលប់មកទីក្រុង Caracas វិញ លោក Guaido បានប្រកាសប្រាប់អ្នកគាំទ្ររាប់ម៉ឺននាក់អំពីបាតុកម្មថ្មីមួយនៅថ្ងៃសៅរ៍។
លោក Guaido បានប្តេជ្ញាបង្កើតរដ្ឋាភិបាលអន្តរកាលមួយនិងរៀបចំការបោះឆ្នោតថ្មី។
ជាផ្នែកមួយនៃការប្រឈមមុខរបស់គាត់ចំពោះលោក Maduro, លោក Guaido កំពុងព្យាយាមគ្រប់គ្រងការិយាធិបតេយ្យរដ្ឋដែលគាត់គិតថាត្រូវបាន “ចាប់ពង្រត់” តាមរយៈការគំរាមកំហែងនិងការបៀតបៀន៕ AFP
Source: Kampuchea Thmey Daily
0 Comments