តាកែវ ៖ ករណីស្ត្រីបម្រើការងារក្នុងហាងម្នាក់ ដែលដេកស្លាប់ទាំងអាក្រាតកាយ នៅក្នុងផ្ទះសំណាក់ ដោយសង្ស័យជាអំពើឃាតកម្មនោះ ត្រូវបានប៉ូលិស នៃស្នងការនគរបាលខេត្តតាកែវបំបែកសំណុំរឿងបានហើយ ចំពោះមូលហេតុមកពីកើតភ្លើងប្រច័ណ្ឌ ដោយសារស្ត្រីរងគ្រោះនិយាយទូរស័ព្ទជាមួយអ្នកផ្សេងពេលកំពុងរួមរ័ក។
ក្រោយការធ្វើកោសល្យវិច័យ និងស្រាវជ្រាវពីសំណាក់សមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្តតាកែវ យ៉ាងញាប់ដៃញាប់ជើងនោះ ជនសង្ស័យម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ដោយជាប់ពាក់ព័ន្ធនឹងករណីធ្វើឃាត់លើស្ត្រីអ្នកបម្រើការងារក្នុងហាងខារ៉ាអូខេ។
តាមការឲ្យដឹងពីកម្លាំងជំនាញ នៃស្នងការនគរបាលខេត្តតាកែវបានប្រាប់ថា ជនសង្ស័យ ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង៣០នាទី នៅភូមិថ្នល់បែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយកម្លាំងជំនាញស្នងការខេត្តតាកែវ សហការ និងកម្លាំងជំនាញស្នងការខេត្តកំពង់ស្ពឺ ក្រោយជនសង្ស័យធ្វើសកម្មភាពរួចហើយរត់គេចបានពីរថ្ងៃ។
ជនសង្ស័យមាន ឈ្មោះ សុខ ចន្ធលីដា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
សូមរំឭកថា មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានស្ត្រីម្នាក់ដេកស្លាប់ទាំងអាក្រាតកាយនៅផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ស្ថិតភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែលជនរងគ្រោះ មានឈ្មោះ ឃិន ចន្តា ភេទស្រី មានអាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិកន្ទួត ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ មានមុខរបរ នារីខារ៉ាអូខេ ជុំមិត្ត។
ករណីនេះដែរ តាមសម្ដីសន្តិសុខយាមយប់នៅក្នុងផ្ទះសំណាក់ប៉ាអ៊ីម៉ាក់អ៊ី បាននិយាយថា នារីរងគ្រោះជានារីបម្រើការងារ នៅហាងផឹកស៊ី ជុំមិត្ត ហើយនៅក្នុងយប់កើតហេតុ គឺថ្ងៃទី០៣មីនា នារីរងគ្រោះ រួមជាមួយបុរសម្នាក់ បាននាំគ្នាចូលមកដេកក្នុងផ្ទះសំណាក់ នៅវេលាម៉ោង១២យប់រំលងអធ្រាត្រថ្ងៃកើតហេតុ លុះដល់ម៉ោងប្រហែលជា១ជាង ឈានចូលថ្ងៃទី០៤មីនា ស្រាប់តែបុរសដែលមកជាមួយនារីរងគ្រោះខាងលើ ចុះមកមុន រួចប្រាប់សន្តិសុខថា ទៅទិញបបរសហូបបន្តិច តែមិនបានវិលមកវិញឡើយ លុះមួយសន្ទុះក្រោយមក សន្តិសុខរូបនោះបានឡើងទៅមើល តែបានឃើញទ្វារបន្ទប់បិទមិនជិត នៅចំហ ហើយឃើញនារីរងគ្រោះនោះកំពុងដេកទាំងអាក្រាតកាយ តែរូបលោកមិនបានដាស់នោះទេ ហើយក៏ទាញទ្វារបិទវិញ រួចក៏ចុះមកក្រោម។
លុះដល់ភ្លឺម៉ោងប្រហែលជា១២ថ្ងៃត្រង់ ថ្ងៃទី០៤មីនា ទើបប្រាប់ឲ្យអ្នកសំអាតទៅដាស់នារីរងគ្រោះ លុះអ្នកសំអាតបន្ទប់ឡើងទៅមើល ក៏បានដឹងថា នារីរងគ្រោះ បានស្លាប់បាត់ទៅហើយ រួចក៏មានការផ្អើលឆោឡោប្ដឹងប៉ូលិសតែម្តងទៅ៕
Source: Kampuchea Thmey Daily
0 Comments