Ad Code

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ប្រទេស​កេនយ៉ា​ ដើម្បី​ស្វែងយល់​ពី​វិស័យ​ការងារ



​ភ្នំពេញ ​៖​ លោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ការ​គាំពារ​សង្គម​កេ​ន​យ៉ា​កាលពី​រសៀល​ថ្ងៃទី​០៥​ ខែ​មីនា ​ឆ្នាំ​២០១៩​ បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ស្វែងយល់​ពី​វិស័យ​ការងារ​នៅ​កម្ពុជា​។​

លោក Jillo Abdul Bahari Ali បាន​ជម្រាប​ជួន​លោក​រដ្ឋមន្ត្រី​ថា ​ការ​ជ្រើសរើស​កម្ពុជា ជា​គោលដៅ​ក្នុងការ​ទស្សនកិច្ច​ស្វែងយល់​ពី​វិស័យ​ការងារ​នេះ គឺ​ដោយសារតែ​ស្ថានភាព​កម្ពុជា​ និង​កេ​ន​យ៉ា​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា ​បើ​ប្រៀបធៀប​ទៅនឹង​បញ្ហា​កំណើន​សេដ្ឋកិច្ច និង GDP សម្រាប់​មនុស្ស​ម្នាក់ ​ក្នុង​មួយ​ឆ្នាំ​ ដែល​ទាមទារ​ឲ្យ​យើង​មានការ​សិក្សា​ស្វែងយល់​ពី​គ្នា​ទៅវិញទៅមក​។​

លោក​បណ្ឌិត​រដ្ឋមន្ត្រី អ៊ិត សំហេង បាន​មានប្រសាសន៍​ថា​ ការ​ជ្រើសរើស​កម្ពុជា ​ជា​គោលដៅ​ក្នុង​ការ​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​វិស័យ​ការងារ ជាពិសេស​ពាក់ព័ន្ធ​នឹង​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ជា​ជម្រើស​ដ៏​ល្អ ព្រោះ NEA ជា​យន្តការ​ដ៏​ជោគជ័យ និង​សម្រេចបាន​សមិទ្ធផល​ជាច្រើន​។​

លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាប​គណៈប្រតិភូ​ពី​វឌ្ឍនភាព​ជាច្រើន នៃ​ក្រសួង​ការងារ ដោយ​លោក​បាន​បញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​តែមួយគត់ ដែល​ហ៊ាន​ផ្សារភ្ជាប់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទៅនឹង​លក្ខខណ្ឌ​ការងារ ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្នូល​ទាំង​៨ របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) អនុវត្ត​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ដើម្បី​ត្រួតពិនិត្យ​លក្ខខណ្ឌ​ការងារ ការបន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា និង​ការពង្រីក​របប​សន្តិសុខ​សង្គម​នៅ​ទូទាំងប្រទេស​។​

នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​ជឿជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​វិស័យ​ការងារ នៃ​ប្រទេស​ទាំងពីរ នឹង​ត្រូវបាន​ពង្រឹង​បន្ថែម ហើយនឹង​មានការ​ផ្លាស់​ប្ដូរ​បទពិសោធន៍ និង​ទស្សនៈ​ល្អៗ​ជាច្រើន​។

លោក​រដ្ឋមន្ត្រី​សង្ឃឹមថា នៅ​លើក​ក្រោយ​នឹងមាន​ទស្សនកិច្ច​ពី​ប្រតិភូ​កេ​ន​យ៉ាប​ន្ថែ​ម​ទៀត មកកាន់​កម្ពុជា​បន្ថែម​ទៀត​។​

នៅក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៥-០៩ ខែមីនា​នេះ គណៈប្រតិភូ​នៃ​ក្រសួង​ការងារ​កេ​ន​យ៉ា នឹង​អញ្ជើញ​សិក្សា​ស្វែងយល់ និង​ដកស្រង់​បទពិសោធន៍​នៅ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) អំពី​ដំណើរ​ការផ្តល់សេវា​ការងារ​ដល់​អ្នកស្វែងរក​ការងារ ការប្រមូល និង​ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារការងារ ការបង្កើត និង​អនុវត្ត​គោលនយោបាយ​កម្មវិធី​ការងារ និង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ​របស់​កម្ពុជា ស្រប​ពេលដែល​ប្រទេស​កេ​ន​យ៉ា ទើប​បង្កើត​នូវ​អាជ្ញាធរ​ជាតិ​ការងារ កាលពី​ឆ្នាំ​២០១៦ កន្លងទៅ​។​

គួរ​បញ្ជាក់ថា សាធារណរដ្ឋ​កេ​ន​យ៉ា ជា​ប្រទេសមួយ​ដែល​ស្ថិតនៅ​ទ្វីបអាហ្វ្រិក​ប៉ែក​ខាងកើត មាន​ផ្ទៃដី​សរុប​៥៨០,៣៦៧​គីឡូម៉ែត្រ​ការ៉េ និង​មាន​ប្រជាជន​សរុប​៤៩.៧​លាន​នាក់ (​គិត​ត្រឹម​ឆ្នាំ​២០១៧)​។

កំណើន​សេដ្ឋកិច្ច​ ជា​មធ្យម​ក្នុង​រង្វង់ ៧% ជាមួយ GDP សម្រាប់​មនុស្ស​ម្នាក់​១,៥០៧.៨១​ដុល្លារ​សហរដ្ឋ​អាមេរិក​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu