ការប្រកួតកីឡាមធ្យមសិក្សាជ្រើសរើសជើង ឯករាជធានីភ្នំពេញ ដែលចាប់ផ្ដើមពីថ្ងៃទី២៧កុម្ភៈមកនោះ បានបញ្ចប់ហើយ កាលពីល្ងាចថ្ងៃទី៥មីនា។
ការប្រកួតនេះ មានវិទ្យាល័យ និង អនុវិទ្យា ល័យរដ្ឋ និង ឯកជនជាច្រើនចូលរួម។ ៦ប្រភេទកីឡាត្រូវបានដាក់ឲ្យប្រកួតនាឆ្នាំនេះ ដែលក្នុងនោះមានប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់ បោះ អត្តពលកម្ម ប៉េតង់ និងប្រភេទកីឡាវាយ កូនឃ្លីលើតុ។
នេះជាការប្រកួត ដើម្បីរកកីឡាករ-កីឡាការិនី ក្រុមខ្លាំងៗ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតជើងឯកថ្នាក់ជាតិកម្រិតមធ្យមសិក្សា ដែលនឹងធ្វើនៅពេលខាងមុខនេះ។
លោក នួន សុផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដែលអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតនោះមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ តែងតែរៀបចំការប្រកួតខាងលើកនេះ ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ- កីឡា ការិនីឆ្នើម ដែលមានទេពកោសល្យល្អមកប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតថ្នាក់ជាតិ។
សព្វថ្ងៃនេះ វិស័យកីឡានៅរាជធានីភ្នំពេញ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ នេះគឺជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យ អប់រំកាយ និងកីឡា ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា រាជធានីភ្នំពេញ គឺជារាជធានីដ៏ខ្លាំងមួយខាងវិស័យកីឡា។ កាលពីការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ ក្នុងចំណោម២៥ រាជធានី-ខេត្តដែលចូលរួមរាជធានីភ្នំពេញ ឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្ដើមបានមេ ដាយសរុប១០២គ្រឿង ដែលក្នុងនោះមេដាយ មាសចំនួន៤១គ្រឿង ប្រាក់៣៤គ្រឿង និង សំរឹទ្ធ២៧គ្រឿង។
ការប្រកួតកីឡាជាតិលើកទី២ រាជធានីភ្នំពេញ ឈរនៅចំណាត់ថ្នាក់លេខ២ ក្រោមក្រសួងមហាផ្ទៃ តែចំនួនមេដាយមានការកើនឡើង គឺមេដាយសរុប១២៤គ្រឿង ក្នុងនោះមាស៤២គ្រឿង ប្រាក់៣៦គ្រឿង សំរឹទ្ធ២៦គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments