Ad Code

មនុស្ស​ជំនិត​ ថោង សារ៉ា់ត់ បដិសេធ​ការ​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ប៉ុន្តែ​គ្មាន​ភស្តុតាង​បញ្ជាក់​



ភ្នំពេញ ​៖ ​តាំងពី​ព្រឹក​ព្រលឹម រហូតដល់​ល្ងាច​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​លើក​យក​សំណុំរឿង​ឧក្រិដ្ឋកម្ម​របស់​អតីត​ ឧកញ៉ា ​ថោង សារ៉ាត់ មក​បើកសវនាការ​បន្ត ដោយ​អវត្តមាន​ជន​ជាប់ចោទ ថោង សារ៉ាត់។

សវនាការ​ នា​ថ្ងៃនេះ តុលាការ​ ផ្ដោត​សំខាន់​លើ​ការសាកសួរ​លើ​ជនសង្ស័យ​ ឈ្មោះ សៀង វាសនា ដែល​ត្រូវ​បាន​សង្ស័យ​ថា​ ជា​ឃាតក​ដៃដល់​ក្នុង​ការ​ធ្វើឃាត ​ឧកញ៉ា​ អ៊ឹង ម៉េង​ជឺ ដោយ​ការ​បាញ់​ប្រហារ​នឹង​កាំភ្លើងខ្លី​ជាច្រើន​គ្រាប់​គ្មាន​ញញើត​ដៃ។

សៀង វាសនា អាយុ​៤៤​ឆ្នាំ មានមុខ​របរ​ជា​យោធា និង​ជា​ប្រធាន​ក្រុម​កង​អង្គរក្ស​របស់​ ថោង សារ៉ាត់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ពី​បទ​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២០០​ នៃ​ក្រម​ព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២២​ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​កន្លែង​លក់​ផ្លែឈើ​ស្រស់​ផ្សារ​អូឡាំពិក ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​ចំការមន។

ប្រឈមមុខ​បទចោទប្រកាន់​អំពី​បទឧក្រិដ្ឋ​នេះ ជន​ត្រូវ​ចោទ សៀង វាសនា បាន​បដិសេធ​ដាច់​អហង្ការ ថា ​ខ្លួន​គេ​មិនបាន​ប្រព្រឹត្ត​អំពើ​សម្លាប់​មនុស្ស​ដូច​ការចោទប្រកាន់​របស់​តុលាការ​ទេ។

សៀង វាសនា បាន​និយាយ​ថា នៅមុន​ថ្ងៃ​កើតហេតុ​ថ្ងៃ​ទី​២១ និង​ថ្ងៃ​កើតហេតុ​ ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ខ្លួន​គេ​បាន​សុំច្បាប់​ ឧកញ៉ា ថោង សា​រ៉ា​ត ឈប់សម្រាក​២​ថ្ងៃ ដោយសារ​មានធុរៈ លុះដល់​ព្រឹក​ថ្ងៃទី ២៣​វិច្ឆិកា ទើប​ខ្លួន​ឃើញ​តាម​ហ្វេសប៊ុក មាន​ករណី​បាញ់សម្លាប់​មនុស្ស​កើតឡើង។

ជនជាប់ចោទ​បាន​ឆ្លើយបំភ្លឺ​ទៀត​ថា ខ្លួនគេ​មិនដែល​ស្គាល់​ជនរងគ្រោះ​ទេ ដូច្នេះ​គេ​គ្មាន​ហេតុផល​ណា​ហ៊ាន​សម្លាប់​មនុស្ស​នោះ​ឡើយ។

កាលពី​ថ្ងៃទី​២៥​ ខែ​កុម្ភៈ ឆ្នាំ​២០១៩ តុលាការ​ បាន​សាកសួរ​ជនជាប់ចោទ​ ឈ្មោះ​ មាស សម្បត្តិ និង​ឈ្មោះ ឈុន ចិ​ត្រា ដែល​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ដែល​សង្ស័យ​ថា ​ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ប៉ុន្តែ​ ឈ្មោះ​ មាស សម្បត្តិ និង​ ឈ្មោះ ឈុន ចិ​ត្រា បាន​បដិសេធ ថែមទាំង​ព្យាយាម​មិន​ឆ្លើយ​នឹង​សំណួរ​របស់​តុលាការ​ទៀតផង។

ថោង សារ៉ាត់ ,​សៀង វាសនា ,​និង​ឈ្មោះ លី សៅ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ឃាតកម្ម​គិត​ទុក​មុន ​តាម​មាត្រា​២០០​ នៃ​ក្រម​ព្រហ្មទណ្ឌ។ ក្នុង​ករណី​ដែល​តុលាការ​រកឃើញថា ​ជន​ជាប់​ចោទ​បាន​ប្រព្រឹត្ត​នូវ​បទឧក្រិដ្ឋ​កម្ម​ដូច​ការចោទប្រកាន់​នោះ ជនជាប់ចោទ​ត្រូវ​ប្រឈមមុខ​ជាប់​ពន្ធនាគារ​អស់​មួយជីវិត។

ជនជាប់ចោទ​ ឈ្មោះ លី សៅ អាយុ​៤២​ឆ្នាំ ជា​អង្គរក្ស ​ថោង សារ៉ាត់ ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ​ កាលពីដើមឆ្នាំ​២០១៨​ ដោយ​រោគាពាធ។ ដូច្នេះ​ តុលាការ​ នឹង​សម្រេច​រំលត់​បណ្ដឹង​អាជ្ញា។

សេចក្ដីរាយការណ៍​បន្ទាប់​ នៅ​ថ្ងៃទី​០៦ ខែ​មិនា ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​០៧​មីនា លោក​ចៅក្រម តុ​ប ឈុន​ហេង អនុប្រធាន​តុលាការ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ នឹង​លើក​យក​សំណុំរឿង​ក្រុម​ លោក​ ថោង សារ៉ាត់​ មក​បើកសវនាការ​បន្ត​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu