ភ្នំពេញ ៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងប្រាប់កម្ពុជាថ្មី កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ថា នៅថ្ងៃទីមួយ នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា មានគណបក្សចំនួន២ហើយ បានទៅចុះបញ្ជី គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សយុវជនកម្ពុជា។
ដំណើរការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ហើយការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សា ត្រូវធ្វើនៅគណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ហើយគណបក្សនយោបាយ ដែលមានបំណងឈរឈ្មោះបោះឆ្នោតត្រូវយកគំរូពាក្យស្នើសុំនៅលេខាធិការដ្ឋានគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត ឬអាចទាញយកគំរូពាក្យស្នើសុំពីគេហទំព័ររបស់ គ.ជ.ប។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទៅ២៦ ខែឧសភា ឆ្នាំ២០១៩ ហើយការចុះឈ្មោះអ្នកបោះឆ្នោត បានចាប់ផ្តើមដំណើរ កាលពីថ្ងៃទី០៤ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ មានរយៈពេល១៣ថ្ងៃ ដោយមិនរាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យផ្លូវការ។ ក្នុងនោះការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន១,៦៤៦ នៅទូទាំងប្រទេសត្រូវបានបើកព្រមៗគ្នាក្នុងថ្ងៃតែមួយ។ អ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងមុខតំណែង ដែលមានសមាជិក សរុបចំនួន១១,៥៧២ នាក់ ទូទាំងប្រទេស។
ទាក់ទងការបោះឆ្នោតក្រុមប្រឹក្សានេះដែរ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ បានស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលក្នុងការចេញលិខិតបញ្ជាក់ផ្សេងៗជូនដល់បេក្ខជនឈឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments