ភ្នំពេញ ៖ ខណ្ឌគណៈអភិបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុន្នីបានថ្លែងថា ស្ដ្រីបានដើរ តួនាទីយ៉ាងសំខាន់ណាស់ ដែលមិនអាចខ្វះបានឡើយក្នុងសង្គម ជាក់ស្ដែងនៅមានមន្ត្រីខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាសង្កាត់ អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ និងក្នុងជួរថ្នាក់ដឹកនាំភូមិ សរុបប្រមាណ២០០នាក់ ដែលបាននឹងកំពុងបំពេញការងារយ៉ាងសកម្ម ដើម្បីជួយជំរុញដល់ វិស័យខណ្ឌ មួយនេះ កាន់តែមានភាពល្អប្រសើរ។
ការថ្លែងដូច្នេះរបស់លោក ពេជ្រ កែវមុន្នី ក្នុងឱកាស ប្រារព្ធពិធីខួប អនុស្សាវរីយ៍លើកទី១០៨ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បី អភិវឌ្ឍ ធនធានមនុស្ស» នៅទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩។
លោក ពេជ្រ កែវមុន្នីបានថ្លែងថា ទិវាអន្ដរជាតិនារី៨មីនា ជាទិវាមួយដែល សាលាខណ្ឌមានជ័យតែងតែប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដើម្បីរំលឹក ពីការតស៊ូរបស់នារី ដែលជាពលករទូទាំងសាកលលោក ក្នុងការទាមទារ សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្ដសិទ្ធិស្មើគ្នា រវាងបុរស និងស្ដ្រី ។ ម្យ៉ាងទៀត ដើម្បីបញ្ជាក់ពីការចូលរួមរបស់ស្ដ្រី ដែលជាធនធានដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងសង្គម ក្នុងការចូលរួមចំណែក ឈានទៅអភិវឌ្ឍប្រទេសជាតិ។
ជាពិសេស ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងគតិបណ្ឌិត របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាននឹងកំពុងយកចិត្ដទុកដាក់ខ្លាំង ក្នុងការងារបញ្ជ្រាប យេនឌ័រ លើគ្រប់វិស័យទូទាំងកម្ពុជា ។ ជាងនេះទៅទៀត លោកនាយក រដ្ឋមន្ដ្រី ក៏បានដាក់ចេញនូវគោលនយោបាយ ចំពោះស្ដ្រីមានផ្ទៃពោះ ជាមន្ដ្រីរាជការ ស៊ីវិល នគរបាល និងយោធា ត្រូវទទួលបានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល នៅពេលសម្រាលកូន មួយចំនួន ៨០ម៉ឺនរៀល និង៤០ម៉ឺនរៀលចំពោះកម្មករជានារី ព្រមទាំងទទួលបានប្រាក់បៀវត្សរ៍ ១០០% ក្នុងអំឡុង ពេល សម្រាកលំហែមាតុភាពទៀតផង។ លើសពីនោះ ក៏នឹងមានប្រាក់ឧបត្ថម្ភសម្រាប់ស្ដ្រីក្រីក្រ ចាប់តាំងពីពេលពរពោះ រហូតដល់ពេលក្រោយសម្រាលផងដែរ។
ទន្ទឹមនឹងនោះ លោកអភិបាលខណ្ឌបានជំរុញលើកទឹកចិត្ដ និងស្នើដល់ស្ដ្រីៗ ត្រូវចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមកនៅក្នុងការបំពេញ ការងារកាន់តែ ល្អប្រសើរ ដើម្បីបង្កើននូវភាពសុខដុមរមនាបន្ថែមទៀត នៅក្នុងស្ថាប័ន ការងារ៕
Source: Kampuchea Thmey Daily
0 Comments