Ad Code

សម្តេច​តេ​ជោ ៖ ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង ជាការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ដល់​ឯករាជ្យ អធិបតេយ្យភាព ក៏ដូចជា​សន្តិភាព​និង​ស្ថិរភាព​របស់​កម្ពុជា



ភ្នំពេញ​ ៖​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ការ​ដាក់​សម្ពាធ​យក​ឆន្ទៈ​ប្រទេស​ធំ​មក​បង្ខំ​ឲ្យ​កម្ពុជា​ទទួលយក វា​ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ដល់​ឯករាជ្យ អធិបតេយ្យភាព ក៏ដូចជា​គំរាមកំហែង​ដល់​សន្តិភាព​និង​ស្ថេរភាព​កម្ពុជា។ សម្តេច​មានប្រសាសន៍ថា ការ​ការពារ​ផលប្រយោជន៍​ជាតិ​ពិសេស​ការពារ​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ បាន​ក្លាយជា​ទៅជា​អាទិភាព​ចម្បង​ក្នុង​ការងារ​ការទូត​របស់​កម្ពុជា​ផងដែរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ឆ្នាំ ២០១៩ នា​ព្រឹក​ថ្ងៃទី​៧ ខែ​មិនា​នេះ នៅ​ក្រសួងការបរទេស។



សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា «​ពិត​ណាស់​ការងារ​ធំ​ទីមួយ​គឺ​ការពារ​ផលប្រយោជន៍​ជាតិ ពិសេស​ការពារ​ឯករាជ្យ​និង អធិបតេយ្យ បាន​ក្លាយជា​ទៅជា​អាទិភាព​ចម្បង​ក្នុង​ការងារ​ការទូត​របស់​យើង ក្នុង​បរិបទ​នៃ​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ការ​ដាក់​សម្ពាធ​គាបសង្កត់​យក​ឆន្ទៈ​ប្រទេស​ធំ​មក​បង្ខំ​ឲ្យ​យើង​ទទួលយក ដែល​នេះ​ជាការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ដល់​ឯករាជ្យ​អធិបតេយ្យភាព​ក៏ដូចជា​គំរាមកំហែង​ដល់​សន្តិភាព និង ស្ថេរភាព​ប្រទេសជាតិ»។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​អះអាង​សាជាថ្មី​ថា « កម្ពុជា អរគុណ​ប្រទេស​និង​ស្ថាប័ន​ទាំងអស់​ដែល​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ ក្នុង​ការ​ស្ដារ​និង​កសាង​ជាតិ​ឡើងវិញ​កន្លងមក។ ​ប៉ុន្តែ​យើង​មិន​ប្ដូរ​អធិបតេយ្យ​របស់​យើង​ជាមួយនឹង​ជំនួយ​ណា​ជាដាច់ខាត យើង​ត្រូវ​បន្ត​ការពារ​នូវ​សិទ្ធិ​អធិបតេយ្យ​របស់​យើង ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ដោយ​ឯករាជ្យ ដើម្បី​ការពារ​ប្រយោជន៍​គោល​របស់​ជាតិ​យើង​ការពារ​សន្តិភាព ភាព​សុខសាន្ត​របស់​ប្រជាជន ប្រឆាំង​តប​នឹង​រាល់​ការប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​កើត​ចេញពី​ឆន្ទៈ​និង​ការ​គាំទ្រ​របស់​ប្រជាជន​ភាគច្រើន​លើសលប់​»។



ជា​មួយ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គាំទ្រ​ដល់​ការ​ប្តេជ្ញាចិត្ត​របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​និង​គ្រប់​ស្ថាន​បេសកកម្ម​របស់​កម្ពុជា​នៅក្រៅ​ប្រទេស​ក្នុង​ការ​តស៊ូ​ដើម្បី​ការពារ​យុត្តិធម៌​ជូន​រាជរដ្ឋាភិបាល ជូន​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា។ ​សម្តេច​តេ​ជោ​បាន​បន្តថា នៅ​ចំពោះមុខ​សភាពការណ៍​តំបន់​និង​ពិភពលោក​ដែល​កំពុង​វិ​វត្តន៍​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ស្មុគស្មាញ​មិនអាច​ប៉ាន់ស្មាន​បាន​និង​ប្រកបដោយ​គ្រោះថ្នាក់​នោះ ការ​កាច់ចង្កូត​នាវា​កម្ពុជា​ទាមទារ​ការថ្លឹងថ្លែង​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់​។ សម្តេច​បន្តទៀតថា ត្រង់​នេះ​ហើយ​ ដែល​ការអនុវត្ត​នូវ​នយោបាយ​ការបរទេស​ប្រកបដោយ​ភាព​បត់បែន វាងវៃ​តប​នឹង​ការប្រែប្រួល​និង​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ​និង​ការប្រកួតប្រជែង​ដ៏​តានតឹង​របស់​មហាអំណាច​នានា​នោះ​មាន​សារៈ​សំខាន់​បំផុត ដើម្បី​រក្សា​ឲ្យ​បាន​នូវ​លក្ខខណ្ឌ​ចាំបាច់​នានា​ដើម្បី​ការពារ​សន្តិភាព ស្ថិរភាព​ដំណើរការ​អភិវឌ្ឍ​ប្រទេសជាតិ​ដោយ​ឈរ​លើ​គោលការណ៍​អព្យាក្រឹត្យ​អចិន្ត្រៃយ៍​និង​មិន​ចូលបក្ស​សម្ព័ន្ធ​។ គោលនយោបាយ​ក្នុងស្រុក​និង​គោ​លន​យោ បាយ​ការបរទេស​បំពេញ​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​ទំនាក់ទំនង​មិនអាច​កាត់ផ្ដាច់​ចេញពី​គ្នា​បាន​ឡើយ​។



សម្តេច​បន្ត​ថា យើង​ត្រូវ​បន្ត​អនុវត្ត​តាម បាវចនា ២ របស់​រាជរដ្ឋាភិបាល​គឺ​កែទម្រង់​ខាងក្នុង បង្កើត​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ពង្រឹង​ឯករាជ្យ អធិបតេយ្យភាព​ជាតិ នឹង​បន្ត​បង្កើន​ទំនាក់ទំនង​និង​សកម្មភាព​ការទូត​ដើម្បី​ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព​និង​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​នានា​នៅលើ​លោក​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​ដើម្បី​លើកស្ទួយ​ផលប្រយោជន៍ និង កិត្យានុភាព​ជាតិ​កម្ពុជា។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​កត់​សំគាល់​ថា ការផ្លាស់ប្ដូរ​ពី​របៀប​ធ្វើ​ការងារ​ការទូត​ជា​ប្រពៃណី មកជា​ការងារ​ការទូត​ដែល​ផ្ដោត​សារៈសំខាន់​ដល់​ការលើកស្ទួយ​សេដ្ឋកិច្ច វប្បធម៌​និង ទេសចរណ៍​គឺជា​ការឆ្លើយតប​យ៉ាង​ត្រឹមត្រូវ​ទៅនឹង​សភាពការណ៍​ថ្មី ដែល​ទាមទារ​ឲ្យ​អ្នកការទូត យើង​រួមវិភាគទាន​កាន់តែ​ធំ​ដល់​ការជំរុញ​សេដ្ឋកិច្ច និង​វិនិយោគ​ទាក់ទាញ​ទេសចរណ៍​និង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ជាតិខ្មែរ។​ សម្តេច​តេ​ជោ​បន្តថា ត្រូវ​ប្រែក្លាយ​ការ​ប្រឈម​ទាំងឡាយ​ឲ្យ​ក្លាយទៅជា​កាលានុវត្តភាព​ដើម្បី​ពង្រឹង​ខ្លួនឯង​រស់​ដោយ​ខ្លួនឯង និង​អភិវឌ្ឍ​ខ្លួនឯង ដោយ​កាត់បន្ថយ​ការ​ពឹង​ពាក់​លើ​ជំនួយ​ពី​ខាងក្រៅ​ឲ្យ​នៅ​តិច​បំផុត​តាម​ដែល​អាចធ្វើ​ទៅ​បាន​។​ យើង​ក៏​នឹង​បន្ត​រួម​វិភាគ​ទាន​របស់​យើង​ក្នុង​បុព្វហេតុ​សន្តិភាព ស្ថិរភាព​និង​ក្នុង​ការ​ប្រយុទ្ធ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅលើ​លោក តួយ៉ាង​ប្រឆាំង​នឹង​ភេរវកម្ម​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការប្រែប្រួល​អាកាសធាតុ ការ​ជួញដូរ​គ្រឿងញៀន​និង​មនុស្ស ជំងឺឆ្លង​។​ល។



សម្តេច​តេ​ជោ​បន្ត​ថា ការងារ​ដែល​យើង​កំពុង​ធ្វើ​ក្នុង​ការ​ត្រៀម​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​១៣ ឆ្នាំ​២០២០ គឺជា​ការ​ចូលរួម​ចំណែក​លើ​បុព្វហេតុ​ខាងលើ​តាមរយៈ​ការ​គាំទ្រ​ពហុភាគី​និយម​ផង និង​ការ​លើកស្ទួយ​តួនាទី​របស់​កម្ពុជា​ក្នុង​ការកំណត់​របៀបវារៈ​អន្តរ​តំបន់​ផង។

សម្តេច​តេ​ជោ​បាន​បន្តទៀតថា ដូច​អ្វី​ដែល​សម្តេច​បានបញ្ជាក់​អះអាង​ជូន​លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក​កន្លងមក កម្ពុជា​ក៏​នឹង​បន្ត​បង្កើន​ការចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៅទីណា​ដែល​មាន​តម្រូវការ​នេះ គឺជា​វិភាគទាន​ដ៏​ថ្លៃថ្នូរ​បំផុត​របស់​កម្ពុជា ដែលជា​ប្រទេស​ធ្លាប់​រង​ទុក្ខវេទនា​ដោយសារ​សង្គ្រាម។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផង​ដែរ ​អំពី​ការប្រែប្រួល​របស់​ពិភពលោក​ដែល​ទាមទារ​ឲ្យ​កម្ពុជា ក៏​ត្រូវ​តែ​មាន​ការបត់​បែន​ឲ្យ​បាន​លឿន​ទៅតាម​សភាពការណ៍​និង ស្ថានភាព។ សម្តេច​បាន​លើក​ឡើង​ថា ពិភពលោក​បាន​ងាក​បត់​មក​រក​របៀប​របប​ពហុ​ប៉ូល ដំណាល​ពេល​ជញ្ជីង​កម្លាំង និង​អំណាច​បាន​ផ្អៀង​ពី​លោកខាងលិច​មក​លោក​ខាងកើត។ ដំណើរ​វិវត្តន៍​មកកាន់​របៀបរបប​ថ្មី​នេះ​បាន​បណ្តាល​ឲ្យ​មានការ​ប្រទាញប្រទង់​ប្រកួតប្រជែង​ដ៏​តានតឹង​រវាង​មហាអំណាច និង​តួអង្គ​នានា​ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​តំបន់​និង​ពិភពលោក​មាន​ការវិវត្ត​ន៍​ផ្លាស់​ប្តូរ​យ៉ាង​ជ្រាលជ្រៅ​ឆាប់រហ័ស ពិបាក​ប៉ាន់ស្មាន ស្មុគស្មាញ​និង​គ្រោះថ្នាក់​បំផុត​ទាំង​ក្នុង​ទិដ្ឋភាព​នយោបាយ​សេដ្ឋកិច្ច និង​យោធា ដំណើរ​វិវត្តន៍​ទៅកាន់​ពហុ​ប៉ូល​នេះ​ត្រូវ​ទទួលរង​នូវ​ការ​តស៊ូ​ដ៏​ស្វិតស្វាញ​រវាង​មហាអំណាច​ទី​១ ដែល​ចង់​រក្សា​ឧត្តមភាព​ទោល​លើ​ពិភពលោក ជាមួយ​មហាអំណាច​នានា​ដែល​កំពុង​ងើបឡើង​និង​ទាមទារ​តួនាទី​ចាត់ចែង​កិច្ចការ​ពិភពលោក​ស្របតាម​អំណាច​និង​សមត្ថភាព​ថ្មី​របស់​ខ្លួន។ ការ​ងាក​ចេញពី​ប្រព័ន្ធ​ពហុភាគី​និយម មកកាន់​ឯកតោភាគី​និយម​របស់​អាមេរិក ការ​ប្រឈម​ដាក់គ្នា​ក្នុង​ផ្នែក​សេដ្ឋកិច្ច ជាពិសេស​រវាង​សហរដ្ឋអាមេរិក​និង​ចិន សញ្ញា​ទាំងឡាយ​មានការ​រត់ប្រណាំង​សព្វាវុធ​ឡើងវិញ ការ​បើក​សមរភូមិ​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា​ទូរគមនាគមន៍ និង សញ្ញាណ​សិប្បនិម្មិត​សង្គ្រាម​ពាណិជ្ជកម្ម​ជាថ្មី​ជាដើម គឺជា​ផ្នែក​និង​ធាតុ​ផ្សំ​នៃ​ការប្រកួតប្រជែង​អំណាច​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ប្រទេស​តូចៗ ដូច​កម្ពុជា​យើង​ចៀស​មិន​ផុត​ឡើយ​ពី​ការ​រង​នូវ​ឥទ្ធិពល និង​សម្ពាធ​កើតចេញពី​ស្ថានភាព​ខាងលើនេះ។



បើ​យោង​តាម​របាយការណ៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិ​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា​ ឆ្នាំ​២០១៨​គឺជា​ឆ្នាំ​ដែល​កម្ពុជា​បាន​ធ្វើ​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ​តបត​ទៅនឹង​ការ​គំរាមកំហែង​លើ​ឯករាជ្យភាព​និង​អធិបតេយ្យភាព​របស់​ខ្លួន​តាមរយៈ​ការប៉ុនប៉ង​ជ្រៀតជ្រែក ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​និង​ការបន្ត​អនុវត្ត​បដិវត្តន៍​ពណ៌​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​។

ឆ្លើយតប​ទៅ​នឹង​សភាពការណ៍​នេះ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​បាន​ខិតខំ​យក​​ចិត្ត​ទុកដាក់​ធ្វើការ​ងារ​ធំៗ​ចំនួន ៥ ៖

ទី​១-​ពាក់ព័ន្ធ​ទៅនឹង​ការការពារ​ផលប្រយោជន៍​ជាតិ​ជាពិសេស​ការពារ​ឯករាជ្យ អធិបតេយ្យ​ភាព​ជាតិ។ ឆ្នាំ​២០១៨ គឺជា​ឆ្នាំ​ដែល​ក្រសួង​បានធ្វើ​ការ​តស៊ូ​យ៉ាង​ស្វិតស្វាញ​លើ​សមរភូមិ​ការទូត​និង​សាធារណមតិ​ ដើម្បី​ការពារ​និង​លើកកម្ពស់​មុខមាត់​កិត្យានុភាព​ជាតិ​នៅក្នុង​តំបន់​និង​នៅ​លើ​ឆាក​អន្តរជាតិ ក៏ដូចជា​ទប់ទល់​ការ​វាយបក​ប្រឆាំង​ទប់ទល់​វិបត្តិ​វាយបក​ប្រឆាំង​ទល់នឹង​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។



ទី​២-​ការបង្កើត​គោលនយោបាយ​ការបរទេស​ប្រកបដោយ​ភាព​បត់បែន​វាងវៃ​តប នឹង​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ។ បច្ចុប្បន្ន​កម្ពុ​ជា​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចំនួន ១៧២ គិត​ត្រឹម​ឆ្នាំ​២០១៨ នេះ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​ការទូត​និង​ផ្លូវការ​ជាមួយ ៣៤ ប្រទេស ។

ទី​៣-​អនុវត្ត​ការងារ​ការទូត​សេដ្ឋកិច្ច​និង​វប្បធម៌​ទេសចរណ៍​ដើម្បី​រួមចំណែក​ពង្រឹង​សេដ្ឋកិច្ចជាតិ​ដែល​នេះ​គឺជា​ការ​ចាប់ផ្ដើម​ផ្ដល់​សារៈសំខាន់ នៅក្នុង​ការរួមចំណែក​ជំរុញ​លើកស្ទួយ​ទំនាក់ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វប្បធម៌​និង​ទេសចរណ៍​បន្ថែម​ពីលើ​ការងារ​ការពារ​ប្រពៃណី​ផង​ដែរ។

ទី​៤-​ការចូលរួម​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត​ដល់​បុព្វហេតុ​សន្តិភាព ស្ថិរភាព​និង​ការ​ប្រយុទ្ធ​និង​ការ​ប្រឈម​នានា​នៃ​ពិភពលោក ការ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ឧក្រិដ្ឋកម្ម​ឆ្លងដែន​មានការ​ប្រែប្រួល​អាកាសធាតុ​ជំងឺឆ្លង​។

ទី​៥-​ការ​បន្ត​ការដ្ឋាន​កំណែ​ក​ទំរង់​នៅក្នុង​ស្ថាប័ន​ក្រសួង​ដើម្បី​រៀបចំ​អង្គ​អ្នកការទូត​ប្រកប ដោយ​វិជ្ជាជីវៈ ស្នេហា​ជាតិ សកម្ម និង​មាន​សមត្ថភាព។



នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​និង​សកម្មភាព​ទាំងឡាយ​សំដៅ​កែទម្រង់​ការងារ​ក្រសួង​ឲ្យ​មាន​ប្រសិទ្ធភាព និង សមធម៌ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​របស់​មន្ត្រី​បុគ្គលិក ការ​បង្កើន​ប្រាក់បៀវត្ស​ជូន​មន្ត្រីការ​ទូត​ទៅ​បរទេស។ ការបង្កើត​ថវិកា​ដំណើរការ​ស្ថាន​បេសកកម្ម ១០​ភាគរយ និង​ការ​ផ្ដល់​ប្រាក់​រង្វាន់​សម្រាប់​មន្ត្រី​ក្នុងស្រុក​សុទ្ធសឹង​ជា​វិធាន​ការដែល​សម្តេច​គាំទ្រ​។ ការ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​វិទ្យាស្ថាន​ជាតិ​ការទូត និង ទំនាក់ទំនង​អន្តរជាតិ​កាលពី​ឆ្នាំទៅ​មិញ​ក៏​នឹង​រួមចំណែក​ដ៏​សំខាន់បំផុត​ក្នុង​ការ​បង្កើត​និង​ពង្រីក​ចំណេះដឹង​ទទួល​បាន​បទពិសោធន៍​ថែមទៀត​ដើម្បី​កសាង​ជួរ​អ្នកការទូត​ដែល​ប្រកបដោយ​ដោយ​វិជ្ជាជីវៈ មាន​សមត្ថភាព​ខ្ពស់ និង ទឹកចិត្ត​ស្មោះត្រង់​ក្នុងការ​ការពារ​ផលប្រយោជន៍​ស្នូល​របស់​ប្រទេស​និង​ប្រជាជន។

សម្តេច​បន្តថា នយោបាយ​ការបរទេស​គឺជា​យុទ្ធសាស្ត្រ ហើយ​ការទូត​គឺជា​មធ្យោបាយ​និង​ជា​វិធីសាស្ត្រ​ក្នុងការ​លើកស្ទួយ​ផលប្រយោជន៍​ជាតិ​ឲ្យ​សម​ស្របតាម​យុទ្ធសាស្ត្រ​នោះ។ ដូច្នេះ​ការយកចិត្តទុកដាក់​លើ​ធនធានមនុស្ស អ្នកការទូត​ដែល​ជា​អ្នក​អនុវត្ត​ផ្ទាល់​នូវ​នយោបាយ​ការបរទេស​របស់​រាជ​រដ្ឋាភិបាល​គឺ​មាន​សារៈសំខាន់​ខ្លាំងណាស់។ ការ​ដំឡើង​ឋានៈ តែងតាំង​មុខតំណែង​ដោយ​ផ្អែកលើ​សមត្ថភាព ឥរិយាបថ​ការងារ ភាព​អំណត់​ព្យាយាម​តាម​ទិស​ស្លោក «​កុំ​យក​លុយ​ទៅ​ដូរ​ប៉ុស្តិ៍ កុំ​យក​ប៉ុស្តិ៍​ទៅ​រក​លុយ​» នោះ​គឺជា​កត្តា​កំណត់​សំខាន់​បំផុត​ដើម្បី​បង្កើត​បាន​នូវ​តម្លាភាព សមធម៌ និង បរិយាកាស​មួយ​ដែល​លើកទឹកចិត្ត​ដល់​មន្ត្រី​បុគ្គលិក​ទាំងអស់​ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu