អ្នកប្រដាល់ជើងខ្លាំងជើងចាស់កម្ពុជា គឺ ម៉ឺន សុភា សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃកាំឡៃផេត ផាកថុងឆ័យ (Kamlaipetch Phakthungchai) ហើយម៉ឺន មេឃា អ្នកប្រដាល់វ័យក្មេងក្លិបអេភូថងកីឡា ជួបជាមួយ អេកអាំនួយ ឆ.ឈោកអាំនួយ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ នេះ។
ម៉ឺន សុភា និង កាំឡៃផេត ពួកគេទាំងពីរ ជួបប្រកួតគ្នាក្នុងប្រភេទទម្ងន់៧២គីឡូក្រាម។ សុភា បានបាត់មុខពីសង្វៀនប្រមាណ៤ខែហើយ បន្ទាប់ពីគេប្រកួតចុងក្រោយស្មើជាមួយអ្នកប្រដាល់ថៃបួគៀវ(Buakeaw) កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងមកនោះ។
កាំឡៃផេត អ្នកប្រដាល់ថៃរូបនេះ ធ្លាប់មកវាយនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក។ យ៉ាងណា កាំឡៃផេត ជាជើងខ្លាំងមួយរូបនៅស្រុកថៃ។ បើតាមប្រវត្តិរបស់ កាំឡៃផេត គេមកវាយនៅស្រុកខ្មែរ ក៏កម្រមានអ្នកយកឈ្នះបានដែរ។ គេធ្លាប់វាយឈ្នះ រឿង សោភ័ណ្ឌ ពីរលើក ឈ្នះឡុង សុភីមួយលើក ឈ្នះ ឡុង សុវណ្ណឌឿន មួយលើក និង ឈ្នះ ផុន ផាន់ណាមួយលើក ហើយក៏ធ្លាប់ចាញ់ មឿន សុខហ៊ុច មួយលើក ចាញ់ព្រំ សំណាង ពីរលើក ចាញ់ ឡៅ ចន្ទ្រា ដោយពិន្ទុ ហើយបានផ្ដួលយកឈ្នះ វង្ស ណយ ពីរលើក ដែលលើកទី១ គេឈ្នះវង្សណយ ក្នុងទឹកទី២ (ថ្ងៃទី២៩កញ្ញា២០១៧) និងលើកទី២ ឈ្នះ វង្ស ណយ ដោយពិន្ទុ(២០តុលា២០១៨) និងចុងក្រោយនេះ(០៩ធ្នូ២០១៨) គេវាយស្មើជាមួយ ឯម ឡេងលី ក្លិបថ្មគោលពោធិ៍សែនជ័យ។ ដូច្នេះ ម៉ឺន សុភា គេប៉ះដៃគូខ្លាំងហើយលើកនេះ។
ម៉ឺន សុភា បើប្រៀបជាមួយ កាំឡៃផេត ពិបាកទស្សន៍ទាយមុនថា អ្នកណាឈ្នះ អ្នកណាចាញ់ណាស់ ព្រោះថាពួកគេទាំងពីរមើលទៅខ្លាំងដូចគ្នា។ បើធៀបជាមួយប្រវត្តិប្រកួតរបស់ពួកគេទាំងពីរនោះ កាំឡៃផេត មានកំណត់ត្រាប្រកួតចំនួន១០៦លើកឯណោះ ឈ្នះ៨១លើក ចាញ់២១លើក និង ស្មើ០៤លើក ខណៈដែល ម៉ឺន សុភា មានកំណត់ត្រាប្រកួតតែ៨៧លើក ក្នុងនោះឈ្នះ៧០លើក ចាញ់១៤លើក និងស្មើ០៣លើកនោះ។
ទោះជាយ៉ាងនេះក្តី ម៉ឺន សុភា មិនអាចធ្វេសប្រហែស ឬមើលងាយ កាំឡៃផេត បានឡើយ ព្រោះអ្នកប្រដាល់ថៃរូបនេះ មិនសាមញ្ញនោះទេ ព្រោះគេធ្លាប់ឈ្នះជើងខ្លាំងរបស់កម្ពុជាច្រើនរូបហើយ គឺបញ្ជាក់ថា គេមិនអន់នោះទេ។
កាំឡៃផេត មិនអាចធ្វេសប្រហែសជាមួយម៉ឺនសុភាបានឡើយ ព្រោះអ្នកប្រដាល់ជើងខ្លាំងជើងចាស់របស់កម្ពុជារូបនេះ មិនសាមញ្ញនោះដែរ ព្រោះគេធ្លាប់ឈ្នះជើងខ្លាំងរបស់ថៃច្រើនរូបហើយ។
សុភា ខ្លាំងកណ្ដាប់ដៃ ពិសេសកណ្ដាប់ដៃឆ្វេង។ តែទោះជាយ៉ាងណា សុភា ក៏ត្រូវប្រយ័ត្នដែរ សម្រាប់ការប្រកួតលើកនេះ។ ដូច្នេះចាំមើល តើនរណាឈ្នះរវាងម៉ឺន សុភានិង កាំឡៃផេត នេះ?។
ចំពោះ អ្នកប្រដាល់វ័យក្មេងម៉ឺន មេឃា ក្លិបអេភូថងកីឡា ដែលត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ អេកអាំនួយ ឆ.ឈោកអាំនួយ (Eakaumnuay Chhor. Chhork amnuay) នោះ មិនដឹងថា ម៉ឺន មេឃា អាចយកឈ្នះអ្នកប្រដាល់ថៃនេះបាន ឬអត់នោះទេ?។ ពួកគេទាំងពីរ ប្រកួតគ្នាក្នុងទម្ងន់៦៥ គីឡូក្រាម។
អេកអាំនួយ ជាអ្នកប្រដាល់ជើងចាស់នៅស្រុកថៃ។ តាមប្រវត្តិ អេកអាំនួយ ធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរច្រើនលើកហើយកន្លងមក។ ទោះជាយ៉ាងនេះក្តី អ្នកប្រដាល់ថៃរូបនេះ លើកនេះជួបប្រកួតជាមួយម៉ឺន មេឃា ប្រហែលជាមានការលំបាកបន្តិចហើយ ព្រោះមេឃា ដែលជាកូនបង្កើតរបស់អតីតកែងឆេះ ជង្គង់ហោះ អេភូថង គេទទួលការហ្វឹកហាត់ពីឪពុករបស់គេយ៉ាងស្ទាត់ជំនាញ ។ ម៉ឺន មេឃា មានបច្ចេកទេសល្អ កណ្តាប់ដៃរហ័ស ខ្លាំង ហើយកែង ក៏មុតស្រួចទៀតផង។
ម៉ឺន មេឃា យ៉ាងណា គឺមិនអាចថាអ្នកប្រដាល់ថៃអេកអាំនួយ គេខ្សោយជាងខ្លួន នោះទេ ព្រោះអេកអាំនួយ គេធ្លាប់វាយឈ្នះចាញ់ជាមួយអ្នកប្រដាល់ជើងខ្លាំងខ្មែរយើងច្រើននាក់ហើយ ដូចជា ឈឿន ឆៃដែន ,មឿន សុខហ៊ុច, ផាន់ គ្រាន់ ,មាស ច័ន្ទមាន, សេក គឹមរួន, សុខ សុវណ្ណ, ហ៊ឹម សារ៉ាន់ , ទេស សំខាន់ ,ឡៅ ចន្ទ្រា...ជាដើម។ តែយ៉ាងណាអេកអាំនួយ គេមកប្រកួតលើកចុងក្រោយនៅកម្ពុជា (០១កុម្ភៈ២០១៩) គឺវាយចាញ់ ផល សោភ័ណ្ឌ ក្លិបតាឡីដំរីមានរិទ្ធ ដោយពិន្ទុ។
បើតាម លោក Prosith Phramkeson អ្នកដឹកនាំកីឡាករថៃមកប្រកួត បាននិយាយប្រាប់ឲ្យដឹងថា អេកអាំនួយ គេជាជើងខ្លាំងម្នាក់ដែលមានកណ្ដាប់ដៃខ្លាំង។ អ្នកប្រដាល់ថៃរូបនេះសឹងតែជាខ្លាចាស់ទៅហើយ ដោយមានប្រវត្តិប្រកួតចំនួន៨៩លើក ឈ្នះ៦២លើក ចាញ់២៦ និងស្មើ០១លើក ដែលផ្ទុយពីម៉ឺន មេឃា គេទើបមានប្រវត្តិប្រកួតតិចតួចប៉ុណ្ណោះ គឺ៣៦លើកទេ ដែលក្នុងចំនួននេះគេវាយឈ្នះ៣២លើកទៅហើយ ដោយចាញ់តែ០៤លើក។ ទោះជាយ៉ាងណា ម៉ឺន មេឃា ក៏ត្រូវប្រយ័ត្នដែរ សម្រាប់ការប្រកួតលើកនេះ។ ដូច្នេះចាំមើល តើនរណាឈ្នះរវាងម៉ឺន មេឃា និង អេកអាំនួយ នេះ ? ។
សូមបញ្ជាក់ថា ម៉ឺន មេឃា គេប្រកួតជាមួយថៃលើកចុងក្រោយនេះ បានផ្ដួលថៃជេន សឹក (Chen Sak) ឲ្យសន្លប់ក្នុងទឹកទី២ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ កន្លងមកនេះ៕
Source: Kampuchea Thmey Daily
0 Comments