ភ្នំពេញ ៖ កងកម្លាំងអាវុធហត្ថទាំង១២ខណ្ឌ និង ការិយាល័យជំនាញទាំងអស់ទទួលបានអំណោយដ៏ថ្លៃថ្លា របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថរាជលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីម្សិលមិញនេះសម្រាប់អបអរសាទរ និង បង្កើនកិច្ចការពារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅសល់តែប៉ុន្មានសប្តាហ៍ពេលឆាប់ៗខាងមុខនេះ។
មន្ត្រីអាវុធរាជធានីបានឲ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១២ ក៏ដូចជាកម្លាំងក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីទាំងអស់ ត្រូវបានលោកឧត្តមសេនីយ៍ឯកមេបញ្ជាការអាវុធហត្ថរាជធានីនាំនូវអំណោយដ៏ថ្លៃថ្លាចែកជូនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ក្នុងម្នាក់ៗទទួលបាន ទឹកក្រូច០១កេះ ទឹកដោះគោខាប់០៤ កំប៉ុង នំពា០១ថង់ និងអាវយឺត០១ សម្រាប់ពាក់ចូលរួមក្នុងពិធីជប់លៀង អបអរសាទរព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅថ្ងៃខាងមុខនេះពិសេសបង្កើនកិច្ចការពារទ្វេដង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពជូនប្រជាពលរដ្ឋតែម្តង។
ប្រភពបន្តថា ក្រៅពីវិធានការណ៍៣ចំណុចសំខាន់ៗរួមមានបង្ការ ការពារ និង បង្ក្រាបជាប្រចាំរួចមកកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម រួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជួយសម្រួលចរាចរជូនសិស្សានុសិស្សឆ្លងផ្លូវ គណៈប្រតិភូជាតិ និងអន្តរជាតិ តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ហើយកម្លាំងដែលចុះការពារតាមគោលដៅ ក៏បានឆ្លៀតពេលរើសសំរាម នៅតាមដងផ្លូវ ដើម្បីឲ្យបរិស្ថានមានសោភ័ណភាពល្អស្អាត។
ក្រៅពីបេសកកម្មការងាររបស់កម្លាំងក្នុងទីបញ្ជាការ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ ក៏បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួននាពេលរាត្រី ដោយពុំខ្លាចភាពនឿយហត់ឡើយ ដើម្បីសមជាអ្នកបំរើដ៏ស្មោះត្រង់របស់ពលរដ្ឋជាកត្តាសំខាន់បំផុតដែលកម្លាំងអាវុធហត្ថត្រូវតែអនុវត្តន៍ឲ្យខានតែបាន៕
Source: Kampuchea Thmey Daily
0 Comments