ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃពុធបានស្តីបន្ទោសដល់គោលនយោបាយការបរទេសរបស់លោក Donald Trump និងសម្ព័ន្ធភាពរបស់លោកជាមួយរដ្ឋាភិបាលក្រុងរីយ៉ាដដោយបានបោះឆ្នោតបញ្ឈប់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងសង្គ្រាមបង្ហូរឈាមដែលដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនៅប្រទេសយេមែន។
តំណាងរាស្ត្រនៅក្នុងសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានអនុម័តការកាត់បន្ថយជាប្រវត្តិសាស្ត្រនៃអំណាចសង្គ្រាមរបស់ប្រធានាធិបតីដោយបញ្ជាឲ្យលោក Trump ដកកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិកចេញពីសាធារណរដ្ឋយេមែនក្នុងរយៈពេល៣០ថ្ងៃ។
ការបោះឆ្នោតព្រឹទ្ធសភាមានសំឡេង៥៤ទល់នឹង៤៦ខណៈសមាជិកគណបក្សសាធារណរដ្ឋចំនួន៧នាក់បានផ្គើនទៅនឹងលោកប្រធានាធិបតីនិងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ។
ឥឡូវនេះ អត្ថបទនេះបានទៅដល់សភាតំណាងរាស្ត្រដឹកនាំដោយគណបក្សប្រជាធិបតេយ្យដែលបានអនុម័តវិធានការស្រដៀងគ្នានេះបន្ទាប់ពីជាប់គាំងកាលពីដើមឆ្នាំនេះហើយទំនងជាត្រូវឆ្លងកាត់កិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុត។
ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានបានគំរាមវ៉េតូដោយហៅវិធានការនេះថា “មានគុណវិបត្តិ” ហើយនិយាយថា វានឹងប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនៅក្នុងតំបន់និងប៉ះពាល់ដល់សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម។
វានឹងជាវិធានការទី១ដែលសភាអនុម័តក្នុងការដកច្បាប់សេចក្តីសម្រេចអំណាចសង្គ្រាមឆ្នាំ១៩៧៣ (1973 War Powers Resolution) ដើម្បីកាត់បន្ថយការប្រើអំណាចយោធារបស់ប្រធានាធិបតីដោយផ្ទាល់។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Mike Lee បាននិយាយថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីតមិនមែនជាសម្ព័ន្ធមិត្តដែលសមនឹងទទួលការគាំទ្រឬអន្តរាគមន៍យោធារបស់យើងនោះទេ។ លោកបាននិយាយថា អារ៉ាប៊ីសាអ៊ូឌីតទំនងជាប្រើប្រាស់អាវុធផ្ទាល់របស់យើងដើម្បីប្រព្រឹត្តអំពើសាហាវយង់ឃ្នងទាំងនេះ។
គួរបញ្ជាក់ថា សង្គ្រាមនៅយេមែនគឺជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតនៅលើពិភពលោកខណៈប្រជាជនប្រមាណ១៤លាននាក់កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។
អង្គការសុខភាពពិភពលោកបាននិយាយថា មនុស្សប្រហែល១ម៉ឺននាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមនេះថ្វីបើអង្គការសិទ្ធិមនុស្សនិយាយថា ចំនួនអ្នកស្លាប់មានខ្ពស់ជាងនេះក៏ដោយ៕ AFP
Source: Kampuchea Thmey Daily
0 Comments