ភ្នំពេញ ៖ កីឡាករជើងខ្លាំងទម្ងន់មធ្យមមឿង សុខហ៊ុច អ្នកប្រដាល់នៃពុទ្ធសេរីវង្សពោសែនជ័យកីឡា ដឹកដៃកីឡាករផាន រះ អ្នកប្រដាល់របស់ក្លិបតាព្រហ្មមានជ័យ ជួបប្រកួតជាមួយកីឡាករជើងខ្លាំងថៃរុងណាផា ស.សំរ៉ូងយីម និងកីឡាករថៃយ៉តស៊ុវិត វ៉.ស៊ុងនឺន នៃការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសុក្រទី២២ ខែមីនា ឆ្នាំ២០១៩នេះ។
កីឡាករមឿង សុខហ៊ុច ដែលត្រូវជួបជាមួយកីឡាករជនជាតិថៃរុងណាផា ស.សំរ៉ូងយីម ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ដែលអ្នកទាំង២នាក់នេះមិនដែលជួបគ្នាទេនាពេលកន្លងមកក្នុងកម្មវិធីនេះ តែកីឡាករថៃម្នាក់នេះ ធ្លាប់មកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនលើកមកហើយមានឈ្នះចាញ់ជាមួយកីឡាករជួរមុខរបស់កម្ពុជា។
មួយរយៈចុងក្រោយនេះមឿង សុខ ហ៊ុចត្រូ វបានគេមើលឃើញថា ដើរលុកលុយរករឿងតាមបណ្តាសង្វៀនទូរទស្សន៍ជាមួយអ្នកប្រដាល់ជើងចាស់ដែលខ្លាំងៗ និងកីឡាករអន្តរជាតិជាច្រើននាក់ដែលមានលទ្ធផលគួរឲ្យសរសើរ ជាមួយផ្តួលគូប្រកួតជាបន្តបន្ទាប់មកនោះ។ មឿង សុខហ៊ុច គេមានកាយសម្បទារឹងមាំ ព្រមទាំងមានស្នៀតកែង និងជង្គង់ ដែលធ្វើឲ្យគូរប្រកួតរបស់ខ្លួន ពិបាកទប់ទល់ និងជាស្នៀតសម្រាប់ផ្ដួលគូរប្រកួតដ៏អស្ចារ្យទៀតផង។ ការវាយចេញរបស់សុខហ៊ុច ធ្ងន់ហើយរហ័ស ជាពិសេសស្នៀតជើងទាត់ និងជង្គង់ របស់គេខ្លាំងណាស់ អាចបញ្ចេញបានភ្លាមៗស្របជាមួយដៃតែម្តង។ ប៉ុន្តែយ៉ាងណា មឿង សុខហ៊ុច ក៏មានចំណុចខ្សោយខ្លះដែរ គឺត្រង់វាយចេញហើយមិនសូវការពារវិញនោះទេ ដែលធ្វើឲ្យដៃគូប្រកួតឆាប់ដឹងពីចំណុចខ្សោយទាំងនេះ។ ចាំមើលមឿង សុខហ៊ុច អាចយកឈ្នះ កីឡាករថៃរុងណាផា ស.សំរ៉ូងយីម នេះបានដោយរបៀបណា?
ដោយឡែក កីឡាករផាន រះ ត្រូវជួបជាមួយកីឡាករថៃយ៉តស៊ុវិត វ៉.ស៊ុងនឺន ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម អ្នកទាំងពីរក៏មិនធ្លាប់ជួបគ្នាដែរនាពេលកន្លងមក ស្នៀតខ្លាំងរបស់កីឡាករថៃគឺជើងទាត់កាត់ ជង្គង់ និងស្នៀតកាច់ផ្តួលគូប្រកួតឲ្យដួលទាំងជំហ៊ ហើយមានកម្លាំងស៊ុហ្វខ្លាំងទៀតផង។
ការជួបគ្នារវាងអ្នកទាំងពីរ ត្រូវបានអ្នកតាមដានកីឡាប្រដាល់ក្នុងស្រុកលើកឡើងថា ភាគរយនៃការឈ្នះគឺហាសិបភាគរយម្នាក់ប៉ុណ្ណោះ ព្រោះកីឡាករកម្ពុជាផាន រះ វាយពេលខ្លះឃើញល្អតែពេលខ្លះវាយអន់ ពេលខ្លះគេប្រើក្បាច់បានគ្រប់ស្នៀត តែពេលខ្លះគេឃើញផាន រះ វាយចេញតែកណ្តាប់ដៃមួយមុខ ដោយសារតែចិត្តប្រដាល់របស់គេតូច ហើយអន់ខាងកម្លាំងសុហ្វទៀតផងនោះ ឆាប់ធ្វើឲ្យគូប្រកួតដឹងពីចំណុចខ្សោយរបស់គេ។ ចាំមើលផាន រះ ជាអ្នកឈ្នះឬកីឡាករថៃយ៉តស៊ុវិត វ៉.ស៊ុងនឺន?៕
Source: Kampuchea Thmey Daily
0 Comments