ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានអះអាងថា នៅឆ្នាំ២០១៩នេះជំងឺគ្រុនឈាមអាចនឹងផ្ទុះលក្ខណៈទ្រង់ទ្រាយធំ ខណៈនៅដើមឆ្នាំនេះជំងឺគ្រុនឈាមមានការកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលបានមានប្រសាសន៍ថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានត្រៀមថ្នាំអាបេតជាង២០០តោន សេរ៉ូម៤ម៉ឺនប្លោក ទឹកថ្នាំបាញ់សម្លាប់មូស៣ពាន់លីត្រ ផលិតខិតប័ណ្ណអប់រំស្តីពីជំងឺគ្រុនឈាមរួចរាល់ហើយដើម្បីបង្ការនិងការពារទប់ស្កាត់ក្នុងករណីជំងឺគ្រុនឈាមមានការរាតត្បាតលក្ខណៈទ្រង់ទ្រាយធំ។
ជាមួយគ្នានេះដែរ កម្មវិធីជាតិក៏បានបណ្តុះបណ្តាលដល់គ្រូបង្គោលផ្នែកជំងឺគ្រុនឈាមនៅទូទាំងប្រទេសដើម្បីបង្ហាត់បង្រៀនបន្តដល់គ្រូពេទ្យរដ្ឋនិងឯកជនឲ្យចេះពីវិធីព្យាបាលជំងឺនិងចុះអប់រំផ្សព្វផ្សាយស្តីពីជំងឺគ្រុនឈាមនៅតាមសហគមន៍នានាពិសេសនៅតាមបណ្តារាជធានីខេត្តដែលមានករណីជំងឺគ្រុនឈាមច្រើនជាងគេ។
លោកវេជ្ជបណ្ឌិត លាង ឬទ្ធាបានមានប្រសាសន៍ថា ការកើនឡើងនៃករណីជំងឺគ្រុនឈាមនៅឆ្នាំនេះដោយសារការបម្រែបម្រួលអាកាសធាតុពិសេសអាកាសធាតុក្តៅអាចបង្កលក្ខណៈងាយស្រួលក្នុងការកកើតមូសខ្លាច្រើន ខណៈមានការសាងសង់សំណង់អគារធំៗដែលមានមនុស្សរស់នៅកកកុញនិងមានបរិស្ថានមិនល្អដែលងាយកកើតមូសច្រើនពិសេសត្រូវដល់វេនឆ្នាំមានការផ្ទុះជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិតបានអំពាវនាវដល់សាធារណជននិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវចូលរួមសំអាតអនាម័យនៅជុំវិញលំនៅឋាននិងទីសាធារណៈឲ្យបានស្អាតដូចជាលុបបំបាត់សំបកកង់ឡាន កង់ម៉ូតូចាស់ៗនិងរាល់វត្ថុដែលអាចដក់ទឹកបានព្រោះវាជាជំរកនៃការកកើតដង្កូវទឹកដែលវិវត្តន៍ទៅជាមូសខ្លាដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដើម្បីការពារកុំឲ្យឆ្លងជំងឺគ្រុនឈាមដល់កុមារនិងមនុស្សគ្រប់វ័យ។
ទន្ទឹមនឹងនេះមន្ត្រីសុខាភិបាលនៅតាមសហគមន៍នានា ពិសេសនៅខេត្តដែលមានការប្រឈមនឹងជំងឺគ្រុនចាញ់ខ្ពស់រួមមានរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺនិងកំពង់សោមជាដើមត្រូវបង្កើនការអប់រំផ្សព្វផ្សាយស្តីពីវិធីការពារជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋបានយល់ដឹងដើម្បីឲ្យពួកគាត់ចូលរួមអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ជៀសផុតពីភាពអាចមានការផ្ទុះឡើងនូវជំងឺគ្រុនឈាម នៅក្នុងឆ្នាំនេះនិងឆ្នាំបន្តបន្ទាប់ទៀត។
លោកវេជ្ជបណ្ឌិតបានស្នើឲ្យព្រះសង្ឃចូលរួមអប់រំនិងផ្ញើរសារស្តីពីជំងឺគ្រុនឈាមនេះដល់ពុទ្ធបរិស័ទដូនជីតាជីតាមរយៈកម្មវិធីផ្សេងៗដូចជាពិធីសូត្រមន្ត ឬ ទេសនាដើម្បីឲ្យពួកគាត់ជួយផ្សព្វផ្សាយបន្តដល់កូនចៅនៅផ្ទះការពារខ្លួនកុំឲ្យឆ្លងជំងឺគ្រុនឈាម។ លើសពីនេះទៀតកម្មវិធីជាតិក៏បានធ្វើការផ្សព្វផ្សាយស្តីពីជំងឺគ្រុនឈាមនេះនៅតាមវិទ្យុ ផ្ទាំងអប់រំសុខភាពបិតនៅតាមសាលានិងវត្តអារាមផងដែរ។
ចំណែក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប បើសង្ស័យថា មានជំងឺគ្រុនឈាមដូចជាមានអាការៈក្តៅខ្លួនចាប់ពី ៣៩ទៅដល់៤០ អង្សារនឹងមានរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬកួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាមតាមអញ្ចាញធ្មេញជាដើមត្រូវរួសរាន់បញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីឲ្យគ្រូពេទ្យពិនិត្យនិងព្យាបាលបានទាន់ពេលវេលា។
គួរបញ្ជាក់ថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០១៩នេះ មានករណីជំងឺគ្រុនឈាមចំនួនជិត២ពាន់ករណីក្នុងនោះមាន៣ករណីបានស្លាប់មានការកើនឡើងជិតពាក់កណ្តាលបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ ខណៈពេញមួយឆ្នាំ២០១៨ មានករណីជំងឺគ្រុនឈាមចំនួន២៤០០០ករណី ក្នុងនោះស្លាប់២៣នាក់៕
Source: Kampuchea Thmey Daily
0 Comments