Ad Code

សិក្ខាសាលា​ផ្សព្វផ្សាយ​ព័ត៌មាន ប្រចាំឆ្នាំ​២០១៩ នៃ​ការវាយតម្លៃ​ក្នុងពេល​អនាគត ប្រចាំ​ប្រទេស​របស់​មូលនិធិ​សកល​នៅ​កម្ពុជា លើក​ទី​២



ភ្នំពេញ​ ៖ សិក្ខាសាលា​ផ្សព្វផ្សាយ ព័ត៌មាន ប្រចាំឆ្នាំ​២០១៩ នៃ​ការវាយតម្លៃ​ក្នុង​ពេល​អនាគត ប្រចាំ​ប្រទេស​របស់​មូលនិធិ​សកល នៅ​កម្ពុជា លើក​ទី​២​ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃទី​២០ ខែ មីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​រ៉ា​ហ្វ​ល ឡឺ រ៉ូយ៉ាល់​ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​។

​នៅក្នុង​សិក្ខាសាលា​នោះ ក៏​មាន​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ក្រសួងសុខាភិបាល តំណាង​ក្រុម​វាយតម្លៃ​បច្ចេកទេស​គំរូ តំណាង​ស្ថានទូត​អាល្លឺម៉ង់ តំណាង​ធនាគារពិភពលោក សមាជិក​គណៈកម្មាធិកា​រ​សម្របសម្រួល​ប្រចាំ​ប្រទេស តំណាង​អង្គការ UNAIDS តំណាង​អង្គការ​សុខភាព​ពិភពលោក និង​តំណាង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍ របេង និង​គ្រុនចាញ់ ប្រមាណ​៧០​នាក់​។

សិក្ខាសាលា​នេះ​ប្រារព្ធ​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ​មួយចំនួន ដូចជា ទី​១៖ បង្ហាញ​ទិដ្ឋភាព​ទូទៅ​នៃ​សកម្មភាព ក្នុង​ការ​វាយតម្លៃ​ក្នុង​ពេល​អនាគត​ប្រចាំ​ប្រទេស របស់​មូលនិធិ​សកល​នៅ​ឆ្នាំ​២០១៨, ទី​២៖ បង្ហាញ​នូវ​ការ​សំយោគ​លទ្ធផល​គំរូ ធុរកិច្ច​របស់​មូលនិធិ​សកល នៅ​បណ្តា​ប្រទេស​ដែល​ធ្វើការ​វាយតម្លៃ ក្នុងពេល​អនាគត​ប្រចាំ​ប្រទេស​ទាំង​៨, ទី​៣៖ បង្ហាញ​អំពី​ដំណើរការ​នៃ​ការវាយតម្លៃ និង​ការប៉ាន់ប្រមាណ​ឥទ្ធិពល នៃ​លទ្ធផល​ការវាយតម្លៃ​ក្នុងពេល​អនាគត ប្រចាំ​ប្រទេស​កម្ពុជា​, ទី​៤៖ ផ្តល់ឱកាស​ឱ្យ​ភាគី​ពាក់ព័ន្ធ​ក្នុងប្រទេស ធ្វើការ​សំណេះសំណាល​លើ​បញ្ហា​អាទិភាព សម្រាប់​ឆ្នាំ​២០១៩, ទី ៥៖ ផ្តល់​សុពលភាព និង​កែសម្រួល​បញ្ហា​អាទិភាព ដែល​បាន​ស្នើឡើង​សម្រាប់​ឆ្នាំ ២០១៩ និង​៦ ជួយ​អ្នកពាក់ព័ន្ធ​ឲ្យ​ទទួលយក​ចំណែក​។



លោក​ទេសរដ្ឋមន្ត្រី អៀង មូលី បាន​មានប្រសាសន៍ថា កាលពី​២​ឆ្នាំមុន ក្រុមប្រឹក្សាភិបាល​របស់​មូលនិធិ​សកល តាមរយៈ​ក្រុម​វាយតម្លៃ​បច្ចេកទេស​គំរូ (Technical Evaluation Reference Group) បានស្នើ​ឲ្យ​មានការ​វាយតម្លៃ ក្នុង​ពេល​អនាគត​ប្រចាំ​ប្រទេស ដើម្បី​ផ្តល់នូវ​អនុសាសន៍ គ្រប់​ជ្រុងជ្រោយ​មួយ​នៃ​ការអនុវត្ត និង​ផលប៉ះពាល់​នៃ​យុទ្ធសាស្ត្រ របស់​មូលនិធិ​សកល នៅ​ឆ្នាំ​២០១៧-២០២០ «​ការវិនិយោគ ដើម្បី​បញ្ចប់​ការឆ្លង​រាលដាល​»​។ សកម្មភាព​នេះ​កំពុង​បន្ត​នៅក្នុង​ប្រទេស​៨ ហើយ​យើង​មានភ័ព្វ​វាសនា និង​កិត្តិយស​ដែល​កម្ពុជា​ត្រូវបាន​ជ្រើសរើស ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ទាំងនោះ​។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា ការវាយតម្លៃ​ក្នុងពេល​អនាគត ប្រចាំ​ប្រទេស​បាន​ប្រតិបត្តិការ ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល​២​ឆ្នាំ​ហើយ មកដល់ពេលនេះ នៅក្នុង​បរិយាកាស​មួយ ដែល​ត្រូវបាន​ផ្លាស់ប្តូរ និង​វិ​វ​ឌ្ឍ​។ ក្នុងឋានៈ​ជា​អ្នកទទួល​ជំនួយ​ផ្ទាល់​ថ្មី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដើរតួនាទី​ថ្មី និង​ការទទួលខុសត្រូវ​ថ្មី រួមជាមួយ​ក្រសួងសុខាភិបាល​។

លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែម​ថា ​«​ជា​រឿង​សំខាន់​ណាស់​ដែល​ការកាត់បន្ថយ​ថវិកា​ជំនួយ ពី​ម្ចាស់​ជំនួយ​ខាងក្រៅ​ដល់​កម្ពុជា បាន​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា កាន់តែ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ក្នុង​ការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ របេង និង​គ្រុនចាញ់​នៅ​កម្រិត​ជាតិ​។ ការប្រែប្រួល​ទាំងនេះ នៅក្នុង​ទិដ្ឋភាព​សុខាភិបាល ធ្វើ​ឲ្យ​ការវាយតម្លៃ ក្នុងពេល​អនាគត​ប្រចាំ​ប្រទេស មាន​ការ​ជាប់​ពាក់ព័ន្ធ​កាន់តែខ្លាំង​»​។

យ៉ាងណាក៏ដោយ​លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ប្រទេស​កម្ពុជា និង​មូលនិធិ​សកល បានសម្រេច​គោលដៅ​ដ៏​ធំធេង​រួមគ្នា ក្នុង​ទសវត្សរ៍​កន្លងមក ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ របេង និង​គ្រុនចាញ់ និង​កំពុង​បន្ត​នៅក្នុង​ទិសដៅ​មួយ​ដ៏​ត្រឹមត្រូវ​។ តាមរយៈ​ភាពជា​ដៃគូ​ការរាប់​រកគ្នា និង​សហប្រតិបត្តិការ ប្រទេស​កម្ពុជា​កំពុង​ខិត​ទៅជិត​ដល់​គោលដៅ ក្នុងការ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ របេង និង​គ្រុន​ចាញ់ហើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu