បន្ទាយមានជ័យ ៖ អ្នកដែលអះអាងថា ជាម្ចាស់ដី ស្នើសុំឲ្យបង្កើតគណៈកម្មការចុះវាស់វែង និងចុះបញ្ជីដីធ្លីទំហំធំៗ៣ទីតាំង ក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ឃុំសឹង្ហស្រុកអូរជ្រៅ និងឃុំស្លក្រាមស្រុកស្វាចេក ខេត្តបន្ទាយមានជ័យ ចំពេលមានចលនាប្រជាជនទៅដណ្ដើមបែបអនាធិបតេយ្យ និងតាមតែទំនើងចិត្តទៀតផង។
នេះបើយោងក្នុងកិច្ចប្រជុំបន្ទាន់មួយ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ នាសាលប្រជុំសាលាខេត្ត និងមានការចូលរួមពីមន្ត្រីជំនាញនៃសាលាខេត្ត មន្ត្រីអាជ្ញាធរដែនដី ស្រុក ឃុំ ភូមិ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ កម្លាំងនគរបាល កងរាជអាវុធហត្ថ និងភាគីដែលអះអាងថា ជាម្ចាស់ដី។
បើតាមផែនទីបង្ហាញទីតាំងដីដែលចេញដោយលិខិតលេខ៤៣៥/១៤នសន សស បជ/សដក ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ របស់មន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដី ខេត្តបន្ទាយមានជ័យឲ្យដឹងថា ដីជារបស់ឈ្មោះអ្នកស្រី សុខ ហ្វាទី ស្ថិតនៅឃុំសឹង្ហ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងនៅឃុំស្ល ក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ប៉ុន្តែអ្នកស្រីបានផ្ទេរសិទ្ធិ ជូនអ្នកស្រី ឆែម សាខន អាយុ៥០ឆ្នាំ មានទីលំនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១២មកម្ល៉េះ គឺមាន៣ទីតាំង នៃ៣ឃុំ របស់២ស្រុកខាងលើ មានទំហំសរុប១.២២៨ហិចតា។ គឺទីតាំងទី១-មានទំហំ ៧៦២ហិកតា ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងឃុំស្លាក្រាម ស្រុកស្វាយចេក។ ទីតាំងទី២-មានទំហំ៣៦៧ហិកតា ស្ថិតនៅឃុំសឹង្ហស្រុកអូរជ្រៅ និងឃុំស្លក្រាម ស្រុកស្វាយចេក។ និងទីតាំងទី៣-មានទំហំ១០០ហិកតា ស្ថិតនៅឃុំសឹង្ហ ស្រុកអូរជ្រៅ និងឃុំស្លក្រាម ស្រុកស្វាយចេក។
អ្នកស្រី ឆែម សាខន បានបញ្ជាក់ថា ដីនោះ ត្រូវបានកាត់ឆ្វៀលស្បែកខ្លា ជូនពលរដ្ឋដែលអាស្រ័យផលរួចហើយ កាលពីការអនុវត្តបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល និងការចុះវាស់វែងដោយក្រុមការងារសុរិយោដី និងនិស្សិតស្ម័គ្រចិត្ត សម្តេចតេជោហ៊ុន សែន។ ហេតុដូច្នោះ អ្នកស្រីស្នើសុំខេត្ត បង្កើតគណៈកម្មការចម្រុះមួយដើម្បីវាស់វែង និងចុះបញ្ជីសុរិយោដីធ្វើប្លង់រឹងក្នុងនោះ ក៏នៅមានការដោះស្រាយគោលនយោបាយជូនពលរដ្ឋមួយចំនួនទៀត ក្រោយយុទ្ធនាការ នៃបទបញ្ជា០១ បប ផងដែរ។
មន្ត្រីពាក់ព័ន្ធបានផ្តល់មតិ យោបល់ និងគន្លឹះជាច្រើនដល់ដំណោះស្រាយលើការករណីស្នើសុំវាស់វែងដីដូចខាងលើ។
ក្នុងនោះ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានផ្តល់អនុសាសន៍ថា ១-បើមានពលរដ្ឋចូលទៅបង្កបង្កើនផលលើដីនោះ សូមទុកឲ្យពួកគាត់ប្រមូលផលសិន។ ២-ចុះពិនិត្យទីតាំងជាក់ស្តែង និងវាយតម្លៃផលប៉ះពាល់។ ទី៣-រៀបចំបង្កើតគណៈកម្មការ ក្រុមការងារចុះវាស់វែង ហើយកំណត់ថា ចុះទៅទីតាំងណាមុន។ ៤-ប្រគល់ឲ្យអាជ្ញាធរស្រុក ឃុំធ្វើអត្តសញ្ញាណកម្មពលរដ្ឋដែលចូលទៅបង្កបង្កើនផល រំលោភកាន់កាប់ដីនោះ។ ៥-ឲ្យម្ចាស់ដីចុះជាមួយមន្ត្រី បង្ហាញទីតាំង ព្រំនិងសាវតារ ឯកសារគតិយុត្តិពាក់ព័ន្ធដីធ្លីនោះ។
ប្រភពពីទីតាំងដីខាងលើបានឲ្យដឹង កាលពីថ្ងៃទី១៩មីនាថា តាំងពីខែមករា ឆ្នាំ២០១៩ មក មានចលនាពលរដ្ឋចំណាកស្រុក បានត្រូវមេខ្យល់ មេខ្លោងញុះញង់ឲ្យទៅចាប់ កាន់កាប់ដីនៅទីតាំងទាំង៣ យ៉ាងគគ្រឹកគគ្រេង វឹកវរដូចដែលចលនានេះបានកើតឡើងពេញបន្ទុកនៅទូទាំងស្រុក/ក្រុង៦ ក្នុងចំណោម៩ នៃខេត្តបន្ទាយមានជ័យ៕
Source: Kampuchea Thmey Daily
0 Comments