ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឱ្យស្ត្រីក្រសួងព័ត៌មាន ខិតខំប្រឹងប្រែងជាបន្តទៀត ដើម្បីលើកកម្ពស់សមត្ថភាពខ្លួនឯង សមត្ថភាពការងារឱ្យទទួលជោគជ័យថែមទៀត។
នៅក្នុងពិធីអបអរសាទរខួបលើកទី១០៨ ទីវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» នាព្រឹកថ្ងៃទី២៨ ខែមីនានេះ នៅភោជនីយដ្ឋានទន្លេបាសាក់២ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ស្ត្រីពេលរៀននៅសាលាភាគច្រើនស្រីៗរៀនពូកែជាងប្រុស ព្រោះស្រីៗគាត់ឧស្សាហ៍ព្យាយាមណាស់ ប៉ុន្តែពេលចូលធ្វើការស្រីៗមិនសូវមានជោគជ័យជាងប្រុសទេ ប្រុសៗមានជោគជ័យជាង ប្រុសកាន់កន្លែងធំជាង សំខាន់ជាង ខុសគ្នារឿងអី ខុសគ្នាត្រង់ស្រីៗមិនមានទំនុកចិត្តខ្លួនឯង ជាពិសេសទៀតខ្វះការគាំទ្រពីគ្នាឯង ដូច្នេះសំខាន់នារីគ្នាឯង ត្រូវចេះជួយគ្នា ដកពិសោធន៍គ្នាទៅវិញទៅមក ពេលមានការអ្វីត្រូវជជែកគ្នា ផ្លាស់ប្តូរបទពិសោធន៍គ្នា បង្កើនទំនុកចិត្តគ្នា ទើបយើងកាន់តែមានតួនាទី កាន់តែមានជោគជ័យ។
ទាក់ទងការលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ លោករដ្ឋមន្ត្រីបានលើកឡើងថា គោលការណ៍ក្រសួង បើមានលទ្ធភាព ក្រសួងអញ្ជើញគេមកបើកសិក្ខាសាលានៅក្នុងប្រទេស អាចមានសិស្សចូលរៀនច្រើន ហើយយើងរើសអ្នកដែលរៀនពូកែឱ្យបន្តទៅរៀននៅខាងក្រៅប្រទេស។ ប៉ុន្តែអ្នកដែលបានទៅរៀនខាងក្រៅហើយ ពេលត្រឡប់មកវិញក្រសួងសំណូមពរឱ្យជួយបើកវគ្គ ដើម្បីជួយដល់គ្នាយើង ពីព្រោះកន្លងមកក្រសួងឃើញថា មានអ្នកដែលបានទៅរៀនខាងក្រៅ ពេលមកវិញយកចំណេះទៅធ្វើការឱ្យគេនៅកន្លែងផ្សេងទៅវិញ។ នេះជាការខាតបង់ច្រើន ដូច្នេះធ្វើយ៉ាងណាមេត្តាខិតខំជួយគ្នាទៅវិញទៅមក ដើម្បីគ្នាយើងមានលទ្ធភាពកាន់តែរឹងមាំ។
លោករដ្ឋមន្ត្រីបានកោតសរសើរដល់ការប្រឹងប្រែងរបស់មន្ត្រីរាជការក្រសួង ដែលកន្លងមកបានបំពេញការងារល្អ ជាពិសេសសូមសរសើរដល់នារីរបស់ក្រសួង ដែលបានខិតខំធ្វើការជាមួយគ្នា ខិតខំបណ្តុះបណ្តាលការងារគ្នា និងចេះជួយគ្នាទៅវិញទៅមក។ ជាពិសេសថ្មីៗនេះទៀតក្រសួងបានចែកប័ណ្ណ ប.ស.ស ដល់គ្រប់គ្នា ដែលជាការជួយបន្ថែមពេលដែលយើងឈឺ ពេលយើងចូលនិវត្តន៍ ពេលចូលពេទ្យមិនអស់លុយមើលជំងឺ រដ្ឋទទួលចេញទាំងអស់ និងបានឱ្យខាងអគ្គនាយកដ្ឋានវិទ្យុជាតិចងក្រងជាសៀវភៅស្តីអំពី ប.ស.ស នេះ ព្រមទាំងបានចែកដល់គ្រប់គ្នា ដើម្បីជួយផ្សព្វផ្សាយឱ្យបានច្រើនអំពី ប.ស.សនេះ។
តាមរបាយការណ៍លោកស្រី សាន់ណារ៉ា ឡងឌី ប្រធានប្រតិបត្តិសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានបានឱ្យដឹងថា សកម្មភាពការងាររបស់សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍លើកទី១០៨ ទីវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ«លើកកម្ពស់សមភាពយេនឌ័រ និងគាំពារសង្គម ដើម្បីអភិវឌ្ឍធនធានមនុស្ស» ដែលបានប្រារព្ធជារៀងរាល់ឆ្នាំ បង្កើតឱកាសឱនារីក្រសួងព័ត៌មានបានសប្បាយរីករាយ ក្នុងការជួបជុំគ្នា សួរសុខទុក្ខគ្នា បង្កើននូវមិត្តភាពជិតស្និទ្ធ សាមគ្គីភាព ក្នុងមនោសញ្ចេតនា នៃគ្រួសារតែមួយ ដូចពាក្យចាស់លោកថា នៅផ្ទះម្តយាទីទៃ នៅព្រៃម្តាយតែមួយ៕
Source: Kampuchea Thmey Daily
0 Comments