Ad Code

លោក​ជំទាវ ឃួន សុ​ដា​រី​ ៖​ រាជរដ្ឋាភិបាល​កម្ពុជា តែង​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត ក្នុង​ការ​លើកស្ទួយ​តួនាទី​ស្ត្រី



ភ្នំពេញ ​៖​ រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់បំផុត ក្នុងការ​លើកស្ទួយ​តួនាទី​ស្ត្រី។ នេះ​ជា​ប្រសាសន៍​លើកឡើង​របស់លោក​ជំទាវ ឃួន សុ​ដា​រី អនុប្រធាន​ទី​២​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​នារី​ក្នុងស្រុក​លើកដែក​ប្រមាណ​ជាង​៣០០​នាក់ ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី ១០៨ ទិវា​អន្តរជាតិ ៨​មីនា ក្រោម​ប្រធានបទ “​ការ​លើកកម្ពស់​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​” កាលពី​ថ្ងៃទី​០៦ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ស្រុក​លើកដែក ខេត្តកណ្តាល។

លោក​ជំទាវ​អនុប្រធាន​បាន​បញ្ជាក់ថា យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការពង្រឹង​សមភាព​យេនឌ័រ និង​ការ​គាំពារ​សង្គម ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បី​លើកស្ទួយ​តួនាទី​ស្ត្រី ដែល​ជា​ឆ្អឹងខ្នង​នៃ​គ្រួសារ សេដ្ឋកិច្ច និង​សង្គមជាតិ។ ការលើកកម្ពស់​សមភាព​យេនឌ័រ គឺ​ដើម្បី​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី​កម្ពុជា ជា​កិច្ចការ​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ ក្នុងពេល​កន្លងមក ក៏ដូចជា​ក្នុងពេល​បច្ចុប្បន្ន និង​សម្រាប់​អនាគត ដើម្បី​ស្រី្ត​មាន​សិទ្ធិ​ស្មើភាព​ជាមួយ​បុរស ក្នុងការ​រួមចំណែក​អភិវឌ្ឍ​គ្រួសារ សេដ្ឋកិច្ច និង​សង្គមជាតិ។ លោកជំទាវ​អនុប្រធាន​ទី ២ នៃ​រដ្ឋសភា ពន្យលថា ការអបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ត្រូវបាន​ពិភពលោក​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​រំលឹក​នូវ​ការតស៊ូ និង​គំរូ​វីរភាព​របស់​នារីៗ​ក្នុងការ​ទាមទារ​សិទ្ធិសេរីភាព និង​គេច​ផុតពី​ទង្វើ​ជិះជាន់​នានា​។ ឆ្នាំនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ពី​ធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​ការលើកកម្ពស់​សមភា​ព​យេនឌ័រ និង​ការ​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​” ពិត​ជាមាន​សារៈសំខាន់ ក្នុងការ​លើកកម្ពស់​ស្ថានភាព​ស្ត្រី​កម្ពុជា ក្នុងការ​រួមចំណែក​ក​សាង​គ្រួសារ កសាង​សេដ្ឋកិច្ច​និង​សង្គម​ប្រកប ដោយ​ជោគជ័យ​ក្នុងនាម​ជា​ពលរដ្ឋ​ដ៏​ល្អ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។ រាជរដ្ឋាភិបាល​បាន​កំពុង​អនុវត្ត​គោលនយោបាយ គាំពារ​សង្គម ដែល​បាន​ចាប់ផ្តើម​អនុវត្ត​មុនគេ​ចំពោះ​ស្ត្រី ដែលជា​កម្មការិនី​មាន​ផ្ទៃពោះ​។ ជាពិសេស​ទៀត​នោះ​គឺ​ក្នុង​ពេល​សម្រាលកូន​ស្ត្រី​បាន​ឈប់សម្រាក​រយៈពេល ៣​ខែ និង​ទទួល​បាន​ប្រាក់ខែ​១២០% បូក​ជាមួយ​នឹង​ការ​ជួយ​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល ចំនួន ៤០ ម៉ឺន​រៀល សម្រាប់​កូន​ម្នាក់ និង​ការ​កើត​កូនភ្លោះ​បាន ២ នាក់ ចំនួន ៨០ ម៉ឺន​រៀល​និង ៣ នាក់​ចំនួន ១ លាន ២០ ម៉ឺន​រៀល បូក​នឹង​ជំនួយ​ឧបត្ថម្ភ​របស់ខ្ញុំ ៥ លាន រៀល​ថែមទៀត។

លោកជំទាវ ក៏បាន​ពាំនាំ​សេចក្តី​នឹករលឹក និង​ប្រសាសន៍​ដ៏​មាន​អត្ថន័យ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើការ​អត្ថាធិប្បាយ​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ខួប​លើក​ទី​១០៨ ដែល​ប្រព្រឹត្តទៅ​នៅ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ កាលពី​ថ្ងៃទី ៥ ខែមីនា ឆ្នាំ​២០១៩ ដែល​សម្តេច​បានបញ្ជាក់​ថា ចាប់ពីពេលនេះ​តទៅ​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឱ្យបាន​មុន​ថ្ងៃ ៨ (​មីនា​) ដើម្បី​ទុក​ថ្ងៃទី ៨ មីនា ជា​ថ្ងៃ​ឈប់សម្រាក និង​កម្សាន្ត ទៅតាម​ការចង់បាន​របស់​ស្ត្រី​គ្រប់រូប។ បន្ទាប់មកទៀត​ក្រុមហ៊ុន​ទាំងឡាយណា ដែល​មិនទាន់បាន​ចុះបញ្ជី ត្រូវតែ​ចុះបញ្ជី ដើម្បី​ធានា​ថា កម្មករ​បានទទួល​ផល​ប្រយោជន៍​ពី​គោលនយោបាយ​គាំពារ​សង្គម ដោយ​ទទួលបាន​នូវ​ការពិនិត្យ​ព្យាបាល​ដោយ​ឥតគិតថ្លៃ ពិសេស​កម្មការិនី ដែល​ធ្វើការ​នៅ​កន្លែង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​គោលនយោបាយ​គាំពារ​សង្គម របស់​រាជរដ្ឋាភិបាល​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ឆ្លងទន្លេ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​ក្រសួង ស្ថាប័ន គួរ​គប្បី​ធ្វើការ​ឲ្យ​បាន​ញឹកញាប់​បន្តិច​ជាមួយ​នឹង​ក្រប​ខណ្ឌ​ជា​ស្ត្រី ដោយ​ប្រើប្រាស់​ក្នុង​មួយឆ្នាំ ​២-៣ ពេល ដើម្បី​ជួប​ស្ត្រី និង​ស្តាប់​មតិ​របស់​ពួកគាត់​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានការ​យកចិត្តទុកដាក់​យោគយល់​អធ្យាស្រ័យ​ចំពោះ​ស្ដ្រី ដែល​ធ្វើការ​តាម​ផ្ទះ ហើយ​ថ្មីៗ​នេះ​ទៀត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្កើត​ក្រុម​មេធាវី តេ​ជោ​សែន កំពុង​ចាប់ផ្ដើម​ដំណើរ​ការ​ជួយ​ដល់​ស្ដ្រី​ក្រីក្រ និង​ស្ដ្រី​ពិរុទ្ធជន ដោយ​ផ្តោត​សំខាន់​លើ​ទណ្ឌិត​ជា​ស្ដ្រី​ឱ្យទទួល​បានការ​លើកលែង​ទោស ដោយបាន​ណែនាំ​ទៅ​ក្រសួង​យុត្តិធម៌ ក្រសួង​កិច្ចការនារី សហការ​ជាមួយ​ផ្នែក​ពន្ធនាគារ ពិនិត្យមើល​អ្នក​ដែល​ជាប់ទោស​ទណ្ឌិត​ជា​ស្ដ្រី អ្នក​ណា​ខ្លះ​គប្បី​ទទួល​បាន​ការលើកលែង​ទោស។ គោលដៅ​ទី ២ សម្រាប់​ស្ដ្រី​ជា​ពិរុទ្ធជន ដែល​មិនទាន់​ទទួល​បាន​ការ​កាត់ទោស​ដោយសារតែ​ខ្វះ​មេធាវី គឺ​ត្រូវតែ​ជំរុញ​ការប្រើប្រាស់​ឲ្យ​អស់​សក្ដានុពល ដែល​មួយ​ភាគ​ក្រសួង​កិច្ចការនារី ក្រសួង​យុត្តិធម៌ តាមរយៈ​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល និង​បំពេញ​បន្ថែម​ដោយ​ក្រុម​មេធាវី​របស់​សម្តេច​តេ​ជោ ដើម្បី​ទៅ​ជួយ​ការពារ​ក្ដី​សម្រាប់​ស្ដ្រី​ក្រីក្រ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu