Ad Code

ស៊ីម៉ាក់ មាន​ផែនការ​បោសសំអាត​ចំការ​មីន ឲ្យ​បាន​១០២​គីឡូម៉ែត្រ​ការ៉េ នៅ​ឆ្នាំ​២០១៩



ភ្នំពេញ ​៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (​ស៊ីម៉ាក់​)​បាន​ឲ្យ​ដឹង​ថា នៅក្នុង​ឆ្នាំ​២០១៩​នេះ ស៊ីម៉ាក់ មាន​ផែនការ​បោសសំអាត​ដី ដែលមាន​បញ្ហា​មីន ឲ្យ​បាន​ចំនួន​១០២​គីឡូម៉ែត្រ​ការ៉េ​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ ស្តី​ពី​ការពង្រឹង​ការងារ​ប្រតិបត្តិការ តាម​បណ្តាល​កងឯកភាព​កំចាត់មីន និង​លើក​ទិសដៅ សម្រាប់​ត្រីមាស​ទី​១ ឆ្នាំ​២០១៩ ដែល​រៀបចំ​ធ្វើឡើង​នៅ​ទីបញ្ជាការ ស៊ីម៉ាក់ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​លោក ហេង រតនា បាន​ឲ្យ​ដឹង​ថា ​ខែមករា ឆ្នាំ​២០១៩​ កន្លង​ទៅ​នេះ អង្គភាព​ស៊ីម៉ាក់ បាន​ធ្វើ​ការ​បោសសម្អាត​ផ្ទៃដី បាន​ចំនួន​៦.៩៥​គីឡូម៉ែត្រ​ការ៉េ ស្មើ​និង​៨៦% នៃ​ផែនការ​ប្រចាំខែ និង​រក​ឃើញ និង​កម្ទេច​ចោល​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ គ្រប់​ប្រភេទ សរុប​ចំនួន​៣,៣៩៦​គ្រាប់​។

អគ្គនាយក​ស៊ីម៉ាក់​រូប​នេះ បាន​បន្ដ​ទៀត​ថា ក្នុង​នោះ​ផងដែរ ក៏បាន​បោះ​ស្លាក​សញ្ញា​ព្រំ​ចំការមីន បាន​ប្រវែង ៧,៨៧០​ម៉ែត្រ ក្នុង​គោលបំណង​ឆ្លើយតប តាម​សំណើ​អន្តរាគមន៍ បាន​ចំនួន​៣៥៧​សំណើ។



​ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ស៊ី​ម៉ាក់​រក​ឃើញ និង​កំទេច​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៤៥,៤៩៣​គ្រាប់ បោះ​ស្លាក​សញ្ញា​ព្រំ​ចំការ​មីន បាន​ប្រវែង​៣៤៦,៧៥៧​ម៉ែត្រ ឆ្លើយតប​តាម​សំណើ (EOD Calls) ៣,៦៨១​សំណើ​និង​បោសសំអាត​ផ្ទៃដី​បាន​ទំហំ ៨៨,៦៦៦,៥៤៦​ម៉ែត្រការ៉េ​។

ជា​មួយ​គ្នា​នេះ​ដែរ ​ស៊ីម៉ាក់​បាន​ធ្វើ​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​បាន​ចំនួន​៦៦១,៩២៤​នាក់ ក្នុងនោះ​បុរស​ចំនួន​២២៦,៦៤២​នាក់​, ស្ត្រី​ចំនួន​២៤០,២៧៦​នាក់​, កុមារ​ចំនួន​១៩៤,៨០៦​នាក់ និង​ខ្នង​ផ្ទះ​ចំនួន​១០៨,៦១២​ផ្ទះ​។​ អប់រំ​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់ បាន​ចំនួន​៥,២២៤​នាក់​, អ្នក​ពង្រីក​ដី​កសិកម្ម ក្នុង​តំបន់​មីន​ចំនួន​៣,១០០​នាក់​, អ្នកក្រីក្រ​ប្រឈម​នឹង​គ្រោះថ្នាក់​មីន​ចំនួន​៤,១៣០​នាក់​, អប់រំ​ជន​អ្នកប្រព្រឹត្តិ​ផ្ទាល់​ចំនួន ២១១​នាក់​។

មិនតែប៉ុណ្ណោះ​បាន​ធ្វើ​ការអប់រំ​និង​បណ្តុះបណ្តាល​វគ្គ​រំលឹក​ដ​ល់​បណ្តាញ​មីន​/​គ្រាប់​ចំនួន​១៥០​នាក់ និង​បាន​បើក​យុទ្ធនា​ការអប់រំ​ប្រជាពលរដ្ឋ​នៅ​តំបន់​ងាយ​រងគ្រោះ បាន​ចំនួន​៦៤,៣៨០​នាក់ ស្ត្រី​ចំនួន​២៥,៥៥៦​នាក់ និង​កុមារ​ចំនួន ១២,៤២៩​នាក់​។

ចំពោះ​ការងារ​អភិវឌ្ឍ​ជួយ​ជនរងគ្រោះ​ដោយសារ​មីន​វិញ​ក្នុង​ឆ្នាំ​២០១៨​កន្លងមក គម្រោង​អភិវឌ្ឍន៍​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន បាន​នឹង​កំពុង​កសាង​ផ្លូវលំ​ជនបទ ចំនួន​៤​ខ្សែ សរុប​ប្រវែង​១៥,១៧០​ម៉ែត្រ និង​ស្ពានបេតុង​១​កន្លែង ប្រវែង​១១​ម៉ែត្រ​។​ជួយ​សាងសង់​អគារ​សាលាបឋមសិក្សា​១​ខ្នង និង​ស្រះ​ទឹក​ចំនួន​៣​កន្លែង សង់​សំណង់​បង្ហៀរទឹក​ចំនួន​៣ លូ​ប្រអប់​ចំនួន​៤ លូ​ទោល​ចំនួន​៥ និង​លូ​ភ្លោះ​ចំនួន​៤​។

ជា​មួយ​គ្នា​នេះ​ដែរ ​ជួយ​បណ្តុះបណ្តាល​ជំនាញ​កសិកម្ម ដល់​ប្រជាពលរដ្ឋ​មាន​ស្តី​ពី​របៀប​ដាំ​ដំណាំ​ស្រូវ ដំណាំ​កាហ្វេ ការ​ចិញ្ចឹម​មាន់ការ​បណ្តុះ​ផ្សិត និង​ការ​ធ្វើ​សួន​បន្លែ តាម​ផ្ទះ​-​ល​-​បាន​ចំនួន​១០​វគ្គ ស្មើនឹង​ចំនួន​៦៣០​គ្រួសារ​។

នៅ​ឆ្នាំ​២០១៨​មាន​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន​៥៨​នាក់​ដែល​ចំនួន​នេះ​មាន​ចំនួន​ប្រហាក់ប្រហែល​ទៅ​នឹង​ឆ្នាំ​២០១៧​កន្លងទៅ​ដែរ​។​ប៉ុន្តែ​គ្រោះថ្នាក់​ដោយសារ​មីន មានការ​កើនឡើង​លើស​ពី​ឆ្នាំ​ចាស់​ចំនួន​៦​ករណី​។

​យោង​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ឆ្នាំ​២០១៨-២០២៥​បាន​ឲ្យ​ដឹងថា ​នៅ​កម្ពុជា​មាន​ផ្ទៃដី​សង្ស័យ​មាន​ផល​ប៉ះពាល់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង ១៩៧០​គីឡូម៉ែត្រ​ការ៉េ ក្នុង​នោះ​ប្រមាណ ៨៧៧​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផល​ប៉ះពាល់​ខ្ពស់​ដោយសារ​មីន ៤៩៩​គីឡូ​ម៉ែត្រ​ការ៉េ ជា​ដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម និង ៣៣៣​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផលប៉ះពាល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

​ផ្ទៃដី​មាន​គ្រាប់មីន​និង​យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​២​ពាន់​គីឡូ​ម៉ែត្រការ៉េ​នេះ​កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ ៤០៦​លាន​ដុល្លារ សម្រាប់​បោះ​សំអាត​រយៈពេល​ពី​ឆ្នាំ ២០១៨ ដល់​ឆ្នាំ​២០២៥​ខាងមុខ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu