Ad Code

គោលដៅ​សិស្ស​ឆ្លងកាត់​ផ្លូវជាតិ​ជាច្រើន​កន្លែង ត្រូវ​បាន​ពង្រឹង​សណ្ដាប់ធ្នាប់​



បាត់ដំបង ៖ គោលដៅ​ដែលមាន​សិស្សសាលា​ឆ្លងកាត់​ផ្លូវជាតិ​ជាច្រើន​កន្លែង​ កណ្តាល​ក្រុង​បាត់​ដំបង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចរាចរណ៍ ដាក់ពង្រាយ​ដើម្បី​ពង្រឹង​សណ្ដាប់ធ្នាប់​ជូន​ពួកគាត់ បន្ទាប់​ពី​នាយការិយាល័យ ចរាចរណ៍​ផ្លូវគោក​ថ្មី​ឡើងកាន់តំណែង។​

​គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ននេះ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ គឺមាន​ការកើនឡើង​យ៉ាងខ្ពស់​នៅ​ទូទាំង​ប្រទេស ពិសេស​គឺ​នៅក្នុង​ខេត្តបាត់ដំបង​តែម្តង ដែល​បញ្ហា​នេះ​គឺជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​មួយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​រិះរក​នូវ​យុទ្ធសាស្ត្រ​ដើម្បី​កាត់បន្ថយ​អត្រា​ទាំងនេះ។​

​ទន្ទឹមគ្នា​នេះដែរ កម្លាំង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្តបាត់ដំបង ក្រោម​ការដឹកនាំ​របស់ លោក វរសេនីយ៍ទោ ឆៃ ច័ន្ទ​តារា ដែល​ទើប​ប្រកាស​ឡើងកាន់​តំណែង​ថ្មី បានដាក់​ផែនការ​ដើម្បី​ចូលរួម​ចំណែក​ការងារ​សង្គម ក្នុង​គោលបំណង​កាត់បន្ថយ​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ។​

​ជាក់ស្តែង​នៅ​ប៉ុន្មាន​ថ្ងៃនេះ លោកនាយ​ការិយាល័យ បាន​ប្រើប្រាស់​កម្លាំងឲ្យ​ធ្វើ​ចរាចរណ៍ ​ដើម្បី​សម្រួល​សណ្ដាប់ធ្នាប់​នៅ​តាម​សាលា​មួយចំនួន ក្នុង​ក្រុង​បាត់ដំបង ដែល​សាលា​ទាំងនេះ​ ស្ថិតនៅ​ជាប់​នឹង​ផ្លូវជាតិ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​យ៉ាង​ងាយ ប្រសិនបើ​ខ្វះ​ការ​ប្រុងប្រយ័ត្ន។​

​លោកនាយ​ការិយាល័យ ឆៃ ច័ន្ទ​តារា បាន​សង្កត់ធ្ងន់ថា លោក​នឹង​បន្ថែម​កម្លាំង​ទៅ​គោលដៅ​ចំនួន ២ទៀត ដែល​សព្វថ្ងៃ​កំពុង​ប្រឈម​តៅ​នឹង​ការកកស្ទះ គឺ​ត្រង់ចំណុច​ខាងលិច​ផ្សារណាត់ ( ម្តុំ​ផ្ទះល្វែង​ដូរ​លុយ ) និង មួយកន្លែង​ទៀត​ គឺ​នៅ​ខាងកើត​ស្តុ​ប​មុនី​វង្ស ត្រង់​ចំណុច​ផ្លូវបែក​ជា​៤ នៅពេលដែល​សិស្ស​ចេញពី​រៀន​ម្តងៗ។​

ជា​ចុងក្រោយ លោកនាយ​ការិយាល័យ បាន​បន្ថែម​ផងដែរ ទៅលើ​ប្រភេទ​រថយន្ត​ធំ ដែល​តែងតែ​លប​លួច​បើកបរ​ចូលទៅក្នុង​ក្រុង ដោយ​គ្មាន​ការអនុញ្ញាត​ពិសេស ​គឺ​បំពាន​នឹង​ច្បាប់​ដែល​បាន​ចែង​តែម្តង៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu