Ad Code

អេ​លី​ត សាន់ ជួប​សាក​កណ្ដាប់ដៃ​ជាមួយ​ថៃ ​Far Mai



​អ្នក​ប្រដាល់​កម្ពុជា អេ​លី​ត សាន់ ដែល​ពីមុន​គេ​មាន​ឈ្មោះថា «​លិញ ភារ​ម្យ​» ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ នឹង​ជួប​ប្រកួត​សា​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី នា​យប់​ថ្ងៃ​សៅរ៍ ​ទី ០៩ ខែ​មីនា ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​TV5 ព្រែកកំពឹស។​

អ្នក​ប្រដាល់​ថៃ​ដែល​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អេ​លី​ត សាន់ នោះ មាន​ឈ្មោះថា ហ្វា ម៉ៃ​( Far Mai) ដែលជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី តែ​គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ផ្លែ​ល្អ និង​រឹងមាំ និង​ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម​នៅ​ស្រុកថៃ ។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង។​

ហ្វា​ម៉ៃ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ភ្នំពេញ​ទេ​កន្លងមក។ បើ​មើ​លពី​ប្រវត្តិ​ប្រកួត​របស់គេ អ្នក​ប្រដាល់​ថៃ​រូបនេះ មិនជា​ខ្លាំង​ប៉ុន្មាន​នោះឡើយ ព្រោះ​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥១​លើក ឈ្នះ​៤០​លើក ចាញ់​១០​លើក និង ស្មើ ០១​លើក។ ​តាម ​លោក​ សេង ក​ដិ​កា ​ប្រធាន​គ្រប់គ្រង​កម្មវិធី​ប្រដាល់​នៅ TV5 ថា ហ្វា​ម៉ៃ និង​អេ​លី​ត សាន់ នេះ ពួកគេ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​គ្នា​ទេ ហើយ​មាឌ ក៏​ប្រហែល​គ្នា​ដែរ។​

អេ​លី​ត សាន់ អ្នក​ប្រដាល់​កម្ពុជា​យើង​វិញ គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ គេ​មាន​កំណត់ត្រា​ប្រកួត​៤៩​លើក ឈ្នះ​៣០​លើក ចាញ់​១៧​លើក និង​ស្មើ​០២​លើក។ ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​រវាង​អេ​លី​ត សាន់ និង ហ្វា ម៉ៃ នេះ ពុំ​អាច​សន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយ​ពីរ​នាក់​នេះ ក៏​មិន​អាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ?។​

អ្នក​ប្រដាល់​រូបនេះ ធ្លាប់​ប្រកួត​ជាមួយ​ថៃ​ច្រើនលើក​ហើយ ដោយ​វាយ​ឈ្នះ​ច្រើនជាង​ចាញ់។ ស្ថាន​ភាព​ប្រកួត​របស់​អេ​លី​ត សាន់ នាពេល​ចុង​ក្រោយនេះ ឃើញថា​ មាន​ការវិវត្តន៍​ឡើងវិញ​គួរ​ឲ្យ​កត់​សម្គាល់។ ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ​លឿន រហ័ស និង​ខ្លាំង​នោះ សាន់​ វាយ​សម្រុក​មិន​បណ្តាក់​ដៃ​នោះទេ ប៉ុន្តែ​គេ​ឆាប់​អស់​ស៊ុ​ហ្វ នៅ​ចុង​ទឹក។​

ទោះជា​យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ អេ​លី​ត សាន់ គេ​មាន​ទំនុកចិត្ត​អាច​ផ្ដួល​អ្នក​ប្រដាល់​ថៃ​ហ្វា ម៉ៃ នេះ​បាន​មិន​ខាន ព្រោះថា សាន់​ ឥឡូវនេះ ខ្លាំង​ជាង​មុន​ដោយមាន​កម្លាំង​សម្រុក​រឹងមាំ ដែល​នេះ​ជា​កត្តា​កំណត់​ជ័យជម្នះ​របស់ ​អេ​លី​ត សាន់។ ចាំមើល តើ ​អេ​លី​ត សាន់ អាច​យកឈ្នះ ហ្វា ម៉ៃ​បាន​ឬ​អត់?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu