Ad Code

មន្ត្រី​បរិស្ថាន ​រៀប​យន្តការ​អភិរក្ស​សត្វ​ក្អែកទឹក​ជាច្រើន​លាន​ក្បាល



ស្ទឹងត្រែង ​៖ ​​ក្នុង​សកម្មភាព​ចុះ​ពិនិត្យ​តំបន់​សត្វ​ក្អែកទឹក​រស់នៅ​ថ្ងៃទី​០៧ ​ខែ​មីនា ​ឆ្នាំ​២០១៩​នេះ ​លោក​ឈួន ឆន ប្រធាន​ការិយាល័យ​អភិរក្ស​ធនធានធម្មជាតិ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់ថា​ ៖​ នៅ​ដើម​ឆ្នាំ​២០១៩​នេះ​ នៅ​ទឹកដី​កន្ទុយ​កោះ​ឈើទាល​តូច ​ក្នុង​ឃុំ​ព្រះ​រំកិល​ចន្លោះ​គ្នា​ទៅ​នឹង​ទឹកដី​ឃុំ​អូរ​ស្វាយ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង ​មាន​ពពួកសត្វ​ក្អែកទឹក​មក​រស់នៅ​ជាច្រើន​លាន​ក្បាល នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការវិវត្តន៍​នៃ​ការ កកើត​ពពួក​សត្វ​ស្លាប​ប្រភេទ​នេះ​នៅ​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​នៅ​ឆ្នាំនេះ។

លោក​បញ្ជាក់​ថា​ ៖​ នេះ​ជា​មោទនភាព​មួយ​តម្រូវឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ និង​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅ​តំបន់​នេះ​រួមគ្នា​ថែរក្សា​កុំឱ្យ​វា​ធ្វើ​បន្លាស់​ទី​ទៅ​តំបន់​ផ្សេងទៀត​ខ្លាច​មាន​អ្នក​ប្រមាញ់​យក​ទៅ​ធ្វើជា​អាហារ។

លោក​ថា​ ៖​ កិច្ចការ​អភិរក្ស​សត្វ​ស្លាប​ប្រភេទ​នេះ ​មន្ត្រី​បរិស្ថាន​រួមជាមួយ​មន្ត្រី​ជំនាញ​ជលផល​ និង​អាជ្ញាធរ​មូលដ្ឋាន ​កំណត់​តំបន់​ហាមឃាត់​ចូល​ទៅ​ធ្វើ​នេសាទ ការ​កាប់​ព្រៃ​លិច​ទឹក​នៅ​តំបន់​នេះ ដែលជា​ករណី​មួយ​ធ្វើឱ្យ​បាត់បង់​ទី​ជម្រក។

លោក​សេក​ម៉ៅ​មេឃុំ​អូរ​ស្វាយ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ខេត្តស្ទឹងត្រែង​ បាន​សាទរ​ចំពោះ​យន្តការ​នេះ​ព្រោះ​អាជ្ញាធរ​ឃុំ​ក៏​មានគំនិត​ថែរក្សា​វា​ដែរ ​តែ​បានត្រឹមតែ​ប្រកាស​ណែនាំ​ដល់​ប្រជាពលរដ្ឋ​មិនឱ្យ​សម្លាប់​វា​និង​ទៅ​នេសាទ​នៅ​តំបន់​នោះ​ តែ​មិន​ទាន់​មាន​ប្រសិទ្ធភាព​ទេ។

លោក​ថា ​៖ ​ប្រសិន​បាន​ផ្នែក​បរិស្ថាន​រៀបចំ​កំណត់​ព្រំប្រទល់​ហាម​ឃាត់ទុក​អភិរក្ស​នោះ​ អាជ្ញាធរ​ នឹង​បង្កើន​ការចូលរួម​ឱ្យមាន​ប្រសិទ្ធភាព។

លោក​យេន​មី​ប្រធាន​សហគមន៍​បុរី​អូរ​ស្វាយបាន​សំដែង​ការ​សាទរ​ជា​គំនិត​ដ៏​ល្អ​នេះ ហើយ​សហគមន៍​នឹង​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​យើង​ជួយ​បង្កើន​ការ​ថែរក្សា​ ព្រោះ​វា​មាន​ប្រយោជន៍​សម្រាប់​ប្រើឲ្យ​វិស័យ​ទេសចរណ៍។

លោក​ថា ​៖ ​ពិសេស​ជាង​នេះ​ទៀត​វត្តមាន​សត្វ​ក្អែកទឹក​នេះ ​វា​បាន​បញ្ជាក់​ពី​តំបន់​ ដែល​សំបូរ​ត្រី​ហើយ​ការ​អភិរក្ស​សត្វ​ស្លាប​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល ក៏​​​បាន​ចេញ​អនុក្រឹត្យ​ឱ្យ​រួមគ្នា​ថែរក្សា​ទុកជា​សម្បត្តិ​ជាតិ​របស់​យើង​ទាំងអស់គ្នា​ផងដែរ។
សូមបញ្ជាក់ថា ​៖ ​សត្វ​ក្អែកទឹក​នេះ​ ជាច្រើន​ឆ្នាំកន្លងមក​ វា​រស់នៅ​តំបន់​ភូមិសាស្ត្រ​ទឹកដី​ស្រុក​សំបូរ​ខេត្តក្រចេះ​ លុះ​មកដល់​ឆ្នាំ​២០១៧ និង​២០១៨​ វា​បាន​​បន្លាស់​ទី​ខ្លះៗ​ហើយ​នៅ​ឆ្នាំ​២០១៩​នេះ​វា​ទៅ​នៅ​ទឹកដី​ខេត្តស្ទឹងត្រែង​តែម្តង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu