Ad Code

ក្រសួងកសិកម្ម​បើក​សន្និបាត ពិនិត្យ​ស្ថានភាព និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​វិនិយោគ​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​កៅស៊ូ នៅ​កម្ពុជា



​ភ្នំពេញ ​៖ ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៩​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ មានការ​រៀបចំ​អង្គសន្និបាត​ដើម្បី​ពិនិត្យ​ស្ថានភាព និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​វិនិយោគ​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​កៅស៊ូ របស់​ក្រុមហ៊ុន​សមាជិក​សម្ព័ន្ធ​កៅស៊ូ​វៀតណាម VRG និង​បណ្តា​ក្រុមហ៊ុន​វិនិយោគ​ផ្សេងៗ​ទៀត​របស់​វៀតណាម​នៅ​កម្ពុជា។



ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​និង​ជនបទ អមដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​លោក វ៉ូ ក្វាង​មីន ឯកអគ្គរដ្ឋទូត​នៃ​សាធារណ​:​រដ្ឋ​សង្គមនិយម​វៀតណាម​។ ហើយក៏​មានការ​ចូលរួម​ពី សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​អន្តរក្រសួង លោក​អភិបាល​នៃ​គណ​អភិបាលខេត្ត​ពាក់ព័ន្ធ លោក​អគ្គនាយក​សម្ព័ន្ធ​កៅស៊ូ​វៀតណាម លោក​ឧកញ៉ា លោកជំទាវ អគ្គនាយក ឬ​តំណាង​ក្រុមហ៊ុន​ឯកជន ស្ថាប័ន​ពាក់​ព័​ន្ធ និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រាជធានី​-​ខេត្ត និង​ដៃគូ​អភិវឌ្ឍ​ប្រមាណ​ជាង ៥០០​នាក់​។



ក្រសួង បាន​បញ្ជាក់ថា គោលបំណង​សំខាន់ៗ​របស់​អង្គសន្និបាត​នេះ​គឺ​៖​ទី​១- ធ្វើការ​វាយតម្លៃ​លើ​វឌ្ឍនភាព​នៃ​ដំណាំ​កៅស៊ូ​ដែល​បាន​ដាំ​ដុះ​លើដី​សម្បទាន​សេដ្ឋកិច្ច​ដោយ​ក្រុមហ៊ុន​ដែលជា​សមាជិក​សម្ព័ន្ធ​កៅស៊ូ​វៀតណាម​។ ទី​២- ពិនិត្យ​តាមដាន​លើ​ផែនការ​អនុវត្ត​របស់​ក្រុមហ៊ុន​នីមួយៗ ផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធន៍​ល្អៗ​ចំណុចខ្លាំង ចំណុចខ្សោយ និង​យន្តការ​ដោះស្រាយ​ទំនាស់ បញ្ហា​ប្រឈម និង​ឧបសគ្គ​នានា​ដែល​បាននិងកំពុង​ជួបប្រទះ ដើម្បី​អភិវឌ្ឍ​អនុវិស័យ​កៅស៊ូ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។ ទី​៣- កំណត់​ទិសដៅ និង​វិធានការ​អនុវត្ត​បន្ត​ដើម្បី​ទទួលបាន​លទ្ធផល​ល្អប្រសើរ មាន​ប្រសិទ្ធភាព ប្រសិទ្ធ​ផល​សម​ស្របតាម​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​គោលនយោបាយ និង​ផែនការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu