ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី រសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានការរៀបចំអង្គសន្និបាតដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគដាំដំណាំកសិ-ឧស្សាហកម្មកៅស៊ូ របស់ក្រុមហ៊ុនសមាជិកសម្ព័ន្ធកៅស៊ូវៀតណាម VRG និងបណ្តាក្រុមហ៊ុនវិនិយោគផ្សេងៗទៀតរបស់វៀតណាមនៅកម្ពុជា។
ក្រសួងកសិកម្ម បានឲ្យដឹងថា ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ អមដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វ៉ូ ក្វាងមីន ឯកអគ្គរដ្ឋទូតនៃសាធារណ:រដ្ឋសង្គមនិយមវៀតណាម។ ហើយក៏មានការចូលរួមពី សំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំអន្តរក្រសួង លោកអភិបាលនៃគណអភិបាលខេត្តពាក់ព័ន្ធ លោកអគ្គនាយកសម្ព័ន្ធកៅស៊ូវៀតណាម លោកឧកញ៉ា លោកជំទាវ អគ្គនាយក ឬតំណាងក្រុមហ៊ុនឯកជន ស្ថាប័នពាក់ព័ន្ធ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងដៃគូអភិវឌ្ឍប្រមាណជាង ៥០០នាក់។
ក្រសួង បានបញ្ជាក់ថា គោលបំណងសំខាន់ៗរបស់អង្គសន្និបាតនេះគឺ៖ទី១- ធ្វើការវាយតម្លៃលើវឌ្ឍនភាពនៃដំណាំកៅស៊ូដែលបានដាំដុះលើដីសម្បទានសេដ្ឋកិច្ចដោយក្រុមហ៊ុនដែលជាសមាជិកសម្ព័ន្ធកៅស៊ូវៀតណាម។ ទី២- ពិនិត្យតាមដានលើផែនការអនុវត្តរបស់ក្រុមហ៊ុននីមួយៗ ផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ល្អៗចំណុចខ្លាំង ចំណុចខ្សោយ និងយន្តការដោះស្រាយទំនាស់ បញ្ហាប្រឈម និងឧបសគ្គនានាដែលបាននិងកំពុងជួបប្រទះ ដើម្បីអភិវឌ្ឍអនុវិស័យកៅស៊ូឲ្យកាន់តែមានភាពរីកចម្រើន។ ទី៣- កំណត់ទិសដៅ និងវិធានការអនុវត្តបន្តដើម្បីទទួលបានលទ្ធផលល្អប្រសើរ មានប្រសិទ្ធភាព ប្រសិទ្ធផលសមស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់ទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
Source: Kampuchea Thmey Daily
0 Comments