Ad Code

ខ្សែការពារ​ជើងចាស់ ឡាយ រស្មី បន្ថែម​អាជីព​ជា​គ្រូបង្វឹក​ផ្នែក​កាយសម្បទា​នៅ​ក្លិប​ហាត់ប្រាណ​ពីលើ​អាជីព​បាល់ទាត់



ខ្សែការពារ​ជើងចាស់ ឡាយ រស្មី សមាជិក​ក្នុង​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប ក្នុង​លី​គ​កំពូល​កម្ពុជា បាន​ចូល​បំពេញ​តួនាទី​ជា​គ្រូបង្វឹក​ផ្នែក​កាយសម្បទា (Fitness Coach) នៅ​ក្លិប​ហាត់ប្រាណ និង​ប្រដាល់ Cambodia Top Team ក្នុង​រាជធានី​ភ្នំពេញ អស់​រយៈពេល​ជិត​២​ខែ​មកហើយ ដែល​អាជីព​ថ្មី​នេះ​គឺ​បន្ថែម​លើ​ការងារ​ក្នុង​វិស័យ​បាល់ទាត់​របស់ខ្លួន​ជាង​១០​ឆ្នាំ​មកនេះ​។



ប្រាប់ CNCC កីឡាករ​វ័យ​៣០​ឆ្នាំ​ប្លាយ​រូបនេះ​បញ្ជាក់ថា «​បើ​គិត​ទៅ​ខ្ញុំ​ចូលធ្វើ​គ្រូ​នៅ​នេះ​បាន​ជិត​២​ខែ​ហើយ ដោយមាន​ការណែនាំ​ពី​មិត្តភក្តិ​របស់ខ្ញុំ​។ មួយអាទិត្យ​ខ្ញុំ​បង្ហាត់​ពីរ​ថ្ងៃ ទៅលើ​ផ្នែក​កាយសម្បទា អំណត់ ល្បឿន និង​កម្លាំង​ជាដើម​។ មិត្តភក្តិ​មួយចំនួន​គាត់​ឆ្ងល់​ដែរ ថា​លេង​បាល់ទាត់​សុខៗ​ចេះ​បង្ហាត់​អ្នក​ប្រដាល់ ប៉ុន្តែ​តាម​ពិតទៅ​មិនមែន​ទេ ព្រោះ​កាយសម្បទា​នេះ​អ្នកលេង​កីឡា​អី​ក៏​ហាត់​បានដែរ ដោយសារ​យើង​ត្រូវការ​ភាព​មាំមួន​នៃ​រាយ​កាយ​ដូចៗ​គ្នា ទោះ​លេង​កីឡា​អី​ក៏ដោយ​»​។



យ៉ាងណាក្ដី អតីត​សមាជិក​ជម្រើសជាតិ​កម្ពុ​ជា និង​ព្រះខ័ន​រាជ​ស្វាយរៀង​រូបនេះ​អះអាង​ថា ពុំ​ដើរ​ចេញពី​អាជីព​ពាក់ព័ន្ធ​នឹង​កីឡាបាល់ទាត់​ឡើយ ព្រោះ​វា​ជា​ចំណូលចិត្ត​របស់ខ្លួន​តាំងពីក្មេង ហើយ​ក៏បាន​រៀនសូត្រ​ពី​ជំនាញ​បង្វឹក​បាល់ទាត់​អស់​ជាច្រើន​វគ្គ​មក​ហើយ​ដែរ​។ កីឡាករ​រូបនេះ​ជា​តួ​សំខាន់​ដែល​ជួយ​ក្រុម​អាស៊ី​អឺរ៉ុប​បាន​ល្អ​តាំងពី​ចាក​ចេញពី​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ពាក់កណ្ដាល​រដូវ​កាល​ឆ្នាំ​២០១៨ កន្លងទៅ​។

សូមបញ្ជាក់​ថា ​កីឡាករ ឡាយ រស្មី បាន​ចាប់ផ្ដើម​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង តាំងពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ មុន​ផ្លាស់​មក​ចូលរួម​ជាមួយ​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ពាក់កណ្ដាល​ឆ្នាំមុន​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ហើយ​ត្រូវបាន​ផ្ទេរ​ជា​ផ្លូវការ​នៅ​រដូវ​កាល​នេះ​។ ទន្ទឹមនឹង​គ្នា​នេះដែរ​រូបគេ​ត្រូវបាន​គ្រូបង្វឹក​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា កោះហៅ​ចូលរួម​ក្រុម​ឈុត U23 និង​ក្រុម​ឈុត​ធំ​ចាប់ពី​ឆ្នាំ​២០០៨ មក​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu