Ad Code

អគ្គលេខាធិការ គ​.​ជ​.​ប ណែនាំ​៤​ចំណុច ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ប្រព្រឹត្តិ​ទៅដោយ​ជោគជ័យ



ភ្នំពេញ​ ៖ នៅក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល ស្តីពី​ការឃោសនាបោះឆ្នោត ការបោះឆ្នោត ការ​រាប់​សន្លឹកឆ្នោត និង​ការ​បូកសរុប​លទ្ធផល នៃ​ការបោះឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​១៩ ខែមេសា ឆ្នាំ​២០១៩ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​អះអាង​ថា បច្ចុប្បន្ននេះ គ​.​ជ​.​ប មានការ​មមាញឹក​យ៉ាង​ខ្លាំង ដើម្បី​រៀបចំ​ការងារ​ចំនួន​ពីរ​នៅ​ចំពោះមុខ គឺ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ និង​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៩ ។​



តាម​លោក ទេព នីថា ដើម្បី​បំពេញការងារ​ទាំងពីរ​ខាងលើនេះ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ លោក​បាន​ណែនាំ​ដល់​សិក្ខាកាម ក្នុង​វគ្គ​បណ្តុះបណ្តាល​ចំនួន​៤​ចំណុច គឺ​ទី​១- ត្រូវ​ពង្រឹងសមត្ថភាព​បណ្តុះបណ្តាល​បន្ត​ប្រកបដោយ​ប្រសិទ្ធភាព ទី​២- ត្រូវ​កំណត់​ឲ្យបាន​ច្បាស់​អំពី​តួនាទី​របស់​លេខាធិការដ្ឋាន​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​លធ​.​ខ​ប​) គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត (​គ​ធ​.​ខ​ប​) និង​លេខាធិការដ្ឋាន​គណៈកម្មកា​រ រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត​(​លគ​ធ​.​ខ​ប​) ទី​៣- ធ្វើការ​តាមដាន​ការងារ​ឲ្យ​បាន​ច្បាស់លាស់ ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​ត្រឹម​កម្រិត​ថ្នាក់​រាជធានី ខេត្ត ឬ​អាច​បញ្ជូន​បន្ត​មក គ​.​ជ​.​ប ដើម្បី​ចាត់វិធានការ​ដោះស្រាយ ទី​៤- ត្រូវមាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់។



សូម​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ មានការ​ចូលរួម​ពី​ប្រធាន គ​ធ​.​ខ​ប ប្រធាន លគ​ធ​.​ខ​ប សមាជិក​ទទួលបន្ទុក​បណ្តុះបណ្តាល តំណាង​គណបក្សនយោបាយ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត សរុប​ចំនួន​១០១ នាក់ ដោយ​សិក្សា​លើ​ប្រធានបទ​សំខាន់ៗ​ដូចជា ទី​១- បទ​ប្បញ្ញត្តិ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ទី​២- ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ទី​៣- ការដោះស្រាយ​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ទី​៤- ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត ការ​វេច​ខ្ចប់ និង​ការ​រក្សាទុក​សម្ភារ ទី​៥- ការត្រួតពិនិត្យ​បញ្ជាក់​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការបោះឆ្នោត និង​ការកំណត់​បែងចែក​អាសនៈ​ដោយ គ​ធ​.​ខ​ប ទី​៦- ការដាក់ ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យបណ្តឹង​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​លទ្ធផល​បណ្តោះអាសន្ន​នៅ គ​ធ​.​ខ​ប ជាដើម៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu