Ad Code

ករណី​ស្នងការ​រង​ខេត្តកណ្តាល និង​អតីត​មេបញ្ជាការ​ប៉េអិម​ខេត្តរតនគិរី នឹង​បញ្ចប់​ការ​ស៊ើប​អង្កេត​នៅ​ចុងខែ​មេសា​នេះ



ភ្នំពេញ ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​អះអាង​ថា ករណី​លោក​ឧត្ដមសេនីយ៍ត្រី ស្រេង សុខា ស្នងការរង​ខេត្តកណ្តាល និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី អតីត​មេបញ្ជាការ​ប៉េអិម​ខេត្តរតនគិរី នឹង​បញ្ចប់​ការ​ស៊ើប​អង្កេត​នៅ​ដំណាច់​ខែមេសា ឆ្នាំ​២០១៩​នេះ ក្រោយពី​បាន​ចាប់​ផ្តើម​ការងារ​របស់​ខ្លួន​កាលពី​ខែកុម្ភៈ​។



លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រកាស​បើក​ការស៊ើបអង្កេត ស្រប​ពេល​ដែល​មហាជន​មួយចំនួន​ចោទ​ប្រកាន់​ថា អតីត​មេ​អាវុធហត្ថ​លោក​នេះ អាចមាន​ការ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ បន្ទាប់ពី​ធ្លាយ​វីដេអូ​មួយ​បង្ហាញថា លោក​បាន​សម្ញែង​លុយ​របស់ខ្លួន ដោយ​ចែក​ប្រាក់​ដល់​កូនៗ​ចំនួន​៥​នាក់ ដោយ​ម្នាក់ៗ ទទួល​បាន​១០​ម៉ឺន​ដុល្លារ កាលពី​យប់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។ ចំណែក​លោក​ឧត្ដមសេនីយ៍ត្រី ស្រេង សុខា ត្រូវ​បាន​មហាជន​តាម​បណ្តាញ​សង្គម​ចែកចាយ​បន្ត​គ្នា​ថា លោក​បាន​អួត​សម្ញែង​ខ្សែក្រវាត់​ពេជ្រ ខុសឆ្គង​ទៅនឹង​លក្ខន្តិកៈ​របស់​កងកម្លាំង​នគរបាលជាតិ និង​បាន​អួត​សម្ញែង​លុយ​មហាសាល ដែល​បង្គាប់​ជូន​ខាង​ស្រី ក្នុង​ពិធី​ភ្ជាប់ពាក្យ​ចំនួន​១០​ម៉ឺន​ដុល្លារ និង​រថយន្ត​ឡិច​ស៊ី​ស​៥៧០​។



សេចក្តី​ប្រកាស​ព័ត៌មាន​ពី​កិច្ចប្រជុំ​នៃ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ ដែល​ការិយាល័យ​របស់​យើង​ទើប​ទទួល​បាន​នៅ​ថ្ងៃទី​២២ មេសា បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​នោះ អង្គ​ប្រជុំបាន​ស្តាប់​របាយការណ៍​របស់​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពី​សកម្មភាព​នានា​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៩ ហើយ​នៅ​ចំណុច “​ង​” បាន​បញ្ជាក់​ថា ករណី​លោក គឹម រស្មី លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​លោកស្រី​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​ចារកម្ម បានលើកឡើង​ពី​លទ្ធផល ដែល​ក្រុម​ស៊ើបអង្កេត​ចំនួន​៣​ក្រុម​បាន​បំពេញ ហើយ​នៅតែ​ក្រុមទី​៤ និង​ក្រុមទី​៥ ប៉ុណ្ណោះ ដែល​អាច​បញ្ចប់​ការស៊ើបអង្កេត​នេះ នៅ​ដំណាច់​ខែមេសា ឆ្នាំ ២០១៩ នេះ​។



ចំណែក​នៅត្រង់ចំណុច “​ច​” បាន​បញ្ជាក់ថា ករណី​លោក​ស្នងការរង ស្រេង សុខា ក្រុមការងារ​ស៊ើបអង្កេត និង​អាចធ្វើ​ការសន្និដ្ឋាន​នៅ​ដំណាច់​ខែមេសា ឆ្នាំ​២០១៩​នេះ​។​ ជាមួយគ្នា​នោះ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ក៏បាន​ប្រកាស​គាំទ្រ​ដល់​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅក្នុង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ការ​បង្ការ និង​ទប់ស្កាត់ និង​បោសសំអាត​អំពើពុករលួយ ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ ហើយ​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ក៏បាន​គាំទ្រ​ពេញទំហឹង​នៅ​ការជំរុញ​ការងារ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ តាម​ចំណុច​ដែល​ត្រូវ​ខិតខំ​ប្រឹងប្រែង​ថែមទៀត នៃ​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​ជាតិ ក្នុង​យុទ្ធសាស្ត្រ​ប្រឆាំង​ការ​សំអាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ​២០១៩-២០២៣ ដែល​បានដាក់​សម្ពោធ​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu