Ad Code

បុរស​ម្នាក់ ជួញដូរ​គ្រឿងញៀន​ ត្រូវ​ឃាត់ខ្លួន​



ភ្នំពេញ​ ៖​ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ ​បង្ក្រាប​ ខណៈ​ពេល​ជនសង្ស័យ​​កំពុង​សម្ងំ​លក់​ថ្នាំ​ជាក់ស្តែង​។​ កម្លាំង​ផ្នែក​គ្រឿងញៀន ​នៃ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹងថា ​លទ្ធផល ​នៃ​ការស្រាវជ្រាវ​ឈានដល់​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ ​គឺ​ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ លោក ​សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដែល​កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​ជាប់​ជាប្រចាំ​ចំពោះ​មុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ជាក់ស្ដែង​នៅ​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២១​និង​៤០​នាទី ក្រោយពី​កំណត់​បាន​មុខសញ្ញា និង​ទីតាំង​ប្រព្រឹត្ត​សកម្មភាព​រួចមក សមត្ថកិច្ច​បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ចំពោះមុខ​សញ្ញា​ជួញដូរ​គ្រឿង​ញៀន​យ៉ាងសកម្ម​ប្រចាំ​តំបន់ ដែល​កំពុង​ធ្វើ​សកម្មភាព​ចរាចរណ៍​គ្រឿងញៀន ស្ថិតនៅ​ចំណុច​លើផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ ចាន់ ថុល ហៅ​រស់​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ព្រែក​សំរោង ឃុំ​សេរីភាព ស្រុក​តាខ្មៅ ខេត្តកណ្តាល​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា ​ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ​ គឺ​កម្លាំង​បាន​រឹបអូស​វត្ថុតាង​រួមមាន​ក្រាម​ពណ៌​ស​ថ្លា​ សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១០​កញ្ចប់​តូច ​(​ដប់​កញ្ចប់​តូច​)​ លុយ​ខ្មែរ​ចំនួន​បី​ម៉ឺន​រៀល​។​

ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​ និង​កសាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​អនុវត្ត​តាម​នីតិវិធី​ និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ជំរុញ​ការស្រាវជ្រាវ​ និង​បន្ត​បើក​ការ​បង្ក្រាប​ជាប់​ជាប្រចាំ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu