ភ្នំពេញ ៖ សម្តេចប្រធានរដ្ឋសភា ចង់ឃើញរដ្ឋាភិបាលកម្ពុជា-មីយ៉ាន់ម៉ា មានការរីកចម្រើនលើទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក។
នៅក្នុងជំនួបសវនាការជាមួយ លោកជំទាវ អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា ខណៈដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា កម្ពុជា-សហភាពមីយ៉ាន់ម៉ា មានទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរលង់មកហើយ។
សម្តេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅកម្ពុជានាពេលនេះ គឺជាការរឹតបន្តឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា ឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចសូមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា ដែលបានអនុវត្តរួមគ្នាយ៉ាងសកម្មកន្លងមក ហើយសម្តេចប្រធានចង់ឃើញរដ្ឋាភិបាលប្រទេសទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ សម្តេចអគ្គមហាពញាចក្រី ក៏បានបញ្ជាក់ថា សភាប្រទេសទាំងពីរ កន្លងមកក៏មានកិច្ចសហប្រតិបត្តិការជាមួយគ្នាជាច្រើនផងដែរ ក្រៅពីការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្ម ក៏តែងតែគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា ដូចជា អាយប៉ា និងASEPជាដើម។
សម្តេចក៏បានជម្រាបលោកជំទាវ អោង សានស៊ូជី ថា នៅឆ្នាំ២០២០ ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១៣ របស់អាសិប(ASEP)។ សភាកម្ពុជាសង្ឃឹមថា សភាមីយ៉ាន់ម៉ា នឹងអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះផងដែរ។ ជាមួយគ្នានេះដែរ សម្តេចក៏បានស្នើសុំលោកជំទាវ អោង សានស៊ូជី បន្តជួយគាំទ្រដល់អ្នកវិនិយោគកម្ពុជា ដែលកំពុងតែធ្វើការវិនិយោគនៅប្រទេសមីយ៉ាន់ម៉ា ដែលរហូតសព្វថ្ងៃនេះ មានក្រុមហ៊ុនកម្ពុជាប្រមាណជា ៣០ក្រុមហ៊ុន និងសំណូមពរលោកជំទាវបន្តលើកទឹកចិត្តប្រជាជន និងអ្នកវិនិយោគមីយ៉ាន់ម៉ា មកធ្វើទស្សនាកម្សាន្ត ក៏ដូចជាមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
លោកជំទាវ អោង សានស៊ូជី បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីស្ថានភាពនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយពីមានការបោះឆ្នោតដោយសេរី យុត្តិធម៌ និងប្រកបដោយប្រជាធិបតេយ្យ បានធ្វើឲ្យប្រទេសជាតិមានការកែទម្រង់ និងបង្រួបបង្រួមជាតិ។ លោកជំទាវ បានលើកឡើងពីសារៈសំខាន់នៃតួនាទីរបស់សភា ដែលជាកន្លែងតាក់តែងច្បាប់ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងជាយន្តការសំខាន់នៅក្នុងការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យ។ លោកជំទាវ ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានគាំទ្រប្រសាសន៍លើកឡើងរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលចង់ឃើញប្រទេសទាំងពីរ មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្នាកាន់តែស៊ីជម្រៅ។ លោកជំទាវ អោង សានស៊ូជី បានជម្រាបសម្តេចថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន លោកជំទាវ និងសម្តេចតេជោ នាយករដ្ឋមន្ត្រី បានជជែកគ្នាជាច្រើនពីការពង្រឹងពង្រីកទំនាក់ទំនងខាងវិស័យវប្បធម៌។ លោកជំទាវ អោង សានស៊ូជី បានលើកឡើងថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនៅគ្រប់កម្រិត រួមទាំងការចូលរួមនៅក្នុងវេទិកាសភានានា ពិសេសវេទិកា (ASEP) ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះនោះ។
ពាក់ព័ន្ធនឹងការស្នើសុំរបស់សម្តេចប្រធាន ទាក់ទងការជំរុញឲ្យមានសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតលើវិស័យទេសចរណ៍ វប្បធម៌ សេដ្ឋកិច្ចពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការឲ្យមានការអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ លោកជំទាវ សន្យាថានឹងខិតខំធ្វើយ៉ាងណាដើម្បីភ្ជាប់ទំនាក់ទំនងរវាងនគរវត្ត ជាមួយទីក្រុងដែលមានប្រាសាទបុរាណរបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្លាស់ប្តូរកិច្ចសហប្រតិ បត្តិការវប្បធម៌ឱ្យគ្នាទៅវិញទៅមក។ ទន្ទឹមនេះដែរលោកជំទាវបានស្នើអញ្ជើញសម្តេចប្រធានទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ាក្នុងពេលវេលាសមស្របណាមួយផងដែរ។
សូមបញ្ជាក់ថា លោកជំទាវ អោង សានស៊ូជី បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដែលនេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកជំទាវនៅក្នុងប្រទេសកម្ពុជា ក្រោយពេលគណបក្សរបស់លោកជំទាវឈ្នះការបោះឆ្នោតកាលពីឆ្នាំ២០១៥ ហើយលោកជំទាវបានចាប់ផ្តើមចូលកាន់ការងារបម្រើរដ្ឋការមីយ៉ាន់ម៉ាជាផ្លូវការកាលពីឆ្នាំ២០១៦៕
Source: Kampuchea Thmey Daily
0 Comments