ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោកស្រី លោក ម៉ម សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងមន្ត្រី នៃរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ មេសានេះបាននិមន្ដព្រះសង្ឃ ៥៣អង្គ សូត្រមន្ត ចម្រើនសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័កព.ស២៥៦៣នៅសាលារាជធានីភ្នំពេញ ដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃនៅឆ្នាំចាស់ និងលើករាសីសម្រាប់ឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ពិធីនេះធ្វើឡើងទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដោយមានការសូត្រមន្ត សមាទានសីលចំរើនព្រះបរឹត ប្រគេនទ័យវត្ថុ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ ជីដូនជីតា ញាតិកាទាំង៧សន្តាន បុព្វបុរសដែលបានចែកឋានទៅកាន់បរលោកខាងមុខនិងដើម្បីសូមបួងសួងដល់ទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ព្រះនាង ព្រះនាម ទុង្សាទេវីដែលនិងយាងចូលមកថែរក្សាគ្រប់គ្រង់ព្រះរាជាណាចក្រកម្ពុជា ជំនួសទេវតាឆ្នាំចាស់ប្រោះព្រំពរជ័យឲ្យសព្វសាធុការដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ទទួលបាននូវភាពជោគជ័យថ្មីៗទៀតតាមការកែទម្រង់ស៊ីជំរៅរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់និងការបម្រើសេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរបន្ថែមទៀត។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ជាពិធីបុណ្យជាតិដ៏ធំមួយ ដែលតែងធ្វើឡើងរៀងរាល់ឆ្នាំ ដោយមានរយៈពេល៣ថ្ងៃនៅក្នុងអំឡុងខែចេត្រ ហើយឆ្នាំនេះសម្រាប់ ពិធីបុណ្យចូលឆ្នាំខ្មែរ នឹងប្រារព្ធនៅថ្ងៃទី ១៤,១៥និង១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ៕
Source: Kampuchea Thmey Daily
0 Comments