ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានធ្វើការកត់សម្គាល់ព្រមានមួយលើកិច្ចប្រជុំកំពូល ដែលទទួលបរាជ័យរបស់លោកជាមួយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ និងបានលើកឡើងថា ទីក្រុងព្យុងយ៉ាង នឹងយកឈ្នះលើឥទ្ធិពលនៃទណ្ឌកម្ម។
ការកត់សម្គាល់នេះគឺជាការអត្ថាធិប្បាយជាផ្លូវការលើកដំបូងរបស់លោកគីមស្តីអំពីជំហររបស់ប្រទេសកូរ៉េខាងជើងចាប់តាំងពីកិច្ចចរចាស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោនបានបែកបាក់នៅក្នុងប្រទេសវៀតណាមកាលពីខែកុម្ភៈ។
លោកត្រាំនឹងត្រូវទទួលប្រធានាធិបតីកូរ៉េខាងត្បូងលោកមូនចេអ៊ីននៅឯសេតវិមាននៅល្ងាចថ្ងៃព្រហស្បតិ៍ដើម្បីស្វះស្វែងរកការពិភាក្សាជាមួយកូរ៉េខាងជើងសាជាថ្មី។
ទីភ្នាក់ងារព័ត៌មាន KCNA បាននិយាយថា លោកគីមបានប្រាប់ក្រុមមន្ត្រីជាន់ខ្ពស់នៃគណបក្សពលករកំពុងកាន់អំណាចកាលពីថ្ងៃពុធឲ្យជំរុញជាមួយការពឹងផ្អែកលើខ្លួនឯងដើម្បីបំផ្លាញទណ្ឌកម្ម។
របាយការណ៍បាននិយាយថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយមនឹងធ្វើឲ្យមានការប៉ះទង្គិចចំពោះកងកម្លាំងសត្រូវដែលគិតថា ការដាក់ទណ្ឌកម្មអាចនាំឲ្យប្រទេសកូរ៉េខាងជើងចុះចាញ់។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាម KCNA បានឲ្យដឹងថា លោកគីមមិនបាននិយាយអំពីអាវុធនុយក្លេអ៊ែរឬរិះគន់សមភាគីអាមេរិករបស់លោកនោះទេ។
លោកត្រាំនិងលោកគីមបានរៀបចំកិច្ចប្រជុំកំពូលជាលើកដំបូងរបស់ពួកគេនៅក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាដែលនៅទីនោះអ្នកទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនច្បាស់លាស់មួយស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។
ប៉ុន្តែការបរាជ័យដើម្បីឈានដល់កិច្ចព្រមព្រៀងនៅឯជំនួបកំពូលលើកទី២របស់ពួកគេក្នុងទីក្រុងហាណូយដែលបញ្ចប់ទៅដោយគ្មានសូម្បីតែកិច្ចព្រមព្រៀងរួមមួយនោះបានលើកឡើងជាសំណួរអំពីអនាគតនៃដំណើរការដ៏ធំទូលាយ។
ភាគីទាំងពីរបានសម្តែងនូវឆន្ទៈក្នុងការពិភាក្សាបន្ថែមទៀតហើយលោកត្រាំបាននិយាយម្តងហើយម្តងទៀតចាប់តាំងពីពេលនោះមកថា លោកបានរក្សាទំនាក់ទំនងល្អជាមួយសមភាគីកូរ៉េខាងជើងដោយអួតអាងថា លោកបានរារាំងការដាក់ទណ្ឌកម្មថ្មីដែលគ្រោងទុកសម្រាប់ទីក្រុងព្យុងយ៉ាង៕ AFP
Source: Kampuchea Thmey Daily
0 Comments