ភ្នំពេញ ៖ ទីបំផុតបុរស ដែលបានទះកំផ្លៀងស្ត្រីម្នាក់ឱ្យដួលដាច់ផ្ងារនោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានហើយ។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានអះអាងថា បន្ទាប់ពីកម្លាំងជំនាញ បានធ្វើការកំណត់អត្តសញ្ញាណរថយន្តរបស់ជនបង្ក ដឹងថា ជារថយន្តរបស់ក្រុមហ៊ុនមួយ កម្លាំងក៏បានស្នើទៅក្រុមហ៊ុនឲ្យចេញមុខទទួលខុសត្រូវ។
ជាក់ស្តែងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ក្រុមហ៊ុន បានសហការជាមួយសមត្ថកិច្ចកងអាវុធហត្ថ ដោយនាំយកជនសង្ស័យទៅប្រគល់ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយជនសង្ស័យរូបនោះមានឈ្មោះ ឡោ ប៊ុនភ័ក្ត្រ អាយុ៤៣ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តឲ្យក្រុមហ៊ុន កំពុងត្រូវបានកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ បុរសម្នាក់ បានទះកំផ្លៀងនារីម្នាក់ឱ្យដួលអុកគូទទៅនឹងថ្នល់ បន្ទាប់ពីមានជម្លោះពាក្យសម្តីនឹងគ្នា។ ហេតុការណ៍ហិង្សានេះ កើតឡើងនៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ច ទាំងប៉ូលិសនិងជាពិសេសកម្លាំងកងរាជអាវុធហត្ថ បានកំណត់មុខសញ្ញាច្បាស់ហើយនោះ ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យដែលប្រើអំពើហិង្សាលើស្ត្រីម្នាក់បណ្តាឲ្យដួលដាច់ផ្ងារនោះតែម្តង៕
Source: Kampuchea Thmey Daily
0 Comments