ភ្នំពេញ ៖ ទីតាំង ផលិត និងចែកចាយថ្នាំញៀនដ៏ធំ បន្ទាប់ពីរ៉ុក ដែលលាក់ខ្លួន ពួនសម្ងំ នៅក្នុង ក្លឹបកម្សាន្តមួយកន្លែងទៀត យីហោ “ម៉ៃ អាមី MAIAMI” ត្រូវបានកម្លាំង នៃស្នងការនគរបាល រាជធានីភ្នំពេញ បានឆ្មក់ចូលទៅបង្ក្រាប ដោយបានឃាត់ខ្លួនមនុស្ស ប្រុស/ស្រី ប្រមាណជា៥០នាក់ រួមនឹងម៉ាស៊ីនផលិត និងគ្រឿងញៀនមួយចំនួនធំ។
លោកឧត្ដមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងបើកប្រតិបត្តិការ ចុះបង្ក្រាប បានថ្លែងឲ្យដឹងថា ការចុះបង្ក្រាបទីតាំង ផលិត និងចែកចាយថ្នាំញៀនដ៏ធំ កាលពីម៉ោង០២ទៀបភ្លឺ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១១ ខែមេសា ឆ្នាំ២០១៩ នៅចំណុច ក្លឹបកម្សាន្តមួយកន្លែងទៀត យីហោ “ម៉ៃ អាមី MAIAMI” ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០ (ទល់មុខ ស្ថានីយ ទូរទស្សន៍អប្សរា) ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ភ្នំពេញ ដោយបានឃាត់ខ្លួនមនុស្ស៥០នាក់ ក្នុងនោះស្រី១២នាក់ និងដកហូតម៉ាស៊ីនផលិតគ្រឿងញៀនមួយចំនួន និងសារធាតុញៀនមួយចំនួន។
លោកស្នងការ បន្តថា ប្រតិបត្តិការនេះ បានធ្វើឡើងដោយមានការអនុញ្ញាតពី លោក លី សុផាន់ណា ព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋានបឹងកេងកង។ បច្ចុប្បន្នមនុស្ស និងសម្ភារៈ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
គួររម្លឹកដែរថា ទីតាំងក្លឹបខាងលើនេះ ត្រូវបានកម្លាំង អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរ ខណ្ឌ ចំការមន ចុះមកធ្វើការហាមឃាត់ចំនួន៣ដងមកហើយ ថែមទាំងបិទលែងឲ្យដំណើរការទៀតផង ប៉ុន្តែសង្ស័យអ្នកកាងនៅពីក្រោយធំជាងអាជ្ញាធរ ទើបបិទមិនបានប៉ុន្មាន ស្រាប់តែឃើញបើក ដំណើរការវិញ ដោយមិនទាន់ដឹងពីមូលហេតុ។ រហូតដល់ លោក ស ថេត បញ្ជាកម្លាំងចុះបង្ក្រាបតែម្ដង។
សូមរំលឹកថា នេះជាប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំងផលិត និងចែកចាយថ្នាំញៀន ដ៏ធំ ជាលើកទីពីរ ក្រោមការដឹកនាំ លោកឧត្ដមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពីឆ្មក់ចូលបង្ក្រាបទីតាំងមជ្ឈមណ្ឌលកម្សាន្ត រ៉ុក។
ជាមួយគ្នានេះ មហាជនសម្ដែងក្តីត្រេកអរយ៉ាងខ្លាំងចំពោះចំណាត់ការចុះបង្ក្រាបនេះ ពួកគាត់សង្ឃឹមថា ទីតាំងក្លឹប ម៉ៃ អាមី មិនត្រូវបានបើកឡើងវិញទៀតទេ ព្រោះទីតាំងនោះ អាជ្ញាធរចុះបិទបីដងមកហើយ នៅតែអាចបើកបានវិញដដែល ប្រហែលអាចមានអ្វីមិនប្រក្រតីហើយ៕
Source: Kampuchea Thmey Daily
0 Comments