Ad Code

ឃើញ​ជន​បរទេស​អង្គុយ​ភ្លេច​ខ្លួន​ រត់​ទៅ​ឆក់​កាបូប ​ត្រូវ​ជាប់អន្ទាក់



ភ្នំពេញ ​៖​ ជន​សង្ស័យ​ម្នាក់​ ត្រូវ​ជាប់អន្ទាក់​របស់​ជន​បរទេស​ ខណៈ​​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជនបរទេស​រូបនោះ​មិនបាន​សម្រេច​ កាលពី​វេលា​ម៉ោង​១៩​ល្ងាច ​ថ្ងៃទី​១០​ ខែ​មេសា ​ឆ្នាំ​២០១៩ ​នៅ​ចំណុច​លើ​សួនច្បារ​មាត់ទន្លេ ផ្លូវ​ព្រះ​ស៊ីសុវត្ថិ កែង​ផ្លូវ​លេខ ១១៨​ ភូមិ​១​ សង្កាត់​ផ្សារកណ្តាល​ទី​១​ខណ្ឌ​ដូនពេញ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ ​ឈ្មោះ ខួ​ន ដែន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ មុខរបរ​ និង​ទីលំនៅ មិន​ពិតប្រាកដ​។ ​ចំណែក​ជនរងគ្រោះ ឈ្មោះ​ MALTE CHRISTIAN HOWELER ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​អាល្លឺម៉ង់ ​មុខរបរ​ទេសចរណ៍ ស្នាក់​នៅផ្ទះ​លេខ​29 ផ្លូវ​178 សង្កាត់ ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី ភ្នំពេញ។ រីឯ​វត្ថុតាង​ចាប់យកបានរួមមាន ​កាបូបស្ពាយ​ពណ៌​ខៀវ​ចំនួន០១ ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​6 ពណ៌​ទឹកប្រាក់​ចំនួន០១ និង​សៀវភៅ ទេសចរណ៍​ចំនួន០១​ក្បាល​(​ជា​របស់​ជនរងគ្រោះ​)។

សមត្ថកិច្ច​បាន​បន្តទៀតថា កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ២០១៩ នា​វេលា​ម៉ោង​១៩​និង​០០​នាទី ជន​រង​គ្រោះ កំពុងតែ​អង្គុយ​មើល​សៀវភៅ នៅ​ចំណុច​កើត​ហេតុ​ខាង​លើ ពេលនោះ​មាន​ជនសង្ស័យ​ដែល​នៅក្បែរ​នោះ ​បាន​ដើរ​មក​ជិត​ជនរងគ្រោះ ហើយ​យកដៃ​ខាងស្តាំ​របស់ខ្លួន​ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​ដែល​ទុក​នៅ​ខាងស្តាំ​ដៃ​បាន​សម្រេច​កាន់​ជាប់​នឹង​ដៃ ហើយ​បម្រុង​រត់គេចខ្លួន ស្រាប់តែ​ជនរងគ្រោះ​បាន​ស្រែក​ឆោឡោ​ឡើង ​រួច​ទាញ​កាបូបស្ពាយ​បាន​វិញ ស្រប​ពេល​នោះ​ដែរ ក៏មាន​កម្លាំង​ល្បាត​របស់​សមត្ថកិច្ចកំពុង​ល្បាត​ក្បែរ​នោះ បាន​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ ​រួមទាំង​ចាប់​យក​វត្ថុតាង​យកមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ដើម្បី​ធ្វើការ​សាកសួរ​។​ ដោយ​ឆ្លងតាម​ការធ្វើ​តេស្ត​ទឹកនោម​នោះ​គឺ​បញ្ជាក់ថា ​ជនសង្ស័យ​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន​។​

​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន និង​ប៉ុស្តិ៍​ កំពុង​បន្ត​ការស្រាវជ្រាវ រក​បក្ខពួក និង​បទល្មើស ដែល​បាន​ប្រព្រឹត្ត​កន្លងមក រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្តន៍​តាម​នីតិ​វិធី​ នៃ​ច្បាប់​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu