ប្រដាល់ ៖ ចាន់ ស៊ីណាត អ្នកប្រដាល់ក្លិបនិរោធមានជ័យ និងអ៊ូច ធារិទ្ធ អ្នកប្រដាល់ក្លិបអាណាចក្រគុនខ្មែរ ត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ក្នុងកម្មវិធីប្រដាល់មិត្តភាពអន្តរជាតិ នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០១៩នេះ។
ចាន់ ស៊ីណាត អ្នកប្រដាល់ក្លិបនិរោធមានជ័យ គេនឹងត្រូវតស៊ូជាមួយអ្នកប្រដាល់ថៃលិងឡុម ប៉.យុទ្ធភូមិ ( Linglom Por.Yuthphumi) ដោយប្រកួតក្នុងទម្ងន់៦០គីឡូក្រាម។ អ្នកប្រដាល់ថៃរូបនេះ ពុំធ្លាប់ដែលមកកម្ពុជានោះទេកន្លងមក។ ជាលើកទី១ហើយ ដែល លិងឡុម ប៉.យុទ្ធភូមិ មកជួបប្រកួតជាមួយអ្នកប្រដាល់ខ្មែរនោះ។
ស៊ីណាត ជាជើងខ្លាំងស្រករក្រោយម្នាក់នៅកម្ពុជា។ គេមានកណ្ដាប់ដៃ និងជង្គង់ល្អ វាយចេញចូលរហ័ស ហើយស្នៀតទាត់ និងជង្គង់ កែង ក៏ល្អថែមទៀត។ តែអ្នកប្រដាល់រូបនេះ វាយរាងឆាប់អស់កម្លាំងស៊ុហ្វ តែស៊ូចំពោះការប្រកួត។ ស៊ីណាត មានប្រវត្តិប្រកួតប្រមាណ១០៥លើក ក្នុងនោះវាយឈ្នះ៩២លើកចាញ់ ១៣លើក និងស្មើ០៧លើក និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បាន៣២លើក។ គេជាអ្នកប្រដាល់ដែលមានចិត្តធំ វាយមិនសំចៃដៃឡើយ។ ប៉ុន្តែយ៉ាងណា ចាន់ ស៊ីណាត មិនអាចមើលស្រាលលិងឡុម ប៉.យុទ្ធភូមិ បានទេ ព្រោះថាអ្នកប្រដាល់ថៃរូបនេះ គេក៏មានផ្លែល្អ និងកលល្បិចខ្ពស់ផងដែរ។
លិងឡុម ប៉.យុទ្ធភូមិ ជាជើងខ្លាំងមួយរូបដែរនៅស្រុកថៃ។ បើតាមដំណឹងថា អ្នកប្រដាល់ថៃរូបនេះ ធ្លាប់ប្រកួតបាន៧៨លើក ឈ្នះ៦៦លើក ចាញ់១១លើក និងស្មើ០១លើក។ ចាំមើល ចាន់ ស៊ីណាត តើគេអាចយកឈ្នះលិងឡុម ប៉.យុទ្ធភូមិ បានឬអត់?។
ចំពោះ អ៊ូច ធារិទ្ធ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ ផេត វិមុតទី ( Petchvimutti MTF Club Muaythai ) ដោយជួបគ្នាក្នុងទម្ងន់៥៧គីឡូក្រាម។ ពួកគេទាំងពីរនាក់នេះ ក៏មិនធ្លាប់ជួបគ្នាដែរកន្លងមក។ ដូច្នេះការជួបគ្នាលើកនេះ មិនដឹងថា នរណាជាអ្នកឈ្នះនោះឡើយ សម្រាប់ជំនួបលើកដំបូងនេះ។
អ៊ូច ធារិទ្ធ ជាអ្នកប្រដាល់ដែលចាត់ទុកថា ជាជើងខ្លាំងស្រករក្រោយម្នាក់។ គេបានឆ្លងកាត់ការប្រកួតជាមួយអ្នកប្រដាល់ថៃ១៤លើក និងឡាវ១លើកប៉ុណ្ណោះ។ ដូច្នេះ លើកនេះជាលើកទី១៥ ដែលគេជួបប្រកួតជាមួយថៃនោះ។ កាលពីជួបប្រកួតជាមួយថៃលើកចុងក្រោយនោះ (០៣មីនា២០១៩) គេបានវាយឈ្នះអ្នកប្រដាល់ថៃហ្វាម៉ៃ (Fa Mai) ដោយពិន្ទុ។
ធារិទ្ធ មានប្រវត្តិប្រកួតប្រមាណជា៦៤លើក ក្នុងនោះវាយឈ្នះ៤៥លើក ចាញ់១៤ លើក និងស្មើ ០៥លើក។ គេជាអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយដោយមានចិត្តធំ កម្លាំងខ្លាំង វាយមិនសំចៃដៃឡើយ ។ ប៉ុន្តែយ៉ាងណាការប្រកួតលើកនេះ មិនដឹងថា ធារិទ្ធ អាចយកឈ្នះ ផេត វីមុតទី បានឬក៏អត់នោះទេ?។
ផេត វីមុតទី តាមការឲ្យដឹងនោះ គេជាជើងខ្លាំង ដែលមានស្នៀតទាត់ និងកណ្ដាប់ដៃល្អ។ ដូច្នេះ អ៊ូច ធារិទ្ធ ប្រកួតលើកនេះ អាចនឹងជួបការលំបាកច្រើន ព្រោះអ្នកប្រដាល់ថៃរូបនេះ មានស្នៀតប្រដាល់ល្អនិងខ្លាំង។ តែបើអាចឈ្នះបាន គឺមានតែការវាយប្ដូរកែងមួយមុខគត់ ដែលប្រថុយដូរជាមួយនឹងជ័យជំនះ។ អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួតចំនួន៦៩លើក ឈ្នះ៥៨លើក ចាញ់១០លើក និង ស្មើ០១លើក។ ចាំមើល រវាងអ៊ូច ធារិទ្ធ និង ផេត វីមុតទី តើនរណាជាអ្នកឈ្នះនៅក្នុងការជួបគ្នានេះ ? ។
ដោយឡែក សម្រាប់ការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ឯម សុធី ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ នីម នន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ដោយជួបគ្នាក្នុងទម្ងន់៥៧គីឡូក្រាម។
រវាង ឯម សុធី និង នីម នន នេះ ពួកគេទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ ចាំមើល តើ ឯម សុធី ឬ នីម នន ដែលជាអ្នកឈ្នះក្នុងការជួបប្រកួតលើកនេះ?។
ចំណែក អ្នកប្រដាល់ជើងថ្មី ព្រំ សំអូន ក្លិបកុលបុត្រគុនខ្មែរ ត្រូវជួបប្រកួតជាមួយ គន គុន អ្នកប្រដាល់ក្លិបនាគរាជមានជ័យ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ហើយអ្នកប្រដាល់វ័យក្មេងនួន សុវណ្ណរាជ ក្លិបរាជសីហ៍ខេត្តរតនគិរី ជួបប្រកួតជាមួយ អ្នកប្រដាល់វ័យក្មេង ធន់ ស៊ីហុង ក្លិបមជ្ឈមណ្ឌលកីឡាខ.ភ.ម ក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments