Ad Code

សមត្ថកិច្ច​ខណ្ឌ​ដូនពេញ ​កំពុង​តាម​ប្រមាញ់​​​បុរស​ ដែល​ទះកំផ្លៀង​ស្ត្រី​ម្នាក់​បណ្ដាល​ឲ្យ​ដួល​ដាច់​ផ្ងារ



ភ្នំពេញ ​៖ លោក​ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៩​នេះ​​ថា ​កម្លាំង​ជំនាញ​ខណ្ឌ​ កំពុង​ស្រាវ​ដើម្បី​ស្វែងរក​ជន​បង្ក ​ដែល​ប្រើ​អំពើ​ហិង្សា​ដោយ​ទះកំផ្លៀង​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ដួល​ដាច់​ផ្ងារ​នៅ​សង្កាត់​ផ្សារ​កណ្តាល ខណ្ឌ​ដូនពេញ។

លោក​អធិការ​ខណ្ឌ​ដូនពេញ​បាន​បញ្ជាក់​ទៀត​ថា «​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ បាន​បើក​ការស្រាវជ្រាវ​តាំងពី​យប់​មក​ម្ល៉េះ ក្រោយពី​ទទួល​បាន​ព័ត៌មាន និង​ឃើញ​វីដេអូ​បុរស ​ដែល​ទះកំផ្លៀង​ស្ត្រី​ម្នាក់​នោះ ដោយ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង ហើយ​បើទោះបី​មិនទាន់បាន​ព័ត៌មាន​ច្រើន ក៏ប៉ុន្តែ​កម្លាំង​នគរបាល​នឹង​បន្ត​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍ ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​ជនបង្ក​នោះ​ឲ្យ​ទាល់តែ​ឃើញតែ​ម្តង។

ជាមួយគ្នា​នោះដែរ​កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​អត្តសញ្ញាណ​រថយន្ត​របស់​បុរស ​ដែល​បាន​ប្រើ​ហិង្សា​ទះកំផ្លៀង​នារី​ម្នាក់​ឱ្យ​ដួល​អុក​គូទ​នៅ​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​ហើយ។ បើតាម​សមត្ថកិច្ច​បាន​អះអាង​ថា រថយន្ត​ដែល​បុរស​ប្រើ​ហិង្សា​នេះ​ជិះ គឺ​បាន​ចុះបញ្ជី​ថា​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន មិនមែន​​​ជា​កម្មសិទ្ធិ​បុគ្គល​នោះ​ឡើយ។ ព្រោះតែ​ហេតុនេះហើយ​ ទើប​នាំឱ្យ​សមត្ថកិច្ច​ពិបាក​កំណត់​មុខសញ្ញា​របស់​ជន​ប្រើ​ហិង្សា តែ​ទោះជា​យ៉ាងណា​តាមរយៈ​តម្រុយ​នេះ គឺ​នឹង​ឈានទៅ​កំណត់​មុខ សញ្ញា​របស់​បុរស​ប្រើ​ហិង្សា​ក្នុងពេល​ឆាប់ៗ​នេះ​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ បុរស​ម្នាក់​បាន​ទះកំផ្លៀង​នារី​ម្នាក់​ឱ្យ​ដួល​អុកគូទ​ទៅនឹង​ថ្នល់ បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសម្តី​នឹង​គ្នា​។ ហេតុការណ៍​ហិង្សា​នេះ កើតឡើង​នៅ​ចំណុច​ផ្លូវ​លេខ​១៣៦ កែង​នឹង​ផ្លូវ​លេខ​១៥ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​។​

យោងតាម​ស្ត្រី​ដែលជា​អ្នក​រង​នូវ​អំពើហិង្សា​បាន​រៀបរាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​បុរស​បង្ក​អំពើហិង្សា ​បាន​បើករថយន្ត​យ៉ាង​លឿន​ចូលទៅ​ទិញ​ថ្នាំពេទ្យ​។ ដោយ​ឃើញ​រថយន្ត​បើក​លឿន​ស្ទើរតែ​បុក​ខ្លួន​ ដែល​កំពុង​ដើរ​នោះ នារី​រងគ្រោះ ក៏បាន​លាន់មាត់​ថា ​ប្រញាប់​ទៅណា​ហេតុអ្វី​ក៏​បើក​លឿន​ម្ល៉េះ​។​

​បើតាម​ការរៀបរាប់រ​បស់​នារី​រងគ្រោះ បានឱ្យដឹងទៀតថា ក្រោយ​ខ្លួន​លើកឡើង​បែប​នោះ បុរស​បង្ក​អំពើហិង្សា​ក៏បាន​ជេរ​ម្តាយ​ខ្លួន ខ្លួន​ក៏បាន​ជេរ​តប​ទៅលើ​ជនបង្ក​ហិង្សា​វិញ​ផងដែរ​។​

បន្ទាប់ពី​នារី​រងគ្រោះ​ជេរ​តប​បុរស ដែល​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​នោះ បាន​ស្ទុះ​មក​ទះ​នារី​រងគ្រោះ​មួយ​កំផ្លៀង​ឱ្យ​ដួល​អុកគូទ​ទៅនឹង​ថ្នល់​តែម្តង​។ ក្រោយពី​ទះកំផ្លៀង​ហើយ បុរស​បង្កហេតុ​ក៏បាន​បើករថយន្ត​ចេញ ពី​កន្លែងកើតហេតុ​បាត់ទៅ​។​

​ជាមួយនឹង​ហេតុ​ការ​ណ៏​នោះដែរ​លោក ថោង ពិសិដ្ឋ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ក៏បាន​បញ្ជាក់​នា​ព្រឹក​ថ្ងៃទី​១១​ខែមេសា​ឆ្នាំ​២០១៩​នេះ​ថា ​ពាក់ព័ន្ធ​នឹង​ហេតុ​ការ​ណ៍​បុរស​ម្នាក់​ទះកំផ្លៀង​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​ដួល​ដាច់​ផ្ងារ​នោះ ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ក៏​កំពុងតែ​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​រូបនោះ​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​ផងដែរ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu