ប្រតិភូ គ្រូបង្វឹក កីឡាករ របស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តចំនួន៥នាក់ នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា ប្រទេសកាតា ដើម្បីចូលរួមមហាសន្និបាតសហព័ន្ធអត្តពលកម្មទ្វីបអាស៊ី និងចូលរួមការប្រកួតជ្រើសរើសជើងឯកអត្តពលកម្មអាស៊ី។
ក្នុងនោះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡានិងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត នឹងអញ្ជើញទៅចូលរួមមហាសន្និបាតអត្តពលកម្មអាស៊ី ហើយគ្រូបង្វឹក កីឡាករ របស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តចំនួន៤នាក់ នឹងការប្រកួតជ្រើសរើសជើងឯកអត្តពលកម្មអាស៊ីលើកទី២៣ ( 23rd Asian Athletics Championships ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ទី២៥ ខែមេសា ឆ្នាំ២០១៩នៅទីក្រុង DOHA ប្រទេស QATAR។
លោក ហ៊ុន បូរី អគ្គលេខាធិការបានប្រាប់ឲ្យដឹងថា ប្រតិភូ គ្រូបង្វឹក កីឡាករ របស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តចំនួន៥នាក់ នឹងធ្វើដំណើរទៅកាន់ទីក្រុងដូហា ប្រទេសកាតា ចូលរួមមហាសន្និបាតសហព័ន្ធអត្តពលកម្មទ្វីបអាស៊ី និងចូលរួមការប្រកួតជ្រើសរើសជើងឯកអត្តពលកម្មអាស៊ី។
មន្ត្រី និង កីឡាករទាំង៥រូបនោះមាន លោក អ៊ុក សិទ្ធិជាតិ ដែលជាប្រធានសហព័ន្ធត្រូវទៅចូលរួមមហាសន្និបាតសហព័ន្ធអត្តពលកម្មទ្វីបអាស៊ី។ ក្រៅពីនោះ គឺលោកអគ្គលេខាធិការហ៊ុន បូរី គ្រូបង្វឹកគឺលោកលាក់ ឡុច ឯកីឡាករចំនួន២រូបនោះ គឺប៉ែន សុគង់ និង កីឡាករវ៉ាន់ ភារ៉ា។
សម្រាប់កីឡាករទាំង២រូបនេះ ប៉ែន សុគង់ លេងចំនួន២វិញ្ញាសាគឺរត់ល្បឿនលើផ្ទៃរាប១០០ម៉ែត្រ និង ២០០ម៉ែត្រ។ កីឡាកររូបនេះ ធ្លាប់ចេញទៅហ្វឹកហាត់នៅប្រទេសចិនមួយរយៈពេលនេះគេនៅកម្ពុជាគេឈរនៅលំដាប់កំពូលនៃវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ និង ២០០ម៉ែត្រ។
ចំពោះកីឡាករ វ៉ាន់ ភារ៉ា គេមានឯកទេសខាងរត់ចម្ងាយឆ្ងាយ។ ការចេញទៅប្រកួតជើងឯកទ្វីបអាស៊ីនេះ កីឡាកររូបនេះក៏លេង២វិញ្ញាសាដែរ គឺរត់ចម្ងាយ៥.០០០ម៉ែត្រ និង១០គីឡូម៉ែត្រ៕
Source: Kampuchea Thmey Daily
0 Comments