Ad Code

ក្រសួង​អប់រំ ​កាត់បន្ថយ​ម៉ោង​សិក្សា​កន្លះ​ម៉ោង​ ដើម្បី​ការពារ​សុខភាព​ដល់​សិស្ស​នៅ​ពេល​អាកាស​ធាតុ​ក្តៅ​ខ្លាំង​



ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បានសម្រេច​កាត់បន្ថយ​ម៉ោង​សិក្សា​ចំនួន​កន្លះ​ម៉ោង ​ដើម្បី​ការពារ​សុខភាព​ដល់​សិស្ស​នៅពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​ ដែល​កម្ដៅ​អាច​មាន​សីតុណ្ហភាព​លើស​ពី​៤០​អង្សា ​រហូតដល់​ចុងខែ​មេសា​នេះ​។​

លោក​បណ្ឌិត សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ បានស្នើ​ទៅគ្រប់​គ្រឹះ​ស្ថានសិក្សា​រដ្ឋ​ និង​ឯកជន ​ចាប់ពី​កម្រិត​មតេយ្យ​សិក្សា ​រហូតដល់​កម្រិត​វិទ្យាល័យ​ទាំងអស់ ​ត្រូវ​បង្រួម​ម៉ោង​សិក្សា​ចំនួន​កន្លះ​ម៉ោង​ គឺ​ពេលព្រឹក​ចូលរៀន​ម៉ោង​៧​ ចេញ​ម៉ោង​១០​កន្លះ ​និង​ពេល​រសៀល​ ត្រូវ​ពន្យារ​ដល់​ម៉ោង​១​កន្លះ ​និង​ចេញ​នៅ​ម៉ោង​៥​ល្ងាច។​

នៅក្នុង​សារលិខិត​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ដែល​បានចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃទី​២៥​ខែមេសា ​ឆ្នាំ​២០១៩​ កន្លងទៅនេះ ​លោក បណ្ឌិត សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន ​បាន​មានប្រសាសន៍ថា​ការ​បង្រួម​ម៉ោង​សិក្សា​ចំនួន​កន្លះ​នៅតាម​គ្រឹះស្ថានសិក្សា​រដ្ឋ​និង​ឯកជន​នេះ​ គឺ​ដើម្បី​បង្ការ​ទប់ស្កាត់​រាល់​ហានិភ័យ​ និង​ជៀសវាង​ពី​ជំងឺ​ផ្សេងៗ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព ការរៀនសូត្រ​ និង​ការ​បំពេញ​ការងារ​រប​ស់សិ​ស្សានុសិស្ស លោកគ្រូ អ្នកគ្រូ​ក៏ដូចជា​កុមារ​តូចៗ​ ព្រោះ រដូវប្រាំង​ឆ្នាំនេះ​អាកាសធាតុ​មាន​កម្ដៅ​ក្ដៅ​ខ្លាំង​ ពិសេស​ក្នុង​ចន្លោះ​ពី​ម៉ោង​១០​ព្រឹក ​រហូតដល់​ម៉ោង​២​រសៀល​។​

យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​បាន​អះអាងថា ​នៅពេល​ផុត​រដូវក្ដៅ​ ក្រសួង​ នឹង​អនុវត្តតាម​គោលការណ៍​ដូច​ធម្មតា​ឡើងវិញ​ គឺ​ចូលរៀន​នៅ​ម៉ោង​៧​ព្រឹក​ចេញ​ម៉ោង​១១​និង​ពេល​រសៀល​ចូល​នៅ​ម៉ោង​១​រសៀល​ និង​ចេញ​នៅ​ម៉ោង​៥​ដដែល​។

កន្លងមក ​ក្រសួង​អប់រំ​ បាន​ណែនាំ​ដល់​សិស្សានុសិស្ស​ ត្រូវយក​ទឹក​ដាំ​ពុះ ទឹក​ចម្រោះ​ និង​ទឹក​សុទ្ធ​ពី​ផ្ទះ​សម្រាប់​បរិភោគ​នៅ​សាលា​ដោយ​ទទួលទាន​ទឹក​ឲ្យ​បាន​ញឹកញាប់ ​និង​ច្រើនជាង​មុន​ និង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្បួន​អនាម័យ​ល្អ ​គឺ​ហូប​ស្អាត ផឹក​ស្អាត​ និង​រស់នៅ​ស្អាត។​

ជាមួយគ្នានេះ ​ត្រូវ​ស្លៀក​សំលៀកបំពាក់​សមរម្យ ស្តើង រលុង ​ស្រាល​ ពណ៌​ភ្លឺ​ស បៃតង​ខ្ចី​ ឬ​លឿង ជៀសវាង​ការធ្វើ​លំ​ហាត់ប្រាណ​នៅក្រោម​កម្ដៅ​ខ្លាំង ត្រូវ​ពាក់មួក​ការពារ​ ឬ​ប្រើ​ឆ័​ត្រ​នៅពេល​ធ្វើ​ដំណើរ ត្រូវ​បើកទ្វារ​បង្អួច ​នៃ​បន្ទប់រៀន​ឲ្យ​បាន​ស្រឡះ​ល្អ ត្រូវ​ជៀសវាង​ការ​ពិសា​កាហ្វេ​ ឬ​គ្រឿង​ស្រវឹង។​
​ទន្ទឹមនឹងនេះ ​ណែនាំ​ឲ្យ​សិស្ស​លេង​នៅក្នុង​ម្លប់​ ឬ​ក្នុង​បន្ទប់រៀន​នៅ​ពេល​ចេញលេង ត្រូវ​បន្ត​ដាំ​ និង​ថែរក្សា​ដើម​ ដែលមាន​ស្រាប់​នៅ​ក្នុង​បរិវេណ​សាលា​ដើម្បី​យក​ម្លប់​ និង​កាត់បន្ថយ​កម្ដៅ​។​

វិធានការ​ទាំងនេះ ​គឺ​ដើម្បី​ការពារ​កុំ​ឲ្យ​សិស្សានុសិស្ស​កើត​ជំងឺ​បេះដូង ជំងឺ​សួត រលាក​ស្បែក​ឡើង​ក្រហម ជំងឺ​កង្វះ​អាហារូបត្ថម្ភ ជំងឺរាក​ និង បញ្ហា​សុខភាព​ផ្លូវចិត្ត​ជាដើម ​នៅពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​ ហើយ​ក្នុងករណី​មានការ​រាតត្បាត​ ឬ​ហានិភ័យ​សុខភាព ​ត្រូវ​រាយការណ៍​ និង​ស្វែងរក​សេវា​សុខភាព​ដែល​នៅ​ជិត​បំផុត​តាមរយៈ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតាម​មូលដ្ឋាន​របស់ខ្លួន​ ឬ​ទំនាក់ទំនង​លេខ​១១៥​ជាបន្ទាន់​។​

យោងតាម​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា ​កម្ពុជា​នៅតែមាន​កម្ដៅ​កើនឡើង​ត្រឹម​៤០-៤១ អង្សា ​ចាប់​ពី​ថ្ងៃទី​២២​ រហូតដល់​ថ្ងៃទី​៣០​មេសា​ ដោយសារតែ​ទទួលរង​ឥទ្ធិពល​បាតុភូត​អ៊ែ​លនី​ណូ​ ដែល​ធ្វើ​ឲ្យ​កម្ពុ​ជា​មាន​ភ្លៀង​ខ្សោយ ​និង​មាន​ខ្យល់​កន្ត្រាក់​កើត​ឡើងជា​ញឹកញាប់​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu